ជាតិ
លោក ស៊ុន ចាន់ថុល ព្រមាន​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវជាតិ​លេខ​២​និង​២២ ដែល​ធ្វើ​ផ្លូវ​យឺតយ៉ាវ
05, May 2020 , 12:59 am        
រូបភាព
សកម្មភាពលោក ស៊ុន ចាន់ថុល ចុះពិនិត្យការសាងសង់ផ្លូវនៅថ្ងៃទី៤ ឧសភា ឆ្នាំ២០២០ (រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន)
សកម្មភាពលោក ស៊ុន ចាន់ថុល ចុះពិនិត្យការសាងសង់ផ្លូវនៅថ្ងៃទី៤ ឧសភា ឆ្នាំ២០២០ (រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន)
​ភ្នំពេញ​៖ លោក ស៊ុន ចាន់ថុល រដ្ឋ​ម​ន្រី្ត​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​ឱ្យ​ក្រុមហ៊ុន​ ដែល​សាងសង់​ផ្លូវជាតិ​លេខ​២​និង​លេខ​២២ មាន​ភាពយឺតយ៉ាវ រក​ដំណោះស្រាយ​ឱ្យទាន់​ពេលវេលា​។ បើ​មិន​ដូច្នោះ​ទេ ក្រុមហ៊ុន​នេះ នឹងរង​ការផាកពិន័យ​។


 
​លោក ស៊ុន ចាន់ថុល បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ នៅ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ រង្វង់​មូល​អ្នក​លឿង ផ្លូវ​ក្រវាត់ក្រុង​ព្រៃវែង និង​ចំណុច​ផ្លូវជាតិ​លេខ​២​និង​២២ ឃើញថា​ផ្លូវជាតិ​លេខ​២​និង​២២ មានការ​សាងសង់​យឺតយ៉ាវ ដោយសារ​តែមាន​ការដ្ឋាន​សាងសង់​តែ​ពីរ​កន្លែង​ប៉ុណ្ណោះ​។ បើតាម​លោក ស៊ុន ចាន់ថុល មូលហេតុ​នាំឱ្យ​ការសាងសង់​យឺតយ៉ាវ​នេះ ដោយសារ​គ្រឿងចក្រ​ជាប់គាំង​នៅ​ប្រទេស​វៀតណាម មិនទាន់​មក​កម្ពុជា​។ លោក ស៊ុន ចាន់ថុល បញ្ជា​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​សាងសង់ រក​ដំណោះស្រាយ​ផ្សេងទៀត ដើម្បី​ព​ន្លឿ​ន​ការស្ថាបនា​ផ្លូវ​នេះ​។  
 
​ថ្លែង​នៅក្នុង​ដំណើរ​ត្រួតពិនិត្យ​ផ្លូវ នៅ​ថ្ងៃទី​៤ ឧសភា រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ផ្លូវ​ពី​ភ្នំពេញ​-​តាកែវ ឃើញ​គ្រឿងចក្រ​២​គ្រឿង ។ គ្រឿងចក្រ​តែ​២ គ្មាន​អ្នកណា​ធ្វើការ​ទាំងអស់​លើផ្លូវ​លេខ​២​និង​២២​នេះ​។ បើ​(​ខ្ញុំ​)​មិន​ចុះ​មើល ធ្វើ​ម៉េច​ដឹង !​ទាល់​ពេល​(​ខ្ញុំ​)​សួរដេញដោល ថា​គ្រឿងចក្រ​ជាប់​នៅ​វៀតណាម​មក​មិន​រួច​ទេ​។ ហើយ​បើ​គ្មាន (​ក្រុមហ៊ុន​)​ម៉េច​មិន​ជួល​គ្រឿងចក្រ​នៅ​ស្រុក​ខ្មែរ​ធ្វើ​ឲ្យ​ទាន់ពេលវេលា​ទៅ​»​។ 
 
​តែ​យ៉ាងណា​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា នៅសល់​ពេល​ច្រើន​ទៀត ដែល​ក្រុមហ៊ុន​អាច​សាងសង់​ផ្លូវជាតិ​លេខ​២​និង​២២ ទាន់ពេលវេលា ។​ប៉ុន្តែ​បើ​ដល់ពេល​កំណត់​ហើយ ក្រុមហ៊ុន​សាងសង់​មិនទាន់​រួចរាល់​នោះ ក្រុមហ៊ុន​នឹងរង​ការពិន័យ​ជាមិនខាន​។ បន្ទាប់ពី​ពិនិត្យឃើញ​មាន​ភាពយឺតយ៉ាវ លោក ស៊ុន ចាន់ថុល អះអាងថា លោក​នឹង​ចេញ​លិខិត​ព្រមាន ដល់​ក្រុមហ៊ុន Hanshin ឲ្យ​រក​ដំណោះស្រាយ ឬ​ត្រូវ​ប្ដូរ​អ្នក​សាងសង់ នៅ​ថ្ងៃទី​៥ ឧសភា​។ 
 
​គោលបំណង​ដែល​លោក ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​មើ​លើ​ផ្លូវជាតិ​លេខ​២ និង​លេខ​២២​នេះ គឺ​ដើម្បី​មើល​ចំណុច​ខ្វះខាត ដូចជា​បញ្ហា​បច្ចេកទេស​មួយចំនួន ទាក់ទង​នឹង​ការសាងសង់ ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ធ្វើការ​កែសម្រួល បំពេញបន្ថែម​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​។ 
 
​សូមបញ្ជាក់ថា ផ្លូវ​ទាំងពីរ​ខ្សែ​នេះ នឹង​សាងសង់​ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ AC ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៥៦.១​លាន​ដុល្លារ​អាមេរិក​ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល សាធារណរដ្ឋ​កូរ៉េ រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​។  ផ្លូវ​នេះ​ទទួលបាន​សិទ្ធិ​សាងសង់​ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដោយ​ក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស សាងសង់​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Dasan Consultants Co., Ltd, Dong Il Engineering Consultants Co., Ltd, និង Seoyoung Engineering Co., Ltd Joint Venture៕ 

Tag:
 ផ្លូវជាតិ​លេខ​២
  ផ្លូវជាតិ​លេខ​២២
© រក្សាសិទ្ធិដោយ thmeythmey.com