COVID-19 សម្លាប់​អ្នកកាសែត និង​អតីត​អ្នកកាសែត​ប្រមាណ​២០​នាក់​ហើយ​
COVID-19
អន្តរជាតិ
COVID-19 សម្លាប់​អ្នកកាសែត និង​អតីត​អ្នកកាសែត​ប្រមាណ​២០​នាក់​ហើយ​
03, May 2020 , 3:59 pm        
រូបភាព
ដោយ: រួបរួម
​គិត​ត្រឹម​រសៀល​ថ្ងៃទី​៣ ខែឧសភា នេះ មនុស្ស​ជិត​៣.៥​លាន​នាក់​ហើយ ដែល​បាន​ឆ្លង COVID-19 នៅ​បណ្តា​ប្រទេស​/​ដែនដី ជាង​២១០​នៅលើ​ពិភពលោក​។ ជាមួយគ្នានេះ មនុស្ស​ជិត​២៥​ម៉ឺន​នាក់​បាន​ស្លាប់ រីឯ​ជាង​១.១​លាន​នាក់​បានជា​សះស្បើយ​។​

 
​អ្នកសារព័ត៌មាន និង​អតីត​អ្នកសារព័ត៌មាន ជាច្រើន​នាក់ ក៏​ស្ថិត​ក្នុងចំណោម​ជនរងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​នេះ​ផងដែរ​។ តាម​ការផ្សព្វផ្សាយ​រប​ស់​សារព័ត៌មាន​បរទេស​នា​នា ជាពិសេស The New York Times អ្នកកាសែត និង​អតីត​អ្នកកាសែត​យ៉ាងហោចណាស់​២០​នាក់ បាន​ស្លាប់​ដោយសារ COVID-19 ទាំង​ក្នុង​បេសកកម្ម និង​មិនមែន​ស្ថិតក្នុង​បេសកកម្ម​។​
 
​សារព័ត៌មាន​ថ្មីៗ សូម​ដកស្រង់​ឈ្មោះ​ជ​នង​រងគ្រោះ​ទាំងនោះ រួមទាំង​ព័ត៌មាន​ខ្លះៗ​ពី​ពួកគាត់​ដូចខាងក្រោម​៖
 
២៣ ខែមីនា​៖
-​លោក Zororo Makamba អាយុ​៣០​ឆ្នាំ អតីត​អ្នកកាសែត​ស៊ីម​បា​វ៉េ​។ លោក​ត្រូវបាន​តេស្ត​ឃើញ​នា​រយៈពេល​១២​ថ្ងៃ ក្រោយ​វិលត្រឡប់​ពី​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ហើយ​២​ថ្ងៃ​ក្រោយមក លោក​ក្លាយជា​ករណី​ស្លាប់​ដំបូង​នៅ​ស៊ីម​បា​វ៉េ​។​
 
២៤ ខែមីនា​៖
-​លោក Alan Finder អាយុ​៧២​ឆ្នាំ អ្នកកាសែត​អាមេរិក ដែល​បម្រើការ​ជាច្រើន​ឆ្នាំ​ឲ្យ New York Times​។ 
 
២៩ ខែមីនា​៖
-​អ្នកស្រី Beryl Bernay អាយុ​៩៤​ឆ្នាំ ជនជាតិ​អាមេរិក ដែលជា​អតីត​អ្នកកាសែត អ្នក​ថតរូប និង​អ្នកបង្កើត​កម្មវិធី​ទូរទស្សន៍​សម្រាប់​កុមារ​។ គាត់​ធ្លាប់​បម្រើការ​អ្នករាយការណ៍​ព័ត៌មាន​សម្រាប់​អង្គការសហប្រជាជាតិ ប្រចាំ​អាស៊ីអាគ្នេយ៍​។ 
 
-​អ្នកស្រី Maria Carla Mercader អាយុ​៥៤​ឆ្នាំ អ្នកកាសែត​អាមេរិក និង​ផលិតករ​ព័ត៌មាន​របស់ CBS News ជាង​បី​ទសវត្សរ៍​។ 
 
-​លោក Henri Tincq អាយុ​៧៤​ឆ្នាំ អតីត​អ្នកកាសែត​បារាំង ជំនាញ​ផ្នែក​សាសនា ដែល​ធ្លាប់​បម្រើការ​ឲ្យ Le Monde, La Croix និង​ទស្សនា​វ​ដ្តី Slate​។ 
 
-​លោក Tomas Oneborg អាយុ​៦២​ឆ្នាំ អ្នក​ថតរូប​សារព័ត៌មាន​ស៊ុយអែត ដែល​បម្រើការ​ឲ្យ​សារព័ត៌មាន Svenska Dagbladet ចាប់តាំងពី​ឆ្នាំ​១៩៨៦​មក​។ 
 
៣០ ខែមីនា​៖
-​លោក Angel Sanchez Mendoza អាយុ​៥៧​ឆ្នាំ អ្នកកាសែត​អេ​ក្វា​ឌ័​រ និង​ជា​អ្នកគ្រប់គ្រង​ផ្នែក​ព័ត៌មាន​ប្រចាំ​ទូរទស្សន៍ Ecuavisa​។​
 
-​អ្នកស្រី Manuel Adofo Vara អតីត​អ្នកកាសែត​កីឡា និង​ជា​មេធាវី​អេ​ក្វា​ឌ័​រ អាយុ​៧៦​ឆ្នាំ​។ គាត់​មានឈ្មោះ​ដ៏​ល្បីល្បាញ​តាមរយៈ​ការងារ​ក្នុង​វិទ្យុ​អស់​រយៈពេល​៥៦​ឆ្នាំ​។​
 
៣១ ខែមីនា​៖
-​លោក Pape Diouf អាយុ​៦៨​ឆ្នាំ អតីត​អ្នកកាសែត​សេ​ណេ​ហ្គា​ល់ និង​ជា​អតីត​ប្រធាន​ក្លិប Olympique de Marseille នៃ​លី​គ​កំពូល​បារាំង​។ លោក​បានចាប់ផ្តើម​អាជីព​អ្នកកាសែត​នៅ​សារព័ត៌​មានបារាំង La Marseillaise ជាពិសេស​លើ​ជំនាញ​កីឡា ហើយ​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​។ 
 
២ ខែមេសា​៖
-​លោក Anick Jesdanum អាយុ​៥១​ឆ្នាំ អ្នកកាសែត​ជំនាញ​បច្ចេកវិទ្យា និង​ជា​ការី​និពន្ធ ដែល​ធ្លាប់​បម្រើការ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន Associated Press​។​

៧ ខែមេសា​៖
-​លោក Jacques Frémontier អាយុ​៧៦​ឆ្នាំ អ្នកកាសែត និង​ជា​ប្រវត្តិវិទូ​បារាំង ដែល​ធ្លាប់​បម្រើការ​នៅ L’Expresse ហើយ​ក្រោយមក​ធ្វើជា​និពន្ធ​នាយក និង​ជា​អ្នកគ្រប់គ្រង​នៅ Paris Presse, Paris Jour និង​កម្មវិធី​ទូរទស្សន៍ Vivre Aujourd’hui ជាដើម​។​
 
១៣ ខែមេសា​៖
-​លោក Claude Beauchamp អាយុ​៨០​ឆ្នាំ អតីត​អ្នកកាសែត និង​ការី​និពន្ធ​កាណាដា​។ លោក​ធ្លាប់​បម្រើការ​ឲ្យ La Presse, Le Soleil​។ លោក​បាន​ក្លាយជា​ប្រធាន​គ្រឹះស្ថានបោះពុម្ពផ្សាយ Les Affaires និង​ស្ថាប័ន​ព័ត៌មាន​ជាច្រើន​ទៀត​។ 
 
-​លោក Victor Batista Falla ជនជាតិ​គុយបា ដែលជា​អតីត​ការី​និពន្ធ និង​ជា​ចាងហ្វាង​ការផ្សាយ​ទស្សនា​វ​ដ្តី Exilio ។ ក្រោយ​ភៀសខ្លួន​៦០​ឆ្នាំ​នៅ​អាមេរិក លោក​ត្រឡប់​ទៅ​គុយបា​វិញ នៅ​ខែមេសា និង​បាន​ស្លាប់​ដោយសារ COVID-19 នៅ​ក្រុង​ហា​វ៉ា​ណា​។​
 
១៨ ខែមេសា​៖ 
-​អ្នកស្រី Gulshan Ewing ជនជាតិ​ឥណ្ឌា អាយុ​៩២​ឆ្នាំ អតីត​អ្នកកាសែត និង​ជា​ការី​និពន្ធ​ប្រចាំ​ទស្សនា​វ​ដ្តី Eve’s Weekly និង Star & Style​។ គាត់​ទទួលមរណភាព​នៅ​ក្រុង​ឡុង​ដ៍​។​
 
២១ ខែមេសា​៖ 
-​លោក José María Calleja អាយុ​៦៤​ឆ្នាំ អ្នកកាសែត​អេ​ស្ប៉ា​ញ និង​ជា​អតីត​អ្នកទោសនយោបាយ​។ លោក​បានទទួល​មរណភាព​នៅ​ក្រុង​ម៉ា​ឌ្រី​ដ​។​
 
២៧ ខែមេសា​៖ 
-​លោក Zafar Rasheed Bhatti អាយុ​៧០​ឆ្នាំ អតីត​អ្នកកាសែត​ប៉ា​គី​ស្ថាន ដែល​ធ្លាប់​បម្រើការ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន APP, Pakistan Press International និង Nawaiwaqt ជាដើម​។ 
 
-​លោក Mahmoud Riad Abujabal ជនជាតិ​អេ​ហ្ស៊ី​ប ដែលជា​ប្រធាន​ផ្នែក​ព័ត៌មាន​កីឡា​ប្រចាំ​សារព័ត៌មាន​អន​ឡាញ El Khamis​។​
 
-​លោក Humayun Kabir Khokon អាយុ​៤៧​ឆ្នាំ ជនជាតិ​បង់​ក្លា​ដែ​ស ជា​ប្រធាន​ក្រុម​អ្នកយកព័ត៌មាន​ប្រចាំ Dainik Somoyer Alo City៕
 

Tag:
 អ្នកកាសែត
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com