ជាតិ
សង្គមជាតិ
លោក វីល្លាម ហ្គ័ង ត្រូវដកចេញពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
04, May 2020 , 4:43 pm        
រូបភាព
រូបពីគណនីហ្វេសប៊ុក William Guang
រូបពីគណនីហ្វេសប៊ុក William Guang
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលកំពុងទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ស្តីពីការបញ្ចប់មុខតំណែងលោក សុខសុវណ្ឌ វឌ្ឍនាសាប៊ុង ហៅ វីល្លាម ហ្គ័ង ប្រធានគណបក្សខ្មែរក្រោក ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី។

 

ក្នុងព្រះរាជក្រឹត្យ សម្តេច សាយ ឈុំ ពុំបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់តំណែងរបស់លោក សុខសុវណ្ឌ វឌ្ឍនាសាប៊ុង ឡើយ តែគេ ដឹងថា ថ្មីៗនេះ លោក បានទាស់ទែងជាមួយមន្រ្តីក្រសួងបរិស្ថាន ពេលលោក ចុះទៅស្រាវជ្រាវក្នុងរឿងមួយ ដោយលោក អះអាងថា មន្រ្តីបរិស្ថាន បានឃុំខ្លួនប្រជាជន និងការពារក្រុមហ៊ុនឯកជន។

ក្រសួងបរិស្ថាន ហៅការប្រើសម្តី កាយវិការ​ និង ការចោទប្រកាន់របស់លោក សុខសុវណ្ឌ វឌ្ឍនាសាប៊ុង ថា មានភាពក្រអឺតក្រទម និងមិនសមជាដៃគូរបស់រដ្ឋាភិបាលឡើយ។ 

លោក ឈឹម ផលវរុណ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មិនទាន់អាចធ្វើអត្ថាធិប្បាយច្រើនឡើយ ជុំវិញការបញ្ចប់តំណែងរបស់លោក សុខសុវណ្ឌ វឌ្ឍនាសាប៊ុង។ លោក គ្រាន់តែសន្និដ្ឋានថា ការបញ្ចប់នេះ គឺទំនងជាបញ្ចប់តែបុគ្គលប៉ុណ្ណោះ ពោលគឺ មិនមែនដកគណបក្សខ្មែរក្រោកទាំងមូលនោះទេ។ 

គណបក្សខ្មែរក្រោក ក៏ដូចគណបក្សដទៃដែរ គឺមានមនុស្ស៣នាក់ ដែលស្ថិតក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ មនុស្សទាំង៣នាក់នោះ គឺ ២នាក់ ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ហើយម្នាក់ទៀត ធ្វើជាមន្រ្តីលេខាក្នុងអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់៕ 

Tag:
 វីល្លាម ហ្គ័ង
© រក្សាសិទ្ធិដោយ thmeythmey.com