COVID-19
ជាតិ
ខ្មែរ​ម្នា​ក់នៅ​កូរ៉េ ប្រឈម​នឹង​ការបណ្ដេញចេញ និង​ពិន័យ​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ ដោយសារ​បំពាន​បម្រាម​ច​ត្តា​ឡី​ស័ក​
01, May 2020 , 5:43 pm        
រូបភាព
លោក ឡុង ឌីម៉ង ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង
លោក ឡុង ឌីម៉ង ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង
​ភ្នំពេញ​៖ បុរស​ជនជាតិខ្មែរ​ម្នាក់ ដែល​រស់នៅ និង​ធ្វើការ​នៅ​កូរ៉េខាងត្បូង ប្រឈម​នឹង​ការផាកពិន័យ​ប្រាក់​១០​លាន​វ៉ុ​ន (​ជាង​៨​ពាន់​ដុល្លារ​) និង​ការបណ្ដេញចេញ​ផងដែរ ក្រោយពី​រូបគេ​បាន​បំពាន​បម្រាម​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋាភិបាល​កូរ៉េ​។ នេះ​បើតាម​លោក ឡុង ឌី​ម៉​ង់ អគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង​។​

 
​លោក ឡុង ឌី​ម៉​ង់ កំពុង​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ខ្មែរ​ជាមួយ​អាជ្ញាធរ​កូរ៉េ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្ដាញ​សង្គម​នោះ អគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង បានបញ្ជាក់​ដូច្នេះ​ថា​៖«​ស្ថានទូត​បាននិងកំពុង​ធ្វើការ​ខិតខំ​ជួយ​សម្របសម្រួល​ដែរ ប៉ុន្តែ​អ្វីៗ​វា​ស្ថិតនៅលើ​ដែន​សមត្ថកិច្ច​របស់រ​ដ្ឋា​ភិ​បាល​ប្រទេស​កូរ៉េ ដែល​គេ​រឹតបន្តឹង​ក្នុងស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​»​។​
 
​បុរស​ជនជាតិខ្មែរ ត្រូវបាន​អាជ្ញាធរ​កូរ៉េ សម្រេច​ឱ្យ​ដាក់​នៅ​ដោយឡែក​ដោយ​ខ្លួនឯង​រយៈ​១៤​ថ្ងៃ ក្រោយពី​រូបគេ​បាន​ត្រឡប់មក​កម្ពុជា ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងមក​។ ក្រោយ​រស់នៅ​ដាច់ដោយឡែក​បាន​៥​ថ្ងៃ បុរស​ខ្មែរ​នេះ បាន​ចាក​ចេញពី​បន្ទប់ ទៅ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន្ត​របស់​កូរ៉េ ដើម្បី​ធ្វើឯកសារ​ផ្សេងៗ ក្រោម​ហេតុផល​ថា រូបគេ​បាត់​កាបូប ដែលមាន​ឯកសារ​នៅក្នុង​នោះ​។ ប៉ុន្តែ​ការចាកចេញ​ពី​បន្ទប់​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​នេះ ត្រូវបាន​អាជ្ញាធរ​កូរ៉េ ចាត់ទុកថា ជាការ​បំពាន​បម្រាមរ​ដ្ឋ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឡុង ឌី​ម៉​ង់​។​
 
​បើតាម​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េ​រូបនេះ កន្លងមក​ក៏មាន​ករណី​ជនជាតិខ្មែរ​១​នាក់​ដែរ បំពាន​បម្រាម​រដ្ឋាភិបាល​កូរ៉េ​នេះ ប៉ុន្តែ​ករណី​ទី​១​នោះ គ្រាន់តែ​ទទួលបាន​ការព្រមាន​ប៉ុណ្ណោះ មិនសូវ​ធ្ងន់ធ្ងរ​ដូចជា​ករណី​ទី​២​នេះឡើយ​។ 
 
​ក្រៅពី​ពលរដ្ឋ​ខ្មែរ​ខាងលើនេះ ក៏មាន​ជនបរទេស​៣​នាក់​ទៀត បាន​បំពាន​បម្រាម​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋាភិបាល​កូរ៉េ​នេះដែរ ដោយ​ពួកគេ​ទៅ​កន្លែង​ហាត់ប្រាណ និង​ហាង​ទំនិញ​នានា​។ ក្នុងនោះ​មាន​ជនជាតិ​ចិន អាមេរិក និង​វៀតណាម​។ ចំពោះ​ជនជាតិ​វៀតណាម ដែលជា​និស្សិត​សិក្សា​នៅ​កូរ៉េ​នេះ ត្រូវបាន​អាជ្ញាធរ​ផាកពិន័យ និង​សម្រេច​បណ្ដាញ​ចេញ​ហើយ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ Yonhap​។​
​លោក ឡុង ឌី​ម៉​ង់ ស្នើឱ្យ​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​កូរ៉េ អនុវត្តតាម​វិធានការ និង​ច្បាប់​ម្ចាស់​សាមី​ឱ្យបាន​ត្រឹមត្រូវ នៅក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​កូ​វីដ​នេះ ដើម្បី​កុំឱ្យ​ប្រឈម​នឹង​ការដាក់ទោសទណ្ឌ និង​ផាកពិន័យ​នានា​។ ចំណែក​ពលករ​ខ្មែរ ដែលមាន​បញ្ហា​ខ្វះខាត ដូចជា​សម្ភារ ឬ​ឯកសារ​អ្វី​នោះ ត្រូវ​ទាក់ទង​ទៅ​ស្ថានទូត​ខ្មែរ​ឱ្យបាន​ដឹង​មុន ដើម្បី​ងាយស្រួល​ក្នុង​ការរៀបចំ​ដោះស្រាយ​។ 
 
​លោក ឡុង ឌី​ម៉​ង់ បានស្នើ​យ៉ាង​ដូច្នេះ​ថា​៖«​ជាការ​អំពាវនាវ សុំឱ្យ​(​ពលរដ្ឋ​ខ្មែរ​)​គោរព​ទៅតាម​វិធានការ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​ក្នុង​ការឆ្លង​មេរោគ ហើយនឹង​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​ទាំងអស់គ្នា​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​១ ឧសភា​នេះ ប្រទេស​កូរ៉េខាងត្បូង មាន​អ្នកជំងឺ​កូ​វីដ​១៩ ជាង​១​ម៉ឺន​នាក់ ស្លាប់​ជាង​២០០​នាក់ និង​ជាសះស្បើយ​ជាង​៩​ពាន់​នាក់​។ ដោយឡែក​កម្ពុជា​វិញ នៅសល់តែ​អ្នកជំងឺ​កូ​វីដ​១៩ តែ​៣​នាក់​ទៀត​ប៉ុណ្ណោះ ក្រោយ​ជាសះស្បើយ​១១៩​នាក់​៕

Tag:
 COVID-19
  ឡុង ឌី​ម៉​ង់​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com