អន្តរជាតិ
និស្សិត​អន្តរជាតិ​ថា បទបញ្ជា​ថ្មី​របស់​ប្រធានាធិបតី​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​តប់ប្រមល់​
05, May 2020 , 7:59 pm        
រូបភាព
និស្សិត​ចិន​រង់ចាំ​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​ដើម្បី​ចូល​សម្ភាសន៍​សុំ​ទិដ្ឋាការ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។
និស្សិត​ចិន​រង់ចាំ​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​ដើម្បី​ចូល​សម្ភាសន៍​សុំ​ទិដ្ឋាការ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ទោះបីជា​ការសម្រេចចិត្ត​នេះ​មិន​ប៉ះពាល់​ផ្ទាល់​ទៅលើ​ទិដ្ឋាការ​របស់​និស្សិត​ក៏ដោយ វា​អាចធ្វើ​ឲ្យ​មានការ​ពិចារណា​ទៅលើ​កម្មវិធី​ផ្តល់​សិទ្ធិ​ហ្វឹកហ្វឺន​ការងារ​ក្រោយ​បញ្ចប់​ការសិក្សា​របស់​និស្សិត​អន្តរជាតិ «​នៅក្នុង​រយៈពេល​៣០​ថ្ងៃ​ពី​ការប្រកាស​បទបញ្ជា​នេះ​» ហើយ​អាច​នឹងមាន​ការណែនាំ​ឲ្យ​មាន «​វិធានការ​ផ្សេងៗ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​អាមេរិក​ឡើងវិញ​» ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

 
​ទិដ្ឋាការ​សម្រាប់​និស្សិត​ស្ថិតក្រោម​ប្រភេទ​ទិដ្ឋាការ​មិន​អន្តោប្រវេសន៍​ដែល​ផ្តល់ជូន​ដល់​ជនបរទេស​ដែល​ចង់​ចូលមកក្នុង​សហរដ្ឋអាមេរិក​ជា​បណ្តោះ​អាសន្ន​។​
 
​កញ្ញា Athiyah Azum និស្សិត​ផ្នែក​សារព័ត៌មាន​នៅឯ​សាកលវិទ្យាល័យ Maryland ដែល​បញ្ចប់​ការសិក្សា​នៅ​ខែឧសភា​នេះ ថ្លែងថា គាត់​បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើការ លក្ខណៈ​ជាការ​បណ្តុះបណ្តាល​កា​ងារ​ក្រោយ​បញ្ចប់​ការសិក្សា ឬ​ហៅថា OPT ប៉ុន្តែ​គាត់​បារម្ភ​ខ្លាច​មិន​ទទួលបាន​ការអនុញ្ញាត ទាន់​មុនពេល​ទិដ្ឋាការ​របស់គាត់​ផុតកំណត់​។​
 
​កញ្ញា​ប្រាប់ VOA ថា​៖ «​នៅពេល​ខ្ញុំ​ដាក់ពាក្យ​ធ្វើការ ខ្ញុំ​ត្រូវ​បញ្ជាក់​ក្នុង​លិខិត​ថា ខ្ញុំ​មិន​ត្រូវការ​ឲ្យ​ក្រុមហ៊ុន​ធានា​ឧបត្ថម្ភ​ខ្ញុំ ខ្ញុំ​មាន​សិទ្ធិ​ធ្វើការ​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា​ទៅ ដោយសារ​ខ្ញុំ​រំពឹងថា​នឹង​បាន​វា​»​។​
 
​សិទ្ធ​ធ្វើការ​ហ្វឹកហ្វឺន​ក្រោយ​បញ្ចប់​ការសិក្សារ​ឬ​ដែល​គេ​ហៅថា OPT អនុញ្ញាត​ឲ្យ​និស្សិត​មហាវិទ្យាល័យ​ដែល​មក​អាមេរិក​តាម​ទិដ្ឋាការ​និស្សិត​អាច​បន្ត​ស្នាក់នៅ​និង​ធ្វើការ​តាម​មុខវិជ្ជា​របស់​ពួកគេ​រហូតដល់​៣​ឆ្នាំ​។​
 
​កញ្ញា Azum អតីត​និស្សិត​កម្មសិក្សា​ឲ្យ VOA បាន​ពន្យល់ថា ទោះបីជា​បទបញ្ជា​ប្រធានាធិបតី​មិន​ប៉ះពាល់​ដល់​និស្សិត​ដូចជា​រូបគាត់​ក្តី វា​បាន​បន្ថែម​ដល់​ក្តីបារម្ភ​ដែលមាន​ស្រាប់​។​
 
​កញ្ញា Azum ថ្លែងថា​៖ «​ពេល​ខ្ញុំ​ទទួលបាន​ព័ត៌មាន​ថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នឹង​ចេញ​បញ្ជា​ហាមឃាត់​ជន​អន្តោរ​ប្រវេសន៍​ជា​បណ្តោះអាសន្ន វា​ធ្វើ​ឲ្យ​ខ្ញុំ​មិនដឹងថា ខ្ញុំ​ត្រូវធ្វើ​ដូចម្តេច មិនដឹងថា​អាច​បន្ត​នៅ​អាមេរិក​បាន​ឬ​អត់ ហើយ​មិនដឹងថា​នឹងមាន​អ្វី​កើតឡើង​ត​ទៅមុខទៀត​»​។​
 
​យោងតាម​ទីភ្នាក់ងារ​អាមេរិក​ទទួល​បន្ទុក​ខាង​ការផ្តល់​សញ្ជាតិ និង​កិច្ចការ​អន្តោប្រវេសន៍ ឬ​ហៅ​កាត់​ថា USCIS បាន​ឲ្យ​ដឹងថា ការិយាល័យ​នានា​នឹង​បើក​ឡើងវិញ​នៅ​ថ្ងៃទី​៤ ខែមិថុនា ប៉ុន្តែ​បុគ្គលិក​ទីភ្នាក់ងារ USCIS ត្រូវ​បន្ត​ធ្វើការ​តាម​កាតព្វកិច្ច​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​សាធារណៈ​។​
 
​អស់​រយៈពេល​ជាង​១​ខែ​ហើយ រដ្ឋាