ជាតិ
ត្រីមាស​ទី​១ ឆ្នាំ​២០២០ មាន​រោងចក្រ​បង្កើត​ថ្មី​ជាង​៧៧ និង​៦​រោងចក្រ​បានស្នើ​សុំ​បិទ
02, May 2020 , 9:59 am        
រូបភាព
លោក សុខគង់ (រូបពីទំព័រហ្វេសប៊ុក Royal Government Spokesperson Unit)
លោក សុខគង់ (រូបពីទំព័រហ្វេសប៊ុក Royal Government Spokesperson Unit)
​ភ្នំពេញ​៖ នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ មាន​រោងចក្រ​បង្កើត​ថ្មី​ចំនួន​៧៧​នៅ​កម្ពុជា ដែល​អាចបង្កើត​ការងារ​ជាង​២៧,៩០០​កន្លែង​។ លោក ហេង សុខ​គង់ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​តាម​ទូរ​សព្ទ កាលពី​ថ្ងៃទី​២៤ មេសា ឆ្នាំ​២០២០ កន្លងទៅ​។ តាម​លោក ហេង សុខ​គង់ មានតែ​រោងចក្រ​ចំនួន​៦ ប៉ុណ្ណោះ​ដែល​បាន​ស្នើសុំ​បិទទ្វារ នៅក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ​២០២០​នេះ​។


 
​លោក ហេង សុខ​គង់ បញ្ជាក់ទៀតថា ក្នុងចំណោម​រោងចក្រ​បង្កើត​ថ្មី​ទាំង​៧៧​នេះ មាន​៧៤​រោងចក្រ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្ម និង​១​រោងចក្រ ពី​សាលា​រាជធានី​ភ្នំពេញ​។ ចំណែក​រោងចក្រ​២​ទៀត គឺ​បើក​ដំណើរការ​ឡើងវិញ​។ 
 
​កម្ពុជា មាន​រោងចក្រ​ធុន​ធំ ១៨០១​រោងចក្រ ដែលមាន​កម្លាំង​ពលរដ្ឋ​បម្រើ​ការងារ​សរុប​ចំនួន  ១,០៦៣,០៣១​នាក់​។ នេះ​បើតាម លោក ហេង សុខ​គង់​។ 
 
​ក្នុង​ឆ្នាំ​២០១៩ តម្លៃ​សរុប​នៃ​បរិមាណ​ផលិតផល ដែល​កម្ពុជា​ផលិត​បាន​មាន​ជាង ១៤,៨៧៥​លាន​ដុល្លារ កើនឡើង​១៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ជាមួយគ្នា​ដែរ បរិមាណ​ផលិតផល​នាំចេញ​មាន​ជាង ១១,១៨៥​លាន​ដុល្លារ កើនឡើង​ប្រមាណ​១៤% ខណៈ​តម្លៃ​សរុប​នៃ​បរិមាណ​ផលិតផល​លក់​ក្នុងស្រុក មាន​៣,៦៩០​លាន​ដុល្លារ កើនឡើង​ប្រមាណ​១១%​។ វិស័យ​ឧស្សាហកម្ម បាន​ចូលរួមចំណែក​ជាង​៣០​ភាគរយ ក្នុង​សេដ្ឋកិច្ចជាតិ​។ នេះ​ជាការ​បញ្ជាក់​របសលោក ហេង សុខ​គង់​៕

Tag:
 រោងចក្រ​
 ​កម្មករ​
 ​ហេង សុខ​គង់​
© រក្សាសិទ្ធិដោយ thmeythmey.com