ជាតិ
សង្គមជាតិ
ស្រី​ដែន ជ្រើស​រៀន​ជំនាញ​សារព័ត៌មាន ព្រោះ​ចង់​ក្លាយជា​អ្នកកាសែត​ពូកែ​ម្នាក់​
03, May 2020 , 3:14 pm        
រូបភាព
​ភ្នំពេញ​៖ ជំនាញ​សារព័ត៌មាន គឺជា​ជំនាញ​ដែល កញ្ញា ថា ស្រី​ដែន ស្រឡាញ់ និង​ប៉ង​ចូលរៀន​។ ទោះជា​ការជ្រើសរើស​ជំនាញ​នេះ មិនសូវមាន​ការពេញចិត្ត​ពី​គ្រួសារ​ក៏ដោយ តែ​ស្រី​ដែន​នៅតែ​សម្រេចចិត្ត​ដើរ​តាម​ក្តី​ស្រមៃ​របស់ខ្លួន ព្រោះ​នាង​ចង់​ក្លាយជា​អ្នកកាសែត​ពូកែ​មួយរូប ដែល​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ទៅកាន់​ប្រជាជន​។​


 
​កញ្ញា ថា ស្រី​ដែន ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​សារព័ត៌មាន នៃ​សាកលវិទ្យាល័យ​កម្ពុជា​។ និស្សិត​ស្រី​វ័យ​២១​ឆ្នាំ​រូបនេះ រៀបរាប់​បន្តថា នាង​សម្រេចចិត្ត​រៀន​ជំនាញ​សារព័ត៌មាន ក៏​ព្រោះតែ​នាង​ស្រឡាញ់​អាជីព​នេះ ព្រោះ​នាង​យល់ថា អ្នកសារព័ត៌មាន អាច​ចូលរួម​ជួយ​ដល់​សង្គម​បាន​ច្រើន​។ «​ខ្ញុំ​យល់ថា អ្នកសារព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ ជា​អ្វីដែល​សង្គម​ចង់បាន និង​នាំ​ឲ្យ​ប្រទេស​មានការ​អភិវឌ្ឍ ព្រោះ​ពួកគេ​នឹង​ផ្សព្វផ្សាយ​តែ​ពី​ព័ត៌មាន​ដែលជា​ការពិត និង​ជា​ផលប្រយោជន៍​តែប៉ុណ្ណោះ​។ ជា​អ្នកសារព័ត៌មាន​ដែល​ល្អ គឺ​គ្រាន់តែ​អាច​បកស្រាយ​បាន នូវ​អ្វី​ដែលជា​ការពិត​ជាក់ស្ដែង មិន​លំអៀង ហើយ​ចែករំលែក​ជូនទៅ​កាន់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​»​។ នេះ​ជាការ​យល់ឃើញ​របស់​និស្សិត​ផ្នែក​សារព័ត៌មាន​រូបនេះ​។ 
 
​សព្វថ្ងៃ ស្រី​ដែន កំពុង​ពង្រឹង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ជំនាញ​សារព័ត៌មាន​នេះ​។ មិនទាន់​ប្រឡូក​នឹង​ការងារ​ជា​អ្នកសារព័ត៌មាន​មែនទែន​នោះទេ ប៉ុន្តែ​ស្រី​ដែន តាំងចិត្ត​ថា នាង​នឹង​ធ្វើជា​អ្នក​សារព័ត៌​ល្អ​ម្នាក់​ដែល​អាច​ចែករំលែក​ព័ត៌មាន​ពិត ឥត​លំអៀង ទៅដល់​ប្រជាជន និង​សង្គមជាតិ​។ ស្រី​ដែន បង្ហាញ​ការប្តេជ្ញាចិត្ត​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​នឹង​អាច​ក្លាយជា​អ្នកសារព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ មាន​ទំនួល​ខុសត្រូវ អាច​ប្រឈម និង​យកឈ្នះ​នូវ​បញ្ហា​ដែល​នៅ​ចំពោះមុខ រក្សា​តម្លៃ​របស់ខ្លួន ដោយ​ការផ្សព្វផ្សាយ​តែ​ពី​ព័ត៌មាន​ពិត និង​ប្រុងប្រយ័ត្ន ក៏ដូចជា​យកចិត្តទុកដាក់​ខ្ពស់បំផុត​»៕

Tag:
 អប់រំ​
 ​សារព័ត៌មាន​
 ​អ្នកកាសែត​
 ​ថា ស្រី​ដែន​
© រក្សាសិទ្ធិដោយ thmeythmey.com