COVID-19
ជាតិ
រដ្ឋាភិបាល​ត្រូវការ​សារព័ត៌មាន​ខ្លាំង និង​មានការ​ទទួលខុសត្រូវ​
02, May 2020 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ក៏​ចូលរួម​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣​ឧសភា​ឆ្នាំ​២០២០​នេះដែរ​។ វា​ជា​ឱកាស​សម្រាប់​សម្តេចនាយក​រដ្ឋមន្ត្រី​ផ្ញើ​សារ​ឡើងវិញ​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ក្នុង​ការគាំទ្រ​សារព័ត៌មាន​សេរី ដែលមាន​ការទទួលខុសត្រូវ និង​បាន​អំពាវនាវ​ឱ្យ​សារព័ត៌មាន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ស្តីពី​ជំងឺ​កូ​វីដ​-១៩​។​

 
​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន បានប្រកាស​យ៉ាងច្បាស់​សារជាថ្មី​ម្តង​ទៀតថា រដ្ឋាភិបាល​របស់​សម្តេច គាំទ្រ​សិទ្ធិ​បញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន និង​ឯករាជ្យភាព​នៃ​ការផ្សាយ​ព័ត៌មាន​។ សេចក្តីថ្លែងការណ៍​រប​ស់​ប្រមុខ​រដ្ឋាភិបាល ត្រូវបាន​ធ្វើឡើង​សម្រាប់​ឱកាស​នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ថ្ងៃទី​៣​ឧសភា​។ នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ សម្តេច ហ៊ុន សែន ក៏​ត្រូវការ​ភាពខ្លាំង​ពី​សារព័ត៌មាន​វិញ​ដែរ ដោយ​សម្តេច​បាន​សរសេ​រយ៉ា​ង​ដូច្នេះ​ថា​៖«​រាជរដ្ឋាភិបាល​កម្ពុជា ពិតជា​ត្រូវការ​ស្ថាប័ន​សារព័ត៌មាន ដែលមាន​ថាមពល​ប្រកបដោយ​ការទទួលខុសត្រូវ និង​មាន​ភាពស្មោះត្រង់ ចំពោះ​វិជ្ជាជីវៈ ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​»​។​
 
​ឆ្នាំនេះ គឺ​ឆ្នាំ​ទី​២៧ ដែល​អ្នកសារព័ត៌មាន​ក្នុង​ពិភពលោក អបអរសាទរ ឬ​ទាមទារ​សេរីភាព ក្នុងការ​ប្រកប​វិជ្ជាជីវៈ​របស់ខ្លួន ក្រោម​ប្រធានបទ​«​សារព័ត៌មាន​ដោយ​គ្មាន​ភាពភ័យខ្លាច និង​ភាព​ទោរទន់​» (Journalism without fear and favor)​។​
 
​មិន​ខុសពី​សារ​នានា​ឡើយ ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ការ​សាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០២០ ត្រូវបាន​ធ្វើឡើង​ដោយ​មិន​ភ្លេច​បញ្ជាក់ អំពី​សោកនាដកម្ម​នៃ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ឬ​កូ​វីដ​-១៩ នៅ​ពាសពេញ​ពិភពលោក ហើយ​ដែល​វា​តម្រូវឱ្យ​មានការ​ចូលរួម​ពី​អ្នកសារព័ត៌មាន ឱ្យបាន​កាន់តែច្រើន​លើស​ធម្មតា ដើម្បី​ផ្ញើ​សារ​អប់រំ​ពលរដ្ឋ​របស់ខ្លួន​ផង និង​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ផង​។​
 
​នៅក្នុង​សារលិខិត​របស់​នាយក​រដ្ឋមន្ត្រី ផ្ញើ​ទៅកាន់​អ្នកកាសែត សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា បើទោះជា​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​លក្ខណៈ​កាច​សាហាវ និង​គ្រោះថ្នាក់ តែ​វា​ក៏​មិនទាន់​ធ្ងន់ធ្ងរ ដូច​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​នៅតាម​បណ្តាញ​សង្គម​នោះដែរ​។​
 
«​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​អ្នកសារព័ត៌មាន​ទាំងអស់ ចូលរួម​ឱ្យបាន​សកម្ម​ថែមទៀត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងបន្លំ និង​ខិតខំ​បន្ត​ផ្តល់ព័ត៌មាន អប់រំ​ប្រជាពលរដ្ឋ ឱ្យ​ពួកគេ​ប្រុងប្រយ័ត្ន​ជានិច្ច និង​ចៀសវាង​ការប្រមូល​ផ្តុំគ្នា​។​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច ហ៊ុន សែន ដោយបាន​រំ​ឮ​ក​ដល់​អ្នកកាសែត ឱ្យ​បន្ថែម​ការប្រុងប្រយ័ត្ន និង​ផ្ទៀងផ្ទាត់​ព័ត៌មាន ឱ្យបាន​ច្បាស់លាស់ មុននឹង​ផ្សព្វផ្សាយ​ព័ត៌មាន ទាក់ទង​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ​៕

Tag:
 សារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com