COVID-19
ជាតិ
UNICEF៖ កុមារ និង​ក្មេង​ជំទង់​ជាង​៣២០​លាន​នាក់​រង​ផលប៉ះពាល់ ដោយសារ​ការបិទ​សាលារៀន ព្រោះ​កូ​វីដ​១៩
30, Apr 2020 , 10:17 am        
រូបភាព
រូបពីអង្គការ UNICEF
រូបពីអង្គការ UNICEF
​ភ្នំពេញ​៖ កុមារ និង​ក្មេង​ជំទង់​ជាង​៣២០​លាន​នាក់​រង​ផលប៉ះពាល់ ដោយសារ​ការបិទ​សាលារៀន នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ព្រោះតែ​វិបត្តិ​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ​UNICEF  ។​


 
​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យ​កុមារ​ត្រូវ​ស្នាក់​នៅផ្ទះ និង​មិនបាន​ទៅ​រៀន​។ កុមារ និង​យុវជន​ជាច្រើន​កំពុង​ចំណាយពេល​ភាគច្រើន​របស់ខ្លួន​លើ​ប្រព័ន្ធ​អន​ឡាញ និង​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការរំលោភបំពាន​។ 
 
​អ្នកស្រី រ៉ា​ឈែល ហា​វី ទីប្រឹក្សា​ថ្នាក់​តំបន់​ផ្នែក​កិច្ចការពារ​កុមារ​នៃ​ការិយាល័យ​យូ​នី​សេ​ហ្វ​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា​៖«​សម្រាប់​កុមារ និង​ក្មេង​ជំទង់​ជាច្រើន​នាក់ ការចំណាយ​ពេល​អន​ឡាញ គឺជា​ការបន្ត​ទំនាក់ទំនង​ក្នុងសង្គម និង​ជា​មធ្យោបាយ​សម្រាប់​បន្ត​ទទួលបាន​ការអប់រំ​។ ខណៈពេលដែល​វិធីសាស្ត្រ​នេះ​មាន​សារៈសំខាន់ ការ​ចំណាយពេល​កាន់តែច្រើន​តាម​ប្រព័ន្ធ​អន​ឡាញ បានធ្វើឱ្យ​ពួកគេ​កាន់តែ​ងាយ​ទទួលរង​ការរំលោភបំពាន និង​ការកេងប្រវ័ញ្ច​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ​»​។​
 
​បើតាម​អង្គការ UNICEF កុមារ និង​មនុស្ស​វ័យក្មេង​ជាង ៣២០​លាន​នាក់ រង​ផលប៉ះពាល់ ដោយសារ​ការបិទ​សាលារៀន​នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​នេះ​។ របាយការណ៍​អង្គការ​ដដែល​បាន​បញ្ជាក់ថា កុមារ​ជាច្រើន​នាក់ ដែល​កំពុង​រៀនសូត្រ និង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ក្នុងសង្គម​កាន់តែច្រើន តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ងាយ​រង​ការកេងប្រវ័ញ្ច​ផ្លូវភេទ និង​ការ​ល្បួង​តាម​ប្រព័ន្ធ​អន​ឡាញ ដ្បិត​ជន​ដែល​ប្រព្រឹត្តិ​អំពើ​បែបនេះ ព្យាយាម​ទាញ​ប្រយោជន៍​ពី​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩​។ 
 
​ចំណែក​ការខ្វះ​ទំនាក់ទំនង​ផ្ទាល់​ជាមួយនឹង​មិត្តភក្តិ និង​ដៃគូ អាចធ្វើឱ្យ​កុមារ​កាន់តែ​ហ៊ាន​ប្រថុយប្រថាន ដូចជា​ប្រថុយ​ផ្ញើ​រូបភាព​ដែលមាន​លក្ខណៈ​ផ្លូវភេទ ។​ម្យ៉ាងទៀត ការចំណាយ​ពេល​តាម​ប្រព័ន្ធ​អន​ឡាញ​កាន់តែច្រើន​ដោយ​គ្មាន​ការគ្រប់គ្រង​ត្រឹមត្រូវ អាចធ្វើឱ្យ​កុមារ​អាច​មើលឃើញ​រូបភាព និង​វីដេអូ​ដែលមាន​លក្ខណៈ​ហិង្សា និង​អាច​បង្ក​ការឈឺចាប់ ក៏ដូចជា​កាន់តែ​ប្រឈម​នឹង​ការ​សម្លុត​គំរាម​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់​អង្គការ​UNICEF​។​
 
