COVID-19
ជាតិ
ទោះ​មាន​កូ​វីដ​-១៩ តែ​ទុរេន​នៅតែមាន​ទីផ្សារ​ខ្ពស់
03, May 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ ចាប់ពី​ដើមខែ​មេសា​មក គឺជា​រដូវ​កាល​ប្រមូល​ផលដំណាំ​ទុរេន​។ ទោះជា​ឆ្នាំនេះ កម្ពុជា និង​បណ្តា​ប្រទេស​ដទៃទៀត​លើ​ពិភព​ល​លោក កំពុង​ប្រឈម​មុននឹង​ជំងឺ​កូ​វីដ​-១៩​ក្តី ប៉ុន្តែ​ទីផ្សារ​ទុរេន មិនបាន​ថមថយ​នោះឡើយ ពោលគឺ​តែមាន​តម្រូវការ និង​មាន​ទីផ្សារ​ខ្ពស់​ដដែល​។


 
​លោក សាក់ ផុន ម្ចាស់​ចម្ការ​ទុរេន នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង អះអាងថា ទុរេន​របស់លោក នៅមាន​ទីផ្សារ​ល្អ​នៅ​ឆ្នាំនេះ​។ បើតាម​ម្ចាស់​ចម្ការ​វ័យ​៥០​ឆ្នាំ​រូបនេះ ចាប់ពី​ដើមរដូវ​ប្រមូល​ផល​មក លោក​ទទួលបាន​បញ្ជា​ទិញ​ច្រើន ហើយ​ពេលខ្លះ លោក​ទុរេន​ហុច​ផល​មិនទាន់​ផង ព្រោះ​មិនមែនជា​រដូវ​ពេញ​ប្រមូល​ផល​នោះទេ​។ អតិថិជន​របស់លោក ផុន គឺជា​ឈ្មួញ​ដែល​យកទៅលក់​នៅតាម​ផ្សារ​ទំនើប និង​នៅតាម​បណ្ដា​នានា​។  
 
​លោក សាក់ ផុន ដែល​ដាំ​ទុរេន​ជាង​២០​ឆ្នាំ​មកហើយ បាន​ប្រាប់​Thmeythmey25 ដូច្នេះ​ថា​«​ទុរេន​របស់ខ្ញុំ​នៅ​លក់ដាច់​ធម្មតា អត់​មាន​កាត់បន្ថយ​ការ​កម្មង់​ទិញ​ផង​។ ហើយ​ឆ្នាំនេះ​ទុរេន​លក់បាន​ថ្លៃ​ជាង​ឆ្នាំមុន​ទៀត គឺ​ពី ២៣,០០០-២៥,០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ឥឡូវ​ខ្ញុំ​រក​ទុរេន​លក់​មិនទាន់​ផង​»​។​
 
​ម្ចាស់​ចម្ការ​ទុរេន និង​ដំណាំ​ជាច្រើន​មុខ​ទៀត នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង លោក ឆ​ម ភារៈ ជា ក៏​អះអាង​ដូចគ្នា​ដែរ​ថា ទុរេន ឆ្នាំនេះ​នៅតែមាន​ទីផ្សារ​ខ្ពស់ ទោះ​ពេល​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​។ លោក ឆ​ម ភារៈ រៀបរាប់​ប្រាប់ Thmeythmey25 តាម​ទូរស័ព្ទ​ថា នៅ​ដើមរដូវ​ប្រមូល​ផល​ទុរេន​ឆ្នាំនេះ លោក​ទទួលបាន​ការបញ្ជា​ទិញ​ពី​អតិថិជន​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​ដែរ ចំណែកឯ​តម្លៃ​វិញ គឺអាច​លក់​ចេញ​ចាប់ពី ១៥,០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។​
 
​ក្រៅពី​ទុរេន ដំណាំ​សាវ​ម៉ៅ របស់​កសិករ​វ័យ​២៧​ឆ្នាំ​រូបនេះ ក៏បាន​តម្លៃ​សមរម្យ​ដូច​ឆ្នាំ​កន្លងទៅ​ដែរ​។ 
 
​ចំណែកឯ លោក ទុយ វណ្ណៈ ដែលមាន​ម្ចាស់​ចម្ការ​ទុរេន​ម្នាក់ទៀត នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង ថា​ទុរេន​របស់គាត់​មាន​អ្នក​កក់​ទុក​ជិត​អស់​ទៅ បើទោះជា​មិនទាន់​ដល់ពេល​ប្រមូល​ផល​នៅឡើយ​ក៏ដោយ​។ លោក ទុយ វណ្ណៈ ប្រាប់ Thmeythmey25 តាម​ទូរស័ព្ទ​ថា អ្នក​មក​ទិញ​ទុរេន​របស់លោក​ភាគច្រើន ជា​អ្នក​ដែល​មក​កម្សាន្ត​នៅ​តំបន់​កម្សាន្ត​ជី​ផាត ហើយ​ធ្លាប់​មក​ស្នាក់នៅ​បឹង​កា​ឡូ​ទើប​ស្គា​ល់ពី​គុណភាព និង​រសជាតិ​ទុរេន​របស់លោក​។​
 
​កសិករ​វ័យ​២៩​ឆ្នាំ​រូបនេះ រំពឹងថា​ឆ្នាំនេះ ទុរេន​របស់ខ្លួន នឹង​លក់ដាច់​បាន​ច្រើនជាង​ឆ្នាំមុន​ទៀតផង​។ ចំណែក​លោក សាក់ ផុន​វិញ ហាក់​មានការ​បារម្ភ​បន្តិច​ថា នៅពេល​ដល់​រដូវ​ប្រមូល​ផល​ខ្លាំង ទុរេន អាច​ធ្លាក់​ថ្លៃ​វិញ ព្រោះ​ទិន្នផល​មាន​ច្រើន ខណៈ​កសិករ​ដាំ​ទុរេន​ក៏មាន​ច្រើន​ដែរនោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com