ជាតិ
បទល្មើស​ចំនួន​១៦ ដែល​ត្រូវរ​ពិន័យ​មុនគេ ក្នុងពេល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់
03, May 2020 , 8:29 am        
រូបភាព
សកម្មភាពប៉ូលីសចរាចរណ៍ ថ្ងៃទី១ ឧសភា ឆ្នាំ២០២០ (ThmeyThmey)
សកម្មភាពប៉ូលីសចរាចរណ៍ ថ្ងៃទី១ ឧសភា ឆ្នាំ២០២០ (ThmeyThmey)
​ភ្នំពេញ​៖ អនុក្រឹត្យ​ថ្មី​ស្ដី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវបាន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាប់ផ្ដើម​រឹតបន្តឹង​ចាប់ពី​ថ្ងៃទី​១ ឧសភា​មក​។ ការពិន័យ នឹង​ផ្តោតលើ​យានយន្ត​ដែល​ប្រព្រឹត្ត​ល្មើ​ល គឺ​ផ្តោត​តែ​លើ​បទល្មើស​ចរាចរណ៍​ដែល​បង្ក​គ្រោះ​ថ្នាក់ខ្ពស់ ក្នុងនោះ​មាន​បទល្មើស​ម៉ូតូ​និង​រថយន្ត​ទាំង​១៦​ចំណុច​។


 
​លោក ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្ដីការ​គណៈ​រដ្ឋ​ម​ន្រី្ត​កាលពី​ថ្ងៃទី​៣០ មេសា​ថា នគរបាល​បានកំណត់​យក​បទល្មើស​ចំនួន​៧​ចំណុច ក្នុងចំណោម​៣៣ ដែល​ត្រូវ​ត្រួតពិនិត្យ​មុនគេ​សម្រាប់​ទោច​ក្រយា​នុន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក និង​ម៉ូតូ​កង់​បួន​។ ចំណុច​ល្មើស​ទាំងនោះ​រួមមាន មិន​ពាក់មួក​សុវត្ថិភាព​,​មិន​គោរព​ភ្លើង និង​ផ្លាកសញ្ញា​ចរាចរណ៍​, ល្មើស​ក្នុង​ការបត់ ការ​វ៉ា​ជែង​, ការដឹក​លើស​ចំណុះ​,​ស្រវឹង​,​គ្មាន​ផ្លាក​លេង និង​ប្រើ​ទូរ​សព្ទ​ពេល​បើកបរ​ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង​។ 
 
​ចំណែក​បទល្មើស​រថយន្ត​មាន​៩ ក្នុងចំណោម​៤១ ដែល​ត្រូវ​ត្រួតពិនិត្យ និង​ចាប់​ផាកពិន័យ​មុនគេ គឺ​រួមមាន​ល្មើស​ល្បឿន​, ស្រវឹង​, គ្មាន​បណ្ណ​បើកបរ​, មិន​គោរព​ភ្លើង​សញ្ញា និង​ផ្លាកសញ្ញា​ចរាចរណ៍​, ល្មើស​ក្នុងការ​បទ និង​វ៉ា​ជែង​, មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​, ដឹក​លើស​ចំណុះ​, គ្មាន​ស្លាក​លេខ និង​បណ្ណ​សម្គាល់​យានយន្ត និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​ដោយ​គ្មាន​ឧក​រណ៍​ភ្ជាប់​សំឡេង​។ 
 
​បើតាម អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បទ​ស្មើ​ស​ផ្សេងទៀត នឹងធ្វើ​ឡើង​នៅពេល​ខាងមុខ​។   
 
​លោក ហ៊ឹម យ៉ាន ក៏​អះអាង​ដែរ​ថា សមត្ថកិច្ច​ក៏​នឹងមិន​ឃាត់​រថយន្ត​ដែល​បើកបរ​គោរព​ច្បាប់ នោះដែរ គឺ​ឃាត់​តែ​រថយន្ត​ដែល​មិន​គោរព​ច្បាប់​ប៉ុណ្ណោះ​។ ការ​រឹតបន្តឹង ល៏​មិនទាន់​បញ្ចូល​បទល្មើសរ​ថ​យន្ត​ផុត​សុពលភាព​ឆៀក​ដែរ​។​
 
