COVID-19
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋ អាចប្រើរបបអាជ្ញាសឹក ពេលដាក់ប្រទេសក្នុងគ្រាអាសន្ន
30, Apr 2020 , 1:05 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃសម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ នាពិធីរម្លឹកខួប២០ឆ្នាំនៃការបង្កើតកងទ័ពជើងគោក ដែលប្រារព្ធនៅបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ (រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃសម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ នាពិធីរម្លឹកខួប២០ឆ្នាំនៃការបង្កើតកងទ័ពជើងគោក ដែលប្រារព្ធនៅបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ (រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី)
បើដាក់ប្រទេសជាតិឲ្យស្ថិតក្នុងភាពអាសន្ន រដ្ឋាភិបាលកម្ពុជា អាចប្រើអំណាចនានា ដែលផ្តល់ឲ្យដោយច្បាប់ថ្មី ទើបនឹងត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងស្ថានការណ៍ ហើយបើចាំបាច់មែនទែននោះ រដ្ឋាភិបាល អាចឈានទៅដល់ការប្រើរបបអាជ្ញាសឹក។



មាត្រា៥ នៃច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ចែងថា៖«ក្នុងពេលសង្គ្រាម ឬក្នុងកាលៈទេសៈដទៃទៀត  ដែលសន្តិសុខជាតិប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដោយរដ្ឋាភិបាល អាចធ្វើឡើងតាមរបបអាជ្ញាសឹក»។

ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ទើបនឹងចូលជាធរមាន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ តាមរយៈព្រះរាជក្រម ចេញដោយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី ក្នុងអំឡុងពេលព្រះមហាក្សត្រ កំពុងសម្រាកព្រះកាយពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន។

ក្នុងសន្និសីទកាសែតស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលរៀបចំនៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបែងចែងដាច់ពីគ្នារវាងច្បាប់អាជ្ញាសឹក និងការប្រើរបបអាជ្ញាសឹក។ បើស្តាប់ការពន្យល់របស់លោក ការប្រើច្បាប់អាជ្ញាសឹក គឺមានលក្ខណៈធ្ងន់ធ្ងរជាងការប្រើរបបអាជ្ញាធរសឹក ដោយគ្មានច្បាប់អាជ្ញាសឹក។

លោក លើកឡើងថា ពេលស្ថិតក្នុងស្ថានភាពអាសន្នធ្ងន់ធ្ងរ រដ្ឋាភិបាលនៃប្រទេសមួយចំនួន អាចប្រើប្រាស់ច្បាប់អាជ្ញាសឹក ដោយមានអំណាចពេញក្នុងដៃ ហើយអាចក្តោបក្តាប់គ្រប់ស្ថានប័នទាំងអស់ រួមទាំងនីតិបញ្ញត្តិនិងតុលាការ។

លោក សង្កត់ធ្ងន់ថា៖«បើកាលណា ប្រើប្រាស់ច្បាប់អាជ្ញាសឹកហើយ អាហ្នឹងធ្ងន់មែនទែនហើយ លែងនិយាយហើយរឿងរដ្ឋធម្មនុញ្ញ លែងនិយាយហើយរឿងច្បាប់ លែងនិយាយហើយរឿងសិទ្ធិមនុស្ស លែងនិយាយហើយរឿងតុលាការ គឺអាចប្រើប្រាស់កម្លាំងយោធា ធ្វើអ្វីក៏បានដែរ»។

បន្ទាប់មក លោក និយាយពីកម្ពុជាថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលកម្ពុជា តាក់តែងឡើង គឺគោរពតាមគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ និង សិទ្ធិមនុស្ស ហើយលមានក្ខណៈល្អប្រសើរជាងបណ្តាប្រទេសទាំងនោះឆ្ងាយណាស់។ លោក អះអាងថា ក្នុងករណីប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរ រដ្ឋាភិបាលកម្ពុជា អាចត្រូវបានអនុញ្ញាតឲ្យប្រើត្រឹមតែការគ្រប់គ្រង់តាមរបបអាជ្ញាសឹក មិនមែនច្បាប់អាជ្ញាសឹកឡើយ។

លោក បញ្ជាក់ថា នៅកម្ពុជា មិនមានច្បាប់អាជ្ញាសឹកនោះទេ។ លោក បកស្រាយថា៖«ការគ្រប់គ្រងតាមរបបអាជ្ញាធរសឹកនេះ គឺជាគ្រប់គ្រងដោយប្រើកម្លាំងយោធា តែរដ្ឋាភិបាល នៅតែជារដ្ឋាភិបាលស៊ីវិលដដែល មិនមែនជារដ្ឋាភិបាលយោធាទេ...»។

មាត្រា៥ដដែល បានប្រគល់សិទ្ធិអំណាច១២យ៉ាងដល់រដ្ឋាភិបាល ពេលប្រទេសជាតិស្ថតិក្នុងភាពអាសន្ន រួមមាន ហាមឃាត់ ឬដាក់កម្រិតលើសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ, ហាមឃាត់ ឬដាក់កម្រិតលើសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស, ហាមឃាត់ ឬដាក់កម្រិតមិនឲ្យបុគ្គលចេញពីលំនៅឋាន ឬទីសំណាក់ណាមួយ, និង ចេញវិធានការទាក់ទងនឹងកំណែននិងជម្លៀសពលរដ្ឋ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន ជាដើម។

អត្ថបទទាក់ទង
 
ការរាលដាលជំងឺកូវីដ-១៩ ជាមូលហេតុចម្បង ដែលធ្វើឲ្យរដ្ឋាភិបាល នឹកឃើញពីការតាក់តែងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ យ៉ាងណា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ហាក់ធូរស្បើយហើយ ក្រោយព្យាបាលអ្នកឆ្លង ឲ្យជាសះស្បើយ១១៩នាក់ ក្នុងចំណោម១២២នាក់ ហើយមិនមានករណីឆ្លងថ្មីដល់ទៅជាង២សប្តាហ៍ជាប់គ្នា។

ដូច្នេះ បើស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា កាន់តែប្រសើរ ការដាក់ប្រទេសជាតិ ឲ្យស្ថិតក្នុងភាពអាសន្ន ទំនងជាមិនកើតឡើងឡើយ៕

Tag:
 COVID-19
  ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន
  របបអាជ្ញាសឹក
© រក្សាសិទ្ធិដោយ thmeythmey.com