អន្តរជាតិ
កូរ៉េ​ទាំងពីរ បាញ់កាំភ្លើង​ដាក់គ្នា​ជាច្រើន​គ្រាប់​នៅ​តំបន់​គ្មាន​កងទ័ព​
03, May 2020 , 11:30 am        
រូបភាព
កងទ័ពកូរ៉េខាងត្បូងឈរយាមនៅផ្នែកខាងត្បូងនៃតំបន់គ្មានកងទ័ពខណ្ឌចែកឧបកូរ៉េ។ រូបភាព KCNA
កងទ័ពកូរ៉េខាងត្បូងឈរយាមនៅផ្នែកខាងត្បូងនៃតំបន់គ្មានកងទ័ពខណ្ឌចែកឧបកូរ៉េ។ រូបភាព KCNA
​យោធា​កូរ៉េខាងត្បូង និង​ខាងជើង នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា​បាន​បាញ់កាំភ្លើង​ដាក់គ្នា​ទៅវិញទៅមក​ជាច្រើន​គ្រាប់​នៅឯ៑​តំបន់​គ្មាន​យោធា (DMZ) ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។ បើតាម​យោធា​កូរ៉េខាងត្បូង កងទ័ព​កូរ៉េខាងជើង ជា​អ្នក​ចាប់ផ្ដើម​បាញ់​មុន​។​

 
​សេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េខាងត្បូង បញ្ជាក់ថា យោធា​កូរ៉េខាងជើង បាន​បាញ់កាំភ្លើង​ជាច្រើន​គ្រាប់​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់ខ្លួន​មួយកន្លែង​នៃ​ទីក្រុង Cheorwon ក្នុង​តំបន់​គ្មាន​យោធា​នៅ​ម៉ោង​៧ និង​៤១​នាទី ព្រឹក​ថ្ងៃទី​៣ ខែមេសា​។ យ៉ាងណាមិញ មិនមាន​របាយការណ៍​ពី​ការស្លាប់ និង​របួស ក៏ដូចជា​ការខូចខាត​ណា​ឡើយ​
 
​បើតាម​ទីភ្នាក់ងារ​ព័ត​មាន Yonhap យោធា​កូរ៉េខាងត្បូង ក៏បាន​បន្លឺ​សារ​ព្រមាន ហើយ​បាញ់​ត​វិញ​២០​គ្រាប់​ផងដែរ​។ មិនទាន់មាន​ព័ត៌មាន​ជាក់លាក់​ទាក់ទង​ហេតុការណ៍​នេះ​នៅឡើយ​ទេ ប៉ុន្តែ​យោធា​កូរ៉េខាងត្បូង​អះអាងថា ខ្លួន​បាន​ប្រើប្រាស់​បណ្ដាញ​ទាក់ទង​អន្តរ​កូរ៉េ​ដើម្បី​ប្រមូល​ព័ត៌មាន និង​បញ្ចៀស​ហេតុការណ៍​បែបនេះ​កើតឡើង​ម្ដងទៀត​។​
 
​ការបាញ់បោះ​ទៅមក កើតឡើង​ក្រោយ​ការបង្ហាញ​មុខ​ឡើងវិញ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្រោយ​បាត់​ដំណឹង​២០​ថ្ងៃ​ដែល​នាំ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​សុខភាព​លោក​៕

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  DMZ
© រក្សាសិទ្ធិដោយ thmeythmey.com