COVID-19
អន្តរជាតិ
WHO ថា ពុំទាន់​ទទួល​ភ័ស្តុតាង​ពី​អាមេរិក​រឿង​មន្ទីរពិសោធន៍​វូ​ហាន​ជា​ប្រភព​ជំងឺ COVID-19
05, May 2020 , 2:38 pm        
រូបភាព
លោក Michael Ryan  នាយកប្រតិបត្តិWHOទទួលបន្ទុកកម្មវិធីអាសន្ន (AFP)
លោក Michael Ryan នាយកប្រតិបត្តិWHOទទួលបន្ទុកកម្មវិធីអាសន្ន (AFP)
ដោយ:
​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃទី​៤ ខែឧសភា បញ្ជាក់ថា រដ្ឋធានី វ៉ាស៊ីនតោន ពុំទាន់​បានផ្ដល់​ភ័ស្តុតាង​ណាមួយ​មក​គាំទ្រ​ការអះអាង​ពី​សំណាក់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដោយ​ថា កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​ដែល​បង្ក​ទៅជា​ជំងឺ COVID-19 មាន​ដើមកំណើត​ក្នុង​មន្ទីរពិសោធន៍​ចិន​មួយ​ឡើយ​។​

 
«​យើង​ពុំទាន់​ទទួលបាន​ភ័ស្តុតាង​ជាក់លាក់ ឬ​ទិន្នន័យ​ណាមួយ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​នឹង​ការ​សំអាង​នៃ​ដើមកំណើត​វីរុស​។ ដូច្នេះ​តាម​ការយល់ឃើញ​របស់​យើង បញ្ហា​នេះ​នៅតែ​ជា​រឿង​មិន​ប្រាកដប្រជា​ដដែល​»​។ លោក Michael Ryan  នាយក​ប្រតិបត្តិ WHO ទទួលបន្ទុក​កម្មវិធី​អាសន្ន បញ្ជាក់ប្រាប់​សន្និសីទ​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​បែបនេះ ។​
 
​លោក Ryan អះអាងថា WHO មាន​ឆន្ទៈ​ក្នុងការ​ទទួលយក​ព័ត៌មាន​ទាំងឡាយណា ដែល​បញ្ជាក់​ពី​ប្រភពដើម​នៃ​វីរុស​នេះ​។ លោក​ដោយ​សង្កត់ធ្ងន់ថា ព័ត៌មាន​ទាំងនេះ​មាន​សារ​សំខាន់បំផុត​សម្រាប់​គ្រប់គ្រង​ជំងឺ​រាតត្បាត​នា​ថ្ងៃ​អនាគត​។​
 
«​ប្រសិនបើ​ទិន្នន័យ និង​ភ័ស្តុតាង​ទាំងនេះ មាន​មែន​នោះ សហរដ្ឋអាមេរិក គួរតែ​សម្រេចចិត្តថា ពេលណា​ដែល​ខ្លួន​អាច​ចែករំលែក​ព័ត៌មាន​ទាំងនោះ​»​។ លោក Ryan លើកឡើង​បែបនេះ ដោយ​បន្ថែមថា អង្គការ​សុខភាព​ពិភពលោក នឹង​ជួបប្រទះ​ការលំបាក​ក្នុងការ​ប្រតិបត្តិការ ប្រសិនបើ​គ្មាន​ព័ត៌មាន​ក្នុង​បញ្ហា​ប្រភពដើម​នៃ​វីរុស​នេះ​ទេនោះ​។​
 
​ក្រុម​អ្នកវិទ្យាសាស្ត្រ ជឿថា វីរុស​ដ៏​កាច​សាហាវ​នេះ ឆ្លង​ពីស​ត្វ​ទៅ​មនុស្ស ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩ ។ គេ​សង្ស័យថា វីរុស​នេះ​អាច​ចេញពី​ផ្សារ​មួយកន្លែង​ក្នុង​ទីក្រុង​វូ​ហាន ដែល​លក់​សត្វព្រៃ​។ 
 
​ក៏ប៉ុន្តែ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បន្ត​ទម្លាក់កំហុស​ដាក់​រដ្ឋាភិបាល​ចិន​ពាក់ព័ន្ធ​នឹង​ការយឺតយ៉ាវ​ក្នុង​ចាត់​ចំណាត់ការ​ទប់ស្កាត់ COVID-19 មុនពេល​វា​រីក​រាលដាល​កាន់តែខ្លាំង​។ ម្យ៉ាងទៀត លោក​ក៏​អះអាងថា មាន​ភ័ស្តុតាង​បញ្ជាក់ថា វីរុស​នេះ​មាន​ប្រភព​ដើមពី​មន្ទីរពិសោធន៍​ក្រុង​វូ​ហាន​។  បន្ថែម​ពី​លោក ត្រាំ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​៣ ខែឧសភា​កន្លងទៅ លើកឡើងថា សហរដ្ឋអាមេរិក​មាន​ភ័ស្តុតាង​យ៉ាងច្រើន​គាំទ្រ​ការអះអាង​ដែល​ប៉េកាំង​បដិសេធ​នេះ​។  
 
​ទាក់ទិន​នឹង​ការអះអាង​របស់​ប្រមុខ​ការទូត​អាមេរិក​នេះ ទូរទស្សន៍​រដ្ឋ​ចិន CCTV នៅ​ថ្ងៃទី​៤ ខែឧសភា បានចាត់ទុក​សម្តី​លោក ប៉ុ​ម​ប៉េ​អូ ថា ជា​រឿង​ឆ្កួត​ឡប់ និង​គ្រោះថ្នាក់ ហើយ​កំពុង​ចាក់​សាំង​បន្ថែម​លើ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។ យ៉ាងណាមិញ រដ្ឋាភិបាល​ចិន ពុំទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ឡើយ​ជុំវិញ​ការអះអាង​របស់លោក ដូ​ណា​ល់ ត្រាំ និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ដោយ​ថា មាន​ភ័ស្តុតាង​បញ្ជាក់​ពី​ប្រភពដើម​នៃ​COVID-19​នេះ​។​
 
​ផ្ទុយ​ពី​ការលើកឡើង​របស់លោក ត្រាំ សហគមន៍​ចារកម្ម​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​៣០ ខែមេសា បានចេញ​សេចក្តី​សន្និដ្ឋានថា ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​ដែល​បង្ក​ទៅជា​ជំងឺ​COVID-19 មាន​ដើមកំណើត ក្នុងប្រទេស​ចិន​ពិតមែន តែ​ពុំមែន​ជាការ​បង្កើតឡើង​ដោយ​មនុស្ស​ទេ​៕

Tag:
 WHO
  Michael Ryan
  វូ​ហាន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com