COVID-19
ជាតិ
​កូ​វីដ​-១៩ និង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​, គួរ​អនុវត្ត​ឥឡូវ ឬក៏​…!
30, Apr 2020 , 10:58 am        
រូបភាព
ដោយ: ថ្មីៗ
ការអនុវត្ត​អនុក្រឹត្យ​ពិន័យ​លើ​ជនល្មើស​ច្បាប់​ចរាចរណ៍ ​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃទី​១​ខែឧសភាស្អែក​នេះ​។ ប៉ុន្តែ ពេលវេលា​ន​នៃ​ការពិន័យ​ថ្មី​នេះ បង្ក​ឲ្យ​មានមតិ​លើកឡើងថា វា​មិនមែនជា​ពេលវេលា​សមស្រប​ឡើយ ព្រោះ​ពលរដ្ឋ​កំពុង​ប្រឈម​នឹង​មេរោគ​កូ​វីដ​១៩​។ អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ធ្លាប់​ផាកពិន័យ​តែ​ ១៥,០០០​រៀល តែ​ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ ការពិន័យ ​នឹង​កើន​ដល់​ ៦០,០០០​រៀល ហើយ​បទល្មើស​ចរាចរណ៍​ផ្សេងទៀត ​ក៏ត្រូវ​ពិន័យ​ធ្ងន់ធ្ងរ​ជាង​មុខ​ផងដែរ​។ សុធីរ និង​សំណាង ក៏​ចូលខ្លួន​មក​ជជែក​រឿងរ៉ាវ​ចរាច​រណ៍​នេះដែរ​។




​សុធីរ​៖ អា សំណាង​! តើ​អ្ហែង​មាន​ឯកសារ​គ្រប់គ្រាន់​ សម្រាប់​យាន្ត​ជំនិះ​ហើយ​ឬ​នៅ​? ពីថ្ងៃ​ស្អែក​ទៅ​នគរបាល ​នឹង​ពិន័យ​ជនល្មើស​ច្បាប់​ចរាចរណ៍​ក្នុង​កម្រិត​ខ្ពស់​ណាស់​!     
 
​សំណាង​៖ អញ​ដូចជា​មិនមាន​បញ្ហា​អ្វី​ទេ​! អញ​មាន​ឯកសារ​គ្រប់គ្រាន់​។ អញ​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​។​ល​។ 
 
​សុធីរ​៖ ចុះ​សម្រាប់​ប្រជាពលរដ្ឋ​វិញ អ្ហែង​មាន​លឺសូរ​គេ​រអ៊ូ​យ៉ាងម៉េច​ដែរ​? 
 
​សំណាង​៖ ប្រជាពលរដ្ឋ​មិន​ជំទាស់​នឹង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ហ្នឹង​ទេ​។ ដំឡើងថ្លៃ​នៃ​ការផាកពិន័យ ក៏​ពួកគាត់​ដូចជា​មិន​ទោមនស្ស​អី​ដែរ​។ ប៉ុន្តែ​… 
 
​សុធីរ​៖ ប៉ុន្តែ យ៉ាងម៉េច​? 
 
​សំណាង​៖ ប៉ុន្តែ ពួកគាត់​នាំគ្នា​និយាយថា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ហ្នឹង ​ធ្វើឡើង​ដូចជា​មិនសូវ​ចំពេល​វេលា​ទេ ព្រោះថាពលរដ្ឋ​កំពុងតែ​វក់វី​នឹង​រឿង​កូ​វីដ បាត់បង់​ចំណូល ជំពាក់​បំណុល​គេ ឈឺក្បាល​គ្រប់​រឿង​។​ល​។ បើ​អនុវត្ត​ការ​រឹតបន្តឹង​នេះ​ភ្លាម ហើយ​ផាកពិន័យ​ច្រើន​ភ្លាម នៅពេលនោះ ចូរ​ប្រយ័ត្ន​ថា ពលរដ្ឋ​មួយចំនួន​លែង​សូវ​ខ្វល់ខ្វាយ​នឹង​រឿង​កូ​វីដ ហើយ​ពួកគេ​ងាក ​មក​ខ្វល់ខ្វាយ​តែ​រឿង​ចរាចរណ៍​ទៅវិញ​។ នេះ គឺ​គ្រាន់តែ​ជា​យោបល់​អញ​ប៉ុណ្ណោះ​។ 
 
​សុធីរ​៖ អ៊ីចឹង​ធ្វើ​ម៉េច​វិញ​ទៅ​? 

​សំណាង​៖ តាម​យោបល់​អញ និង​យោបល់​ពលរដ្ឋ​ខ្លះ បើ​ក្រសួងមហាផ្ទៃ​អាច​ពន្យារ​ពេល​បាន​ខ្លះ គួរតែ​ពន្យា​រពេល​ទៅ​វា​ល្អ​ជាង ព្រោះពេលនេះ គឺជា​ពេលវេលា​ប្រឈម​ដ៏​លំបាក ​ក្នុង​បរិបទ​មេរោគ​កូ​វីដ​។ ចាំ​រហូតដល់​កូ​វីដ​បន្ថយឥទ្ធិពល​រប​ស់វា​នៅ​កម្ពុជា ពេលនោះ គេ​អាចអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​បាន​ហើយ ហើយ​ម្យ៉ាង​ទៀត នៅពេល​ឥឡូវនេះ ក៏​មិនសូវមាន​អ្នកធ្វើ​ចរាចរណ៍​ច្រើន​ដែរ អា សុធីរ​។ តែ​ទាំងអស់នេះ គ្រាន់តែ​ជា​យោបល់​អញ​ស្តាប់​ពី​គេ​ទេ​វ៉ើ​យ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com