COVID-19
អន្តរជាតិ
អាមេរិក មាន​អ្នកស្លាប់​ដោយសារ COVID-19 ច្រើនជាង​ទាហាន​អាមេរិក​ស្លាប់​ក្នុង​សង្គ្រាម​វៀតណាម​
29, Apr 2020 , 2:24 pm        
រូបភាព
ដោយ:
​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 ​នៅ​អាមេរិក ​គិត​ត្រឹម​ថ្ងៃទី​២៨ ខែមេសា មាន​ចំនួន ៥៩,២៦៦​នាក់​។ តួលេខ​នេះ គឺ​ច្រើនជាង​ចំនួន​ទាហាន​អាមេរិក​ ដែល​ស្លាប់​ក្នុង​សង្គ្រាម​វៀតណាម​ ដែលមាន​៥៨,២២០​នាក់​។ អ្នក​ឆ្លង COVID-19 សរុប​មាន​ដល់​ទៅ ១,០៣៥,៧៦៥​នាក់​។​

 
​ចំនួន​អ្នក​ឆ្លង​ជំងឺ​ COVID-19​ នៅ​អាមេរិក កើនឡើង​មួយ​ជា​ពីរ ​ក្នុង​រយៈពេល​១៨​ថ្ងៃ​។ ចំនួន​អ្នក​ឆ្លង​ទាំង​ជាង​មួយ​លាន​នាក់​នេះ តំណាង​ឲ្យ​១​ភាគ​៣ នៃ​ចំនួន​អ្នក​ឆ្លង​នៅ​ជុំវិញ​ពិភពលោក​។ ប៉ុន្តែ​មន្ត្រី​សុខាភិបាល​សាធារណៈ​របស់​អាមេរិក​ ព្រមាន​ថា ចំនួន​អ្នក​ឆ្លង​ពិតប្រាកដ​ អាចមាន​ច្រើនជាង​នេះ ព្រោះ​ការធ្វើ​តេស្ត​នៅមានកម្រិត​ ដោយសារ​ខ្វះ​អ្នកជំនាញ និង​ឧបករណ៍​។​
 
​រដ្ឋ​ញូវយ៉ក ដែលជា​កន្លែង​ផ្ទុះ​ជំងឺ COVID-19 ខ្លាំងក្លា​មួយ​នៅ​អាមេរិក មាន​ករណី​ឆ្លង ៣០​ភាគរយ ​នៃ​ករណី COVID-19 ទាំងអស់​នៅ​អាមេរិក​។ រដ្ឋ​មួយចំនួនទៀត​ ក៏មាន​ចំនួន​ច្រើន​ដែរ ​ដូចជា​រដ្ឋ​ញូ​វ​ជឺ​ស៊ី រដ្ឋ​ម៉ាសាឈូសេត រដ្ឋ​កាលីហ្វ័រ​នីញ៉ា និង​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នី​ជាដើម​។ 
 
​យោងតាម​គម្រោង​ព្យាករណ៍​របស់​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​ ដែល​តែង​ត្រូវបាន​មន្ត្រី​សេត​វិមាន​ដកស្រង់ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ​អាមេរិក អាច​នឹង​ច្រើនជាង​៧៤,០០០​នាក់ ​នៅ​ខែសីហា​ខាងមុខ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​យ៉ាងណាមិញ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្កា​ជំងឺឆ្លង (CDC) បញ្ជាក់ថា ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​អាមេរិក ​អាច​នឹង​តិចជាង​១​សែន​ករណី ដែល​ចំនួន​នេះ គឺ​តិចជាង​ចំនួន​អ្នកស្លាប់​ ដោយសារ​ជំងឺ​គ្រុនផ្តាសាយ​នៅ​ឆ្នាំ​១៩៦៧ និង​ជំងឺ​គ្រុនផ្តាសាយ​អេ​ស្ប៉ា​ញ​នៅ​ឆ្នាំ​១៩១៨ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​នៅ​អាមេរិក​ ចំនួន​៦៧៥,០០០​នាក់​។ បន្ថែម​ពីនេះ រដ្ឋ​មួយចំនួនធំ អាច​រួចផុត​ការឆ្លង​ទ្រង់ទ្រាយ​ធំ ខណៈ​រដ្ឋ​ចំនួន​៧​ទៀត រំពឹងថា​នឹង មាន​ការឆ្លង​ទ្រង់ទ្រាយ​ធំ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។​
 
​ដើម្បី​កាត់បន្ថយ​ចំនួន​អ្នក​ឆ្លង អាមេរិក​បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់​នៅផ្ទះ ប៉ុន្តែ​វិធានការ​នេះ ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច​យ៉ាងខ្លាំង ដោយ​បណ្តាល​ឲ្យ​មនុស្ស​បាត់បង់​ការងារ​ធ្វើ​។ ក្នុង​រយៈពេល​៥​សប្តាហ៍​ចុងក្រោយ​ មាន​មនុស្ស​២៦,៥​លាន​នាក់​ ស្វែងរក​ថវិកា សម្រាប់​អ្នកគ្មានការងារ​ធ្វើ​ពី​រដ្ឋាភិបាល​៕

© រក្សាសិទ្ធិដោយ thmeythmey.com