ជាតិ
«ស្លឹកដំឡូងឈើ»ជាចំណីដែលធ្វើឲ្យគោ ជ្រូក មាន់ ទា ឆាប់ធំធាត់ល្អ រូបថត៖ គណនីហ្វេសប៊ុក លោក ខៀវ បូរិន (Borin Khieu)
× ភ្នំពេញ៖ ស្លឹកដំឡូងឈើមានប្រូតេអ៊ីនចន្លោះ២៣-២៥ភាគរយ ល្អសម្រាប់ការលូតលាស់របស់សត្វគោ បើធៀបនឹងស្មៅធម្មតា និងចំបើងមានសារធាតុចិញ្ចឹមត្រឹម៥ភាគរយ។ បើតាមលោក ខៀវ បូរិន អ្នកជំនាញវិទ្យាសាស្ត្រចំណីសត្វ ស្លឹកដំឡូងនេះ គឺជាចំណីសត្វបន្ថែមដែលមានសារធាតុចិញ្ចឹមខ្ពស់ ក្នុងការរក្សាទម្ងន់សត្វ និងធ្វើឱ្យឆាប់ធំធាត់ តាមបែបធម្មជាតិ។ លោកបានបញ្ជាក់ថា គោមួយក្បាលអាចស៊ីស្លឹកដំឡូងនេះជាមធ្យម៥គីឡូក្រាម ក្នុងមួយថ្ងៃ។
ស្លឹកដំឡូងឈើ ក្រៅពីមានប្រូតេអ៊ីនខ្ពស់ហើយនោះ ក៏នៅមានផ្ទុកអាស៊ីតស្សានិក(Hydrocyanic Acid_HCN) ដែលអាចជួយកាត់បន្ថយព្រូន នៅក្នុងប្រព័ន្ធរំលាយអាហាររបស់សត្វទៀតផង។ នេះជាការអះអាង របស់លោក បូរិន ដោយបានបន្តថា កសិករដែលមានចិញ្ចឹម គួរតែនាំគ្នាដាំដំឡូងនេះ យកឱ្យសត្វស៊ី ល្អជាជាងនាំគ្នាទិញស្មៅ ត្រកួន ពីអ្នកដទៃ ដែលមានតម្លៃខ្ពស់ហើយ មានហានិភ័យចំពោះសត្វទៀត។ បើតាមអ្នកជំនាញសត្វរូបនេះ ស្លឹកដំឡូងឈើ អាចយកធ្វើជាចំណីគោ ជ្រូក មាន់ ទា និងសត្វពពែជាដើម។
លោកប្រាប់សារព័ត៌មានរាជធានី-ខេត្ត២៥ (ThmeyhThmey25) តាមទូរសព្ទថា៖ «គោដែលកសិករយើងចិញ្ចឹមតាមគ្រួសារ នៅក្នុងរដូវប្រាំងគឺស្រក ឬបាត់គីឡូពី១០ ទៅ១៥គីឡូក្រាមក្នុងមួយខែ បើគោនោះស៊ីតែចំបើង»។ លោកបានបន្តថា ក្នុងរដូវប្រាំងដែលខ្វះស្មៅ សត្វនោះ កសិករគួរដាំដំឡូងឈើ យកស្លឹកធ្វើចំណីសត្វ ដែលអាចប្រមូលបានក្នុងចន្លោះពេល ២១-២៨ថ្ងៃ ដោយច្រូតឬកាត់ ហើយដើមដំឡូងដែលនៅជាប់ដីនោះ កសិករគ្រាន់តែស្រោចទឹក និងដាក់ជីឱ្យបានត្រឹមត្រូវ គឺអាចច្រូកស្លឹកឱ្យគោស៊ី បានជាប្រចាំហើយ។ បើតាមលោក បូរិន ចម្ការដំឡូវឈើ១ហិកតា ឱ្យទិន្នផលជាស្លឹក ពី២៨ទៅ៣៥តោន។
ទន្ទឹមនឹងអត្ថប្រយោជន៍ខ្ពស់ និងភាពស្រួលនៃការចិញ្ចឹមសត្វឱ្យស៊ីស្លឹកដំឡូវឈើនោះ លោក ខៀវ បូរិន ក៏បានផ្តាំដល់កសិករមិនត្រូវឱ្យគោ ឬសត្វផ្សេងៗ ស៊ីស្លឹកដំឡូងនេះ ដោយគ្មានចំណីគោល នៅក្នុងខ្លួនសត្វមាននោះទេ (មិនត្រូវមុនចំណីផ្សេងៗ) ព្រោះអាចធ្វើឱ្យសត្វពុលបាន ដោយសារតែអាស៊ីតស្សានិក នៅពេលសត្វទាំងនោះស៊ីស្លឹកដំឡូងឆ្អែត។ លោកបានបញ្ជាក់ថា ស្លឹកដំឡូងឈើនេះ អាចឱ្យសត្វស៊ី បានចាប់ពីពេលថ្ងៃត្រង់ទៅ គឺពេលវេលាសម្រាប់ សម្រាប់សត្វទទួលយកចំណីនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com