​ម្ចាស់​យានយន្ត ត្រូវដាក់​តាម​ខ្លួន​នូវ​ច្បាប់ដើម​បណ្ណ​បើកបរ ហើយ​អ្នកធ្វើអាជីវកម្ម ត្រូវមាន​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​។ ចំណែក​ឯកសារ​ផ្សេងទៀត អាច​ប្រើប្រាស់​ឯកសារ​ចម្លង​បាន​។ 
​ចំពោះ​ការពិន័យ គឺ​អាជ្ញាធរ​ទុក​រយៈពេល​១៥​ថ្ងៃ ដើម្បី​ឲ្យ​អ្នកបើកបរ​ល្មើស​ទៅ​បង់ប្រាក់ នៅតាម​អធិការ​ខណ្ឌ​នីមួយៗ​។ ករណី​លើស​ថ្ងៃ​កំណត់ នឹងត្រូវ​ន័យ​ទ្វេដង ហើយ​បើសិនជា​មិន​ទៅ​បង់ប្រាក់​ពិន័យ​ទេ អាច​ប្រឈម​នឹង​ការឡើង​តុលាការ​។​នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ហ៊ឹម យ៉ាន​។ 
 
​សូមបញ្ជាក់ថា ករណី​បទល្មើស​ម៉ូតូ​៧​ចំណុច ដែល​ត្រូវ​ផាកពិន័យ​មាន មិន​ពាក់មួក​សុវត្ថិភាព​ត្រូវ​ផាក​៦​ម៉ឺន​រៀល និង​ពិន័យ​៨​ម៉ឺន​រៀល ចំពោះ​អ្នកបើកបរ​ដែល​ប្រើ​ទូរស័ព្ទ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង​។ ចំណែក​អ្នកបើកបរ​មិន​គោរព​ភ្លើង​និង​ស្លាក​សញ្ញា បើក​ល្មើស​ការបត់ និង​វ៉ា​ជែង ឬ​ដឹក​លើ​ចំណុះ ត្រូវ​ពិន័យ​១០​ម៉ឺន​រៀល​។ រីឯ​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង នឹងត្រូវ​ពិន័យ​ពី​២៥​ម៉ឺន ទៅ​១​លាន​រៀល តាម​កម្រិត​ជាតិ​អាល់កុល​។ បើ​យានយន្ត​គ្មាន​ស្លាក​លេខ នឹងត្រូវ​ពិន័យ​១២​ម៉ឺន​រៀល​។​
 
​ចំណែក បទល្មើស​រថយន្ត​ទាំង​៩ ដែល​ត្រូវ​ផាកពិន័យ​មាន ល្បឿន​ត្រូវ​ផាក​១២​ម៉ឺន​ទៅ​៦២​ម៉ឺន​៥​ពាន់​រៀល​, ស្រវឹង​ត្រូវ​ផាក​៤០​ម៉ឺន ទៅ​៤​លាន​រៀល​, គ្មាន​បណ្ណ​បើកបរ ត្រូវ​ផាក​១២​ម៉ឺន ទៅ​២៤​សែន​រៀល​, មិន​គោរព​ភ្លើង​សញ្ញា និង​ស្លាក​សញ្ញា ត្រូវ​ផាក​១៥​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល​, ល្មើស​ក្នុងការ​បទ និង​វ៉ា​ជែង ត្រូវ​ផាក​១៥​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល​, មិន​ពាក់​ខ្សែក្រវាត់​៧​ម៉ឺន​៥​ពាន់ ទៅ​១៥​ម៉ឺន​រៀល​, ដឹក​លើស​ចំណុះ​ត្រូវ​ផាក​១៥​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល​, គ្មាន​ស្លាក​លេខ​ត្រូវ​ផាក​១២​សែន ទៅ​២៤​សែន​រៀល និង​និយាយ​ទូរស័ព្ទ​ដោយ​គ្មាន​ឧក​រណ៍​ភ្ជាប់​សំឡេង ត្រូវ​ផាក​១២​ម៉ឺន ទៅ​២២​ម៉ឺន​៥​ពាន់​រៀល​៕ 

Tag:
 ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com