​អង្គការ​UNICEF បាន​សង្កត់ធ្ងន់ថា ឪពុកម្ដាយ និង​អាណាព្យាបាល អាចមាន​ការលំបាក​ក្នុង​ការជួយ និង​តាមដាន​កូនៗ​របស់ខ្លួន ជាពិសេស​ការតាមដាន​សកម្មភាព​តាម​អន​ឡាញ​របស់​កូន​ជាដើម​។ លោកប៉ា​ទ្រី​ក ប៊ើ​តុ​ន អ្នកជំនាញ​មកពី​មជ្ឈមណ្ឌល CJCP បាន​មានប្រសាសន៍ថា​៖«​ក្រៅពី​បញ្ហា​ដែលនាំឱ្យ​មាន​ភាព​តានតឹង និង​ភាពមិនប្រាកដប្រជា​ខាង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម បច្ចុប្បន្ន​ឪពុកម្ដាយ និង​អាណាព្យាបាល ត្រូវ​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​បន្ថែម​មួយទៀត ក្នុងការ​រក្សា​សុវត្ថិភាព​កូនៗ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយសារតែ​ពួកគេ​មានចំណេះដឹង និង​ជំនាញ​បច្ចេកទេស​តិចតួច​ក្នុង​ផ្នែក​នេះ​។ ស្របពេល​ដែល​នេះ​ជា​បញ្ហា​មួយ​ដ៏​លំបាក វា​ក៏​អាចជា​ឱកាស​មួយ​ដ៏​សំខាន់ ដើម្បី​ចាប់ផ្ដើម​ការសន្ទនា​ជាមួយ​កូន​អំពី​វិធីសាស្ត្រ​ដែល​ល្អ​បំផុត ដើម្បី​រក្សា​សុវត្ថិភាព​របស់​ពួកគេ​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ​»​។​
 
​ដើម្បី​ធានា​ឱ្យ​កុមារ​នៅតែមាន​សុវត្ថិភាព​តាម​ប្រព័ន្ធ​អន​ឡាញ និង​ទទួលបាន​បទពិសោធន៍​វិជ្ជមាន​នៅក្នុង​អំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ឪពុកម្ដាយ និង​អាណាព្យាបាល ត្រូវ​និយាយ​ទៅកាន់​កូនៗ​អំពី​សុវត្ថិភាព​តាម​ប្រព័ន្ធ​អន​ឡាញ​, ស្វែងយល់​ពី​ឧបករណ៍​រក្សា​សុវត្ថិភាព​តាម​ប្រព័ន្ធ​អន​ឡាញ ,​ស្វែងយល់​ពី​ហានិភ័យ ដែល​កុមារ​អាច​ជួបប្រទះ​នៅពេល​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ ។ ជាពិសេស​សម្គាល់​ពីស​ញ្ញា​ពិបាកចិត្ត ដែល​កើតចេញពី​ការប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ និង​ដឹង​ពី​កន្លែង​ស្វែងរក​ជំនួយ​។​
 
​កាលពី​សប្ដាហ៍​មុន អង្គការ​UNICEF ក៏​បានចេញ​សេចក្តីណែនាំ​ម្ដង​ហើយ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​រដ្ឋាភិបាល ក្រុមហ៊ុន​បច្ចេកវិទ្យា អ្នក​អប់រំ និង​ឪពុកម្ដាយ ចេះ​សម្គាល់​និង​ចាត់វិធានការ​បន្ទាន់ ដើម្បី​កាត់បន្ថយ​ហានិភ័យ ដែល​កុមារ​អាច​ជួបប្រទះ​នៅពេលដែល​ពួកគេ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩៕

Tag:
 COVID-19
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com