ជាតិ
លោក ស៊ុន ចាន់ថុល​៖ ផ្លូវជាតិ​លេខ​១១ ធ្វើតាម​ស្ដង់ដា មិនមែន​ចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្ដើង​ឡើយ​
05, May 2020 , 12:02 pm        
រូបភាព
លោក ស៊ុន ចាន់ថុល ថ្លែងទៅកាន់អ្នកកាសែត ពេលចុះពិនិត្យការសាងសង់ផ្លូវជាតិលេខ១១​ (រូបពីក្រសួងសាធារណការ)
លោក ស៊ុន ចាន់ថុល ថ្លែងទៅកាន់អ្នកកាសែត ពេលចុះពិនិត្យការសាងសង់ផ្លូវជាតិលេខ១១​ (រូបពីក្រសួងសាធារណការ)
ដោយ:
​ភ្នំពេញ​៖ លោក ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ចុះ​ត្រួតពិនិត្យ​ការងារ​សាងសង់​ផ្លូវជាតិ​លេខ​ជាតិ​លេខ​១១ នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ ក្នុង​គោលបំណង​ជំរុញ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ កែសម្រួល​និង​បំពេញបន្ថែម​នូវ​លក្ខណ​បច្ចេកទេស ដើម្បី​ឲ្យ​គុណភាព​រឹងមាំ និង​អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។


 
​លោក ស៊ុន ចាន់ថុល ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ទោះ​ជំងឺ​កូ​វីដ​-១៩ កំពុង​ក្លាយជា​បញ្ហា​សាកល​ក្តី តែ​សកម្មភាព​សាងសង់​ហេ​ដ្ឋា​រចនា​ផ្លូវថ្នល់ និង​ស្ពាន​នៅ​កម្ពុជា នៅតែ​ដំណើរការ​ជាធម្មតា​។ គេហទំព័រ​របស់​ក្រសួង​សាធារណការ បាន​ស្រង់​សម្តី​របស់លោក​រដ្ឋមន្ត្រី ទៅ​ចុះផ្សាយ​ថា​៖«​ឆ្លងកាត់​ការត្រួតពិនិត្យ​គុណភាព​ផ្លូវ​មួយរយៈ​កន្លងមក ផ្លូវជាតិ​លេខ​១១ និង​ផ្លូវជាតិ​លេខ​៣ ជាដើម មានគុណ​ភាព​តាម​ស្តង់ដា និង​គោរព​តាម​លក្ខណ​បច្ចេកទេស គឺ​មិនមែន​ចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្តែង​ឡើយ​»​។​
 
​ជាមួយគ្នានេះ លោក បាន​ផ្ញើ​សារ​ជូន​ក្រុមហ៊ុន​សាងសង់​ទាំងអស់​ថា បើ​មិន​ចង់​សាងសង់​ឡើងវិញ ឬ​មិន​ចង់​ស្ថិតក្នុង​បញ្ជីខ្មៅ​ទេ ការសាងសង់ គឺ​ត្រូវគោរព​តាម​បទដ្ឋាន​បច្ចេកទេស​ជាដាច់ខាត​។ លើសពីនេះ លោក ស្នើ​ដល់​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ ឲ្យ​ចូល​រួមជាមួយ​រដ្ឋាភិបាល ក្នុងការ​ថែរក្សា​សម្បត្តិ​ជាតិ ជាពិសេស​អ្នក​ដែលមាន​លំនៅដ្ឋាន​នៅតាម​បណ្ដោយ​ផ្លូវជាតិ ហើយ​មិនត្រូវ​បំពាន​ដី​ចំណីផ្លូវ​ឡើយ និង មិនត្រូវ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​នោះទេ​។ 
 
​ផ្លូវជាតិ​លេខ​១១ មាន​ប្រវែង​៩៦​គីឡូម៉ែត្រ ត​ភ្ជាប់​រវាង​ខេត្តព្រៃវែង ត្រង់ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ​១ (​អ្នក​លឿង​) និង​ខេត្ត​ត្បូងឃ្មុំ ត្រង់ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ​៧ (​ថ្នល់ទទឹង​)​។ មកដល់ពេលនេះ ការសាងសង់​ផ្លូវជាតិ​លេខ​១១ ដែល​ក្រាល​បេតុង​កៅស៊ូ AC សម្រេចបាន​ជាង​៩១ ភាគរយ​ហើយ​។ 
 
​ការសាងសង់​ផ្លូវជាតិ​លេខ​១១ ត្រូវ​ចំណាយ​ទឹកប្រាក់​ជាង​៩៨​លាន​ដុល្លារ ដែលជា​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​។ ការសាងសង់​ផ្លូវជាតិ​លេខ​១១ គឺ​ចាប់​ខែធ្នូ ឆ្នាំ​២០១៧​មក និង​គ្រោង​បញ្ចប់ នៅ​ចុង ឆ្នាំ​២០២០​នេះ​៕ 

រូបពីក្រសួងសាធារណការ៖







Tag:
 ​ផ្លូវជាតិ​លេខ​១១
  ហេ​ដ្ឋា​រចនាសម្ព័ន​
© រក្សាសិទ្ធិដោយ thmeythmey.com