COVID-19
អន្តរជាតិ
ចិន កំណត់​ថ្ងៃ​ប្រជុំ​សភា​ថ្មី ក្រោយ​លើក​ពេល​ដោយសារ COVID-19
29, Apr 2020 , 10:59 pm        
រូបភាព
តំណាងរាស្រ្តចិន ដើរចូលសាល Great Hall of the People នាកិច្ចប្រជុំពេញអង្គលើកទីពីរ នៃសភាប្រជាជនចិន នីតិកាលទី១៣ នាថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៩។ រូបភាព៖ Xinhua
តំណាងរាស្រ្តចិន ដើរចូលសាល Great Hall of the People នាកិច្ចប្រជុំពេញអង្គលើកទីពីរ នៃសភាប្រជាជនចិន នីតិកាលទី១៣ នាថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៩។ រូបភាព៖ Xinhua
​ទីក្រុង​ប៉េកាំង បាន​កំណត់ពេល​កិច្ចប្រជុំសភា​ទាំងពីរ​របស់ខ្លួន ដែល​គ្រោង​ធ្វើ​នៅ​ខែឧសភា​ខាងមុខ​។  ការកំណត់​កាលបរិច្ឆេទ​ថ្មី ធ្វើឡើង​បន្ទាប់ពី​ស្ថានភាព ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅក្នុង​ប្រទេស​មាន​ភាព​ធូរស្រាល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នា​ថ្ងៃទី​២៩ ខែមេសា​។ 


 
​តាមរយៈ​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អចិន្ត្រៃយ៍​ជាតិចិន កិច្ចប្រជុំពេញអង្គ​លើក​ទី​បី នៃ​កិច្ចប្រជុំសភា​ប្រជាជន​ចិន (NPC) នីតិកាល​ទី​១៣ នឹងត្រូវ​ធ្វើឡើង នៅ​ថ្ងៃទី​២២ ខែឧសភា​។ សេចក្តីសម្រេច​នេះ ធ្វើឡើង បន្ទាប់ពី​ស្ថានភាព​នៅក្នុង​ប្រទេស​ចិន បាន​ចុះថមថយ ហើយ​អាជ្ញាធរ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។ 
 
​ចំណែក​កិច្ចប្រជុំសភា​ពិគ្រោះ​យោបល់​វិញ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២១ ខែឧសភា​។ នេះ​បើតាម​ការសម្រេច​របស់​គណៈកម្មការ​ធិ​ការ​របស់​សភា​នេះ ដែល​ផ្សាយ​ដោយ Xinhua ។ 
 
​បើតាម Xinhua ស្ថានភាព​ធូរស្រាល​ក្នុងប្រទេស កើតចេញពី​កិច្ចខិតខំ និង​ភាព​ការដឹកនាំ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​, គណៈ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន និង​ប្រជាជន​ចិន ក្នុងការ​បង្ក្រាប​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​បាន​។​
 
​ជាធម្មតា កិច្ចប្រជុំសភា ដែលមាន​វត្តមាន​សមា​ជិ​ក​សភា​ប្រមាណ​ជិត​៣០០០​នាក់ តែងតែ​ប្រជុំ​នៅ​ខែមីនា ក្នុង​វិមាន​ប្រជាជន នាទី​ក្រុង​ប៉េកាំង ដើម្បី​ជជែក​ពី​គោលនយោបាយ​របស់​ប្រទេស បញ្ហា​ប្រឈម​នាពេល​កន្លង ការធ្វើកំណែទម្រង់​ផ្សេងៗ បញ្ហា​សេដ្ឋកិច្ច​ជាដើម ។ ប៉ុន្តែ​ដោយសារ COVID-19 កិច្ចប្រជុំសភា​ទាំងពីរ ត្រូវបាន​ប្រកាស​លើក​ពេល​វិញ 
​គិត​មក​ត្រឹម​ពេលនេះ ចិន​មាន​ករណី COVID-19 សរុប​ចំនួន ៨២៨៥៨​ករណី និង​អ្នកស្លាប់​ចំនួន ៤៦៣៣​នាក់​។ ចំណែក​ករណី​ជាសះស្បើយ​នៅក្នុង​ប្រទេស​ចិន​វិញ មាន​ចំនួន ៧៧៥៧៨​ករណី​៕

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com