COVID-19
អន្តរជាតិ
COVID-19 រាលដាលដល់២ប្រទេសទៀតក្នុងនោះ១៥ករណីនៅតាហ្ស៊ីគីស្ថាន និង១នៅកូម័រ លោកប្រធានាធិបតីតាហ្ស៊ីគីស្ថាន Emomali Rahmon តែងតែអះអាងប្រទេសខ្លួនមិនមានកូវីដ១៩ឡើយ តែទីបំផុតមានករណីដំបូងដល់ទៅ១៥
× COVID-19 បានបន្តរាលដល់ពីរប្រទេសបន្ថែមទៀត ដែលក្នុងនោះ តាហ្ស៊ីគីស្ថានស្ថិតនៅតំបន់អាស៊ីកណ្តាល មានរហូតដល់ទៅ១៥ករណីដំបូង រីឯកូម័រនៃអាហ្វ្រិកខាងកើត មាន១ករណីដំបូង។ បច្ចុប្បន្ន ជំងឺរាតត្បាតសាកលនេះ វាយលុកដល់ទៅជាង២១០ប្រទេស និងដែនដី ក្នុងនោះ ឆ្លងជាង៣.២លាននាក់ ស្លាប់ជាង២៣ម៉ឺននាក់ និងសះស្បើយជាង១លាននាក់។
យោងតាមទីភ្នាក់ងារព័ត៌មាន Avesta ១៥ករណីដំបូងនៅតាហ្ស៊ីគីស្ថាន មាន១០នៅខេត្ត Khujand និង៥នៅរដ្ឋធានី Dushanbe។ ក្រសួងសុខាភិបាលតាហ្ស៊ីគីស្ថាន មិនបានបង្ហើបព័ត៌មានលម្អិតទាក់ទងនឹងករណីឆ្លងទាំងនោះឡើយ។
តាហ្ស៊ីគីស្ថាន ដែលមានពលរដ្ឋប្រមាណ៩.៣លាននាក់ ជាប្រទេសទី៤នៅអាស៊ីកណ្តាល ដែលមានករណីឆ្លង COVID-19 ដោយបច្ចុប្បន្ន នៅសល់តែតួកមេនីស្ថានប៉ុណ្ណោះ ដែលមិនទាន់ប្រកាសពីការរកឃើញករណីឆ្លង។
នៅថ្ងៃទី៣០ ខែមេសា ដូចគ្នា ប្រទេសកូម័រ ដែលស្ថិតនៅអាហ្វ្រិកខាងកើត បានប្រកាសពីការរិកឃើញករណីដំបូង។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានដកស្រង់សំដីលោកប្រធានាធិបតី Azali Assoumani ថា អ្នកជំងឺជាបុរសជនជាតិកូម័រ អាយុ៥០ឆ្នាំ ៕
© រក្សាសិទ្ធិដោយ thmeythmey.com