COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង គ្មាន​ករណី​ឆ្លង​ក្នុងស្រុក​ជា​លើកដំបូង​គិត​តាំងពី​ខែកុម្ភៈ​
30, Apr 2020 , 9:38 am        
រូបភាព
ក្រុមគូ្រពេទ្យកូរ៉េខាងត្បូងនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Daegu ។ រូបភាព​ AFP
ក្រុមគូ្រពេទ្យកូរ៉េខាងត្បូងនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង Daegu ។ រូបភាព​ AFP
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៣០ ខែមេសា បានប្រកាស​ពី​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន​៤ ដែល​សុទ្ធសឹង​ជា​ករណី​នាំចូល​ទាំងអស់​។ នេះ​ជា​លើកដំបូង​ដែល​កូរ៉េខាងត្បូង​គ្មាន​ការឆ្លង​ក្នុងស្រុក​គិត​តាំងពី​ខែកុម្ភៈ​មក​។ តួលេខ​សរុប​នៃ​ការឆ្លង COVID-19 នៅ​កូរ៉េខាងត្បូង​មាន​ប្រមាណ​មួយ​ម៉ឺន​ករណី​ដដែល ជាមួយនឹង​ការថយចុះ​ករណី​ឆ្លង​ប្រចាំថ្ងៃ​។​

 
៤​ករណី​ដែលជា​ករណី​ឆ្លង​ពី​ក្រៅប្រទេស នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង COVID-19 នៅ​កូរ៉េខាងត្បូង​ឡើងដល់​១០៧៦៥​នាក់​។ តួលេខ​នេះ ជា​ចំនួន​តិចតួច​មួយ​បើ​ប្រៀបធៀប​នឹង​ប្រទេស​ផ្សេង​នៅ​អឺរ៉ុប​ជាដើម ព្រោះ​កូរ៉េខាងត្បូង ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើន​ទី​ពីរ​បន្ទាប់ពី​ចិន ក្រោយ COVID-19 ទៅដល់​ប្រទេស​នេះ​នៅ​ចុងខែ​កុម្ភៈ​។ ប៉ុន្តែ​ប្រទេស​មាន​ករណី​ឆ្លង​ក្រោយៗ មាន​ចំនួន​ឆ្លង​សរុប​លើ​មួយ​សែន​នាក់​ទៅហើយ​ដូចជា​អ៊ីតាលី បារាំង និង​អាមេរិក​ជាដើម​។​
 
​បួន​ករណី​ថ្មី​នេះ ក៏​ជា​ករណី​ឆ្លង​ប្រចាំថ្ងៃ​ទាប​បំផុត​ដែរ​នៅ​កូរ៉េខាងត្បូង ខណៈ​តួលេខ​រាយការណ៍​ប្រចាំថ្ងៃ​ខ្ពស់បំផុត គឺ​៩០៩​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ ក្នុងចំណោម​ករណី​ឆ្លង​ទាំងអស់ អ្នកស្លាប់​មាន​ចំនួន​២៤៧​នាក់ ដែលជា​ចំនួន​មួយ​តិច​បំផុត​ប្រៀបធៀប​នឹង​ប្រទេស​ផ្សេង ខណៈ​អ្នក​សះស្បើយ​មាន​ចំនួន​៩០៥៩ ដែល​ក៏​ជា​តួលេខ​ខ្ពស់បំផុត​មួយ​ដែរ បើ​ប្រៀបធៀប​នឹង​អត្រា​ឆ្លង​សរុប​។​
 
​ទោះ​ករណី​ឆ្លង​ថ្មី​ធ្លាក់ចុះ​ក្ដី អាជ្ញាធរ​កូរ៉េខាងត្បូង នៅតែ​ប្រុងប្រយ័ត្ន​ដដែល ពិសេស​ការបន្ត​អនុវត្ត​គម្លាត​សុវត្ថិភាព ស្រប​ពេលដែល​ប្រជាជន​កូរ៉េខាងត្បូង​ចាប់ផ្ដើម​សកម្មភាព​របស់ខ្លួន​ឡើងវិញ​បន្ទាប់ពី​អាជ្ញាធរ​បន្ធូរបន្ថយ​ការ​រឹតត្បិត​។ ក្ដីបារម្ភ​នៅតែមាន​ចំពោះ​ការធ្វើដំណើរ​កម្សាន្ត​ក្នុងស្រុក​របស់​ប្រជាជន​កូរ៉េខាងត្បូង​អំឡុងពេល​សប្ដាហ៍​ឈប់សម្រាក​ខាងមុខ​។ ទោះជា​យ៉ាងណា បើ​ករណី​ឆ្លង​នៅតែ​ទាប​បែបនេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង ក៏​គិតគូរ​លែង​អនុវត្ត​គម្លាត​សុវត្ថិភាព​នេះដែរ​។ 
 
​ការឆ្លង​ពី​ក្រៅប្រទេស នៅតែ​ជា​បញ្ហា​ឈឺក្បាល​សម្រាប់​កូរ៉េខាងត្បូង​។ ក្នុងចំណោម​អ្នក​ឆ្លង​ទាំងអស់ ករណី​នាំចូល COVID-19 មាន​ចំនួន​១០៦៥​ផងដែរ​៕

Tag:
 ​កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com