COVID-19
កីឡាជាតិ
ជាតិ
កម្ពុជា សម្រេចលើកពេលរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍កីឡាតេក្វាន់ដូ ITF
× ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ ត្រូវបានលើកពេល ទៅធ្វើនៅឆ្នាំវិញ ព្រោះវិបត្តិកូវីដ-១៩។ កូវីដ-១៩ ក៏បានធ្វើឲ្យគម្រោងធំៗមួយចំនួន របស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ត្រូវបានរំសាយផងដែរ។
ថ្នាក់ដឹកនាំសហព័ន្ធ បានសម្រេចផ្អាកការរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ដែលគ្រោងធ្វើឡើងនាអំឡុងខែធ្នូ ឆ្នាំ២០២០នេះ។ នេះបើតាមលោក ប៉ាល់ ជីវ័ន គ្រូបង្វឹកក្រុមយុវជនថ្នាលនៃសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ។
តាមលោក ជីវ័ន ការបារម្ភពីការរីករាល នៃជំងឺកូវីដ-១៩ គឺមូលហេតុនៃការផ្អាកនេះ ហើយលោកក៏មិនទាន់ដឹងកាលបរិច្ឆេទរៀបចំវិញជាក់លាក់នោះដែរ។ «សម្រាប់ការប្រកួតជើង ឯកអាស៊ីអាគ្នេយ៍ ប្រហែលជាថ្នាក់ដឹកនាំសហព័ន្ធ គាត់សម្រេចពន្យារពេល ទៅរៀបចំនៅឆ្នាំក្រោយ ព្រោះទោះបីកម្ពុជាយើងមានភាពធូរស្រាល តែប្រទេសក្នុងតំបន់អាស៊ានមួយចំនួនអាចពិបាក្នុងការចូលរួម ដោយសារគេបិទព្រំដែន។ យើងមិនទាន់បានជួបប្រជុំគ្នានោះទេ តែខ្ញុំបានឃើញកិច្ចសម្ភាសរបស់លោកគ្រូ សុធីយ៉ា គាត់ថាការប្រកួតទាំងអស់នៅឆ្នាំនេះ ត្រូវបានផ្អាក»។ នេះជាការបញ្ជាក់របស់លោក ប៉ាល់ ជីវ័ន។
លោកបានបន្ថែមថា សហព័ន្ធបានផ្ញើលិខិតពាក់ព័ន្ធការផ្អាកនេះ ទៅកាន់ប្រទេសដែលត្រៀមបញ្ជូនកីឡាករខ្លួនឲ្យមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះរួចរាល់ហើយ។ ហើយសហព័ន្ធ នឹងប្រាប់ពីកាលបិរច្ឆេទរៀបចំសាជាថ្មីដល់ប្រទេសទាំងនោះ ពេលស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩មានភាពធូរស្បើយ។
សហព័ន្ធ រួមជាមួយក្រុមកីឡាករ កីឡាការិនីកម្ពុជា បានត្រៀមខ្លួនអស់រយៈពេលជាច្រើនខែមកហើយ ដើម្បីត្រៀមរៀបចំ និងប្រកួតក្នុងព្រឹត្តិការណ៍នេះ។ កត្តានេះ បានធ្វើឲ្យលោក ប៉ាល់ ជីវ័ន បង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការផ្អាកការរៀបចំនេះ។
ក្រៅពីព្រឹត្តិការណ៍កម្រិតអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បានលុបគម្រោងរៀបចំ និងចូលរួមប្រកួតទាំងកម្រិតជាតិ និងអន្តរជាតិជាច្រើន។ បើតាមលោក ប៉ាល់ ជីវ័ន ព្រឹត្តិការណ៍ទាំងនោះរួមមានការប្រកួតកីឡាជាតិលើកទី៣, ជើងឯកថ្នាក់ជាតិ, ពានរង្វាន់សន្តិភាព និងការប្រកួតជើងឯកទ្វីបអាស៊ីនៅចិនជាដើម។
គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ កម្ពុជានៅសល់អ្នកជំងឺកូវីដ-១៩ តែ៣នាក់ប៉ុណ្ណោះ ដែលបន្តសម្រាកព្យាបាល ក្រោយអ្នកជំងឺ១១៩នាក់បានព្យាបាលជាសះស្បើយក្នុងចំណោមអ្នកជំងឺសរុប១២២នាក់។ អ្វីដែលគួរកត់សម្គាល់ក្នុងរយៈពេលជាងពីរសប្តាហ៍នេះ កម្ពុជាពុំមានអ្នកឆ្លងជំងឺនេះថ្មីនោះទេ៕
Tag:
តេក្វាន់ដូ ITF
ប៉ាល់ ជីវ័ន
ជើងឯកអាស៊ីអាគេ្នយ៍
© រក្សាសិទ្ធិដោយ thmeythmey.com