អូស្ត្រាលី​ថា ការស៊ើបអង្កេត​លើ COVID-19 ជា​រឿង​សម​ហេតុផល មិនមែន​វាយប្រហារ​ប្រទេស​ណា​ទេ​
COVID-19
អន្តរជាតិ
អូស្ត្រាលី​ថា ការស៊ើបអង្កេត​លើ COVID-19 ជា​រឿង​សម​ហេតុផល មិនមែន​វាយប្រហារ​ប្រទេស​ណា​ទេ​
29, Apr 2020 , 11:59 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន បាន​និយាយ​ការពារ​ជំហរ​របស់​ប្រទេស​លោក​ដែល​ចង់​ឲ្យ​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​លើ​ជំងឺ COVID-19 ។ ជំហរ​របស់​អូស្ត្រាលី ក៏​ស្របគ្នា​នឹង​ការចង់បាន​របស់​ប្រទេសមួយ​ចំនួន​មាន​អាមេរិក បារាំង និង​អង់គ្លេស​ជាដើម ប៉ុន្តែ​ចិន​កំពុង​ក្ដៅស្លឹកត្រចៀក​ព្រោះ​រឿង និង​ចាត់ទុក​ការស្នើ​ឲ្យ​ស៊ើបអង្កេត​នេះ ជាការ​យក COVID-19 ធ្វើជា​នយោបាយ​។ លោក ម៉ូ​រី​សុន អះអាង​នៅ​ថ្ងៃទី​២៩ ខែមេសា ថា សំណើ​របស់​អូស្ត្រាលី គឺ​សម​ហេតុ​សម​ផល​។​

 
​ទំនាក់ទំនង​រវាង​អូស្ត្រាលី និង​ចិន​ដែល​កំពុង​មិនសូវ​ស្រួល​ស្រាប់​ផង ក៏​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត ក្រោយ​អូស្ត្រាលី​ចេញមុខ​ស្នើ​ឲ្យ​មានការ​ត្រួតពិនិត្យ​អន្តរជាតិ និង​ឯករាជ្យ​លើ​ប្រភព​របស់​ជំងឺ COVID-19 ដែល​កំពុង​រាតត្បាត​ពេញ​ពិភពលោក​។ ខណៈ​ប្រទេស​ជាច្រើន​ចង់បាន​បែប​នោះដែរ ទីក្រុង​ប៉េកាំង មិន​សប្បាយចិត្ត​ឡើយ និង​និយាយ​ម្ដង​ហើយ​ម្ដង​ទៀតថា ដ្បិត COVID-19 មាននៅ​ចិន​ដំបូង​មែន តែ​មិនមែន​មានន័យថា ចិន​ជា​ប្រភព​ឡើយ​។​
 
​ទោះជា​យ៉ាងណា លោក ស្កុ​ត ម៉ូ​រី​សុន នាយករដ្ឋមន្ត្រី​អូស្ត្រាលី បញ្ជាក់ថា អូស្ត្រាលី នៅតែ​ចង់បាន​ការស៊ើបអង្កេត​ច្បាសលាស់​មួយ ទោះ​វា​មានន័យថា ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ចិន នឹង​កាន់តែ​ល្អក់កករ​ខ្លាំង​ក្ដី​។ ប្រាប់​អ្នកសារព័ត៌មាន​នៅ​រដ្ឋ​ធានី​កង់​បេ​រ៉ា លោក ម៉ូ​រី​សុន និយាយថា បំណង​របស់​អូស្ត្រាលី មិនមែន​ដើម្បី​រិះគន់​ចិន​អ្វី​ឡើយ ហើយ​អ្វីដែល​អូស្ត្រាលី​កំពុង​ធ្វើ ក៏​មិនមែនជា​ការដាក់​គោលដៅ​លើ​ប្រទេស​ណាមួយ​ដែរ​។​
 
«​វីរុស​នេះ បានសម្លាប់​មនុស្ស​ច្រើនជាង​ពីរ​សែន​នាក់​នៅ​ជុំវិញ​ពិភពលោក​។ វា​បាន​បំបិទ​សេដ្ឋកិច្ច​សាកល​។ ផលប៉ះពាល់​របស់​វា គឺជា​រឿង​មិនធម្មតា​ឡើយ​។ ឥឡូវនេះ វា​ហាក់ដូចជា​សម​ហេតុផល​ណាស់ និង​ត្រឹមត្រូវ​ដែល​ពិភពលោក​ចង់បាន​ការ​វាយតម្លៃ​ឯករាជ្យ​។​» នេះ​ជាការ​លើកឡើង​របស់លោក ម៉ូ​រី​សុន ដែល​ត្រូវបាន​ផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​កាលពី​សប្ដាហ៍​មុន មេដឹកនាំ​អូស្ត្រាលី​បានស្នើ​ឲ្យ​ប្រទេស​សមាជិក​អង្គការ​សុខភាព​ពិភពលោក​ទាំងអស់​រួមគ្នា​ក្នុងការ​ស៊ើបអង្កេត​ឯករាជ្យ​នេះ​។ លោក ម៉ូ​រី​សុន ថែមទាំង​និយាយថា ការងារ​នេះ ជាកា​ត្វ​កិច្ច​របស់​ប្រទេស​សមាជិក​ទាំងអស់​ទៀត​ផង​។ 
 
​សំណើ​របស់​ទីក្រុង​កង់​បេ​រ៉ា ពិតជា​ធ្វើ​ឲ្យ​ចិន​រង្កៀស​ចិត្ត​។ អគ្គរដ្ឋទូត​ចិន​ប្រចាំ​អូស្ត្រាលី Cheng Jingye បាន​ហៅ​ការស៊ើបអង្កេត​នេះ ជា​រឿង​គ្រោះថ្នាក់​។ សម្រាប់​អូស្ត្រាលី​វិញ លោក Cheng ព្រមាន​ថា ពលរដ្ឋ​អាច​នឹង​លែង​ធ្វើដំណើរ​កម្សាន្ត​នៅ​អូស្ត្រាលី ក៏​ឈប់​ផឹកស្រា​ក្រហម​អូស្ត្រាលី​ផងដែរ​។ អ្នកការទូត​ចិន​រូបនេះ ប្រាប់​សារព័ត៌មាន Australian Financial Review ថា ប្រជាជន​ខកចិត្ត​នឹង​អ្វីដែល​អូស្ត្រាលី​កំពុង​ធ្វើ​៕ 

Tag:
 អូស្ត្រាលី​
  ចិន​
  COVID-19
  ស្កុ​ត ម៉ូ​រី​សុន​
© រក្សាសិទ្ធិដោយ thmeythmey.com