អន្តរជាតិ
លោក គីម ជុងអ៊ុន បង្ហាញមុខឡើងវិញ ក្រោយបាត់ដំណឹង២០ថ្ងៃ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ញញឹមអំឡុងពេលត្រួតពិនិត្យរោងចក្រផលិតជី។ រូបភាព KCNA
× មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានបង្ហាញមុខជាសាធារណៈឡើងវិញ បន្ទាប់ពីបាត់ដំណឹងសូន្យឈឹង២០ថ្ងៃរួចមក។ អំឡុងពេលបាត់មុខនេះ ពាក្យចចាមអារ៉ាមបានសាយភាយជាបន្តបន្ទាប់ពីបញ្ហាសុខភាពរបស់លោក គីម ជុងអ៊ុន រហូតមានប្រព័ន្ធផ្សព្វផ្សាយខ្លះរាយការណ៍ថា លោក បានស្លាប់ ឬមិនអាចកម្រើកបានទៅទៀត។ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើង បែរជាមិនបង្ហាញសញ្ញាអ្វីខុសប្លែកទាក់ទងសុខភាពឡើយ។
ជាមួយនឹងទឹកមុខស្រស់ថ្លាដែលបង្ហាញថា លោកមានសុខភាពល្អ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានធ្វើជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធរោងចក្រផលិតជីមួយកន្លែងនៅភាគខាងជើងរដ្ឋធានីព្យុងយ៉ាង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី២ ខែឧសភា។ នេះជាការបង្ហាញមុខលើកទីមួយរបស់លោក គីម ចាប់តាំងពីថ្ងៃទី១១ ខែមេសាមក ដែលនាំឲ្យមានពាក្យចចាមអារ៉ាមពីសុខភាពរបស់លោក។
បើតាម KCNA ពិធីសម្ពោធនោះ ធ្វើឡើងនៅថ្ងៃទី១ ខែឧសភា។ បើតាមរូបភាពដែលចេញដោយ KCNA លោក គីម ហាក់មិនមានបញ្ហាអ្វីដូចពាក្យលេចឮជាង២០ថ្ងៃនេះទេ ហើយលោកមើលទៅមានសុខភាពល្អទៀតផង។ KCNA បានស្រង់សម្ដីលោក គីម ថា លោកពេញចិត្តនឹងការបង្កើតរោងចក្រនេះ ហើយបានដាក់ចេញវិធីសាស្ត្រ និងការងារដើម្បីអភិវឌ្ឍវិស័យគីមីក្នុងស្រុកស្របតាមតម្រូវការសតវត្សរ៍ថ្មី។
រូបភាព KCNA
កាលពីសប្ដាហ៍មុន ទូរទស្សន៍ CNN ដែលស្រង់ប្រភពពីមន្ត្រីចារកម្មអាមេរិកផ្សាយថា លោក គីម ធ្លាក់ឈឺខ្លាំង។ ក្រោយវេបសាយ Daily NK ដែលតាមដានកិច្ចការកូរ៉េខាងជើង ក៏ផ្សាយថា លោក គីម កំពុងទទួលការព្យាបាលក្រោយវះកាត់បេះដូង។ ពាក្យចចាមអារ៉ាមពីសុខភាពមេដឹកនាំរូបនេះ ក៏កាន់តែសុះសាយទៅ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក៏មិនរាយការណ៍អ្វីសោះពីសកម្មភាពលោក គីម ទៅទៀត។
ពេលលោក គីម បាត់មុខនេះ សេចក្ដីរាយការណ៍ខ្លះលើកឡើងថា លោក កំពុងសម្រាកនៅឯក្រុង Wonsan ជាប់មាត់សមុទ្រ ព្រោះរូបភាពផ្កាយរណបបានបង្ហាញពីរថភ្លើងដែលមេដឹកនាំកូរ៉េខាងជើងប្រើប្រាស់ និងសកម្មភាពនាវាកម្សាន្តរបស់លោក គីម ផងដែរ។ កូរ៉េខាងត្បូងវិញ ក៏អះអាងថា ខ្លួនមើលមិនឃើញសកម្មភាពមិនប្រក្រតីណាមួយឡើយនៅកូរ៉េខាងជើង ហើយរដ្ឋមន្ត្រីកូរ៉េខាងត្បូងមួយរូបថែមទាំងនិយាយថា លោក គីម គ្រាន់តែគេចពីជំងឺ COVID-19 ប៉ុណ្ណោះ។
យ៉ាងណាមិញ KCNA រាយការណ៍ពីមូលហេតុដែលលោក គីម បាត់មុខឡើយ៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com