COVID-19
ជាតិ
លោក សេង សុ​មុនី ៖ ព្រះសង្ឃ​អាចមាន​ហានិភ័យ​ខ្ពស់ ក្នុងដំណាក់កាល​កូ​វីដ​១៩
01, May 2020 , 10:39 am        
រូបភាព
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា ថ្លែងក្នុងសន្និសីទកាសែតស្តីពីបច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍ពុទ្ធសាសនា កាលពីថ្ងៃទី៣០ មេសា
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា ថ្លែងក្នុងសន្និសីទកាសែតស្តីពីបច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍ពុទ្ធសាសនា កាលពីថ្ងៃទី៣០ មេសា
​ភ្នំពេញ​៖ ការ​ឆាន់ចង្ហាន់​រួម ស្នាក់នៅ​រួម ប្រើប្រាស់​សម្ភារ​រួម គឺជា​ដើមចម​នាំឱ្យ​ព្រះសង្ឃ​ស្ថិតក្នុង​ស្ថានភាព​ហានិភ័យ​ខ្ពស់ នៃ​វិបត្តិ​កូ​វីដ​១៩​។ ទោះជា​យ៉ាងណា លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា បាន​បញ្ជាក់ថា ព្រះសង្ឃ​នៅ​គ្រប់​វត្ត​អារាម​ក្នុងប្រទេស​កម្ពុជា បាន​ប្រតិបត្តិការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក៏ដូចជា​ការធ្វើ​អនាម័យ​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​កូ​វីដ​១៩​។​


 
​លោក សេង សុ​មុនី បាន​ពន្យល់​ពី​ហេតុដែល​នាំឱ្យ​ព្រះសង្ឃ ស្ថិតក្នុង​គោលដៅ​ប្រឈម​ខ្ពស់ ពី​កូ​វីដ​១៩ យ៉ាង​ដូច្នេះ​៖«​ក្នុង​មួយ​វត្តៗ​ព្រះសង្ឃ​មាន​ចំនួន​៣០០​អង្គ​ឬ​៥០០​អង្គ​គង់នៅ​រួមគ្នា ហើយ​មាន​សិស្ស​និស្សិត​ស្នាក់នៅ​ក្នុង​វត្ត ដោយ​វត្ត​ខ្លះ​មាន​ដល់​ទៅ​៥០០​នាក់ ខ្លះ​ជិត​១,០០០​នាក់​ផង នេះ​ជា​បញ្ហា​មួយ​។ ម្យ៉ាងទៀត​ព្រះសង្ឃ​ឆាន់ចង្ហាន់​រួមគ្នា​នៅក្នុង​សាលាឆាន់​។ បញ្ហា​មួយទៀត​គឺ​ការប្រើប្រាស់ សម្ភារ​រួមគ្នា​ដូចជា​ទឹក និង​សម្ភារ​ផ្សេងៗ​ទៀត​។ ដូច្នេះ​ព្រះសង្ឃ​មានការ​ប្រឈម​ខ្ពស់​»​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា បាន​បញ្ជាក់ថា បើទោះបីជា​ព្រះសង្ឃ​ស្ថិតក្នុង​មុខសញ្ញា​មាន​ហានិភ័យ​ខ្ពស់ ពី​កូ​វិដ​១៩​ក៏ដោយ ប៉ុន្តែ​រហូតមក​ដល់ពេល​បច្ចុប្បន្ន ពុំមាន​ព្រះអង្គ​ណាមួយ​មាន​ផ្ទុក​កូ​វីដ​១៩​ឡើយ​។ ចំណែក​គណៈសង្ឃ​គ្រប់​ឋានានុក្រម បានរៀបចំ​រចនាសម្ព័ន ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ដើម្បី​ផ្សព្វផ្សាយ​ពី​ព័ត៌មាន និង​ការការពារ​កូ​វីដ​១៩ ទៅដល់​ព្រះសង្ឃ​គ្រប់​វត្ត​អារាម​។ 
 
​ទោះជា​យ៉ាងណា ការធ្វើ​បុណ្យ​នៅតាម​ភូមិ ឬ​សហគមន៍​សាសនា ព្រះសង្ឃ​នៅតែ​អាច​និមន្ត​ទៅ​ចូលរួមបាន​ដដែល គ្រាន់តែ​ការធ្វើ​ពិធីបុណ្យ​នោះ​ត្រូវធ្វើ​ក្នុង​ទ្រង់ទ្រាយ​តូច​។ ចំណែក​ការ​និមន្ត​បិណ្ឌបាត នៅតាម​ភូមិ ព្រះសង្ឃ​ក៏​នៅតែ​អាច​ប្រព្រឹត្ត​បាន​ធម្មតា ក៏ប៉ុន្តែ​ត្រូវ​និមន្ត​បិណ្ឌ​ដោយ​រក្សា​នូវ​គម្លាត ក៏ដូចជា​ការប្រុងប្រយ័ត្ន​ខ្ពស់​ដែរ​។ ចំពោះ​ពុទ្ធបរិស័ទ​ដែល​ដាក់​បាទ​ព្រះសង្ឃ ក៏ត្រូវ​អនុវត្តន៍ ការប្រុងប្រយ័ត្ន​ខ្ពស់​ដូចគ្នា​។ នេះ​ជា​អ្វីដែល​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បានបញ្ជាក់​បន្ថែម​៕

Tag:
 សាសនា​
  ពិសាខ​
  ព្រះសង្ឃ​
© រក្សាសិទ្ធិដោយ thmeythmey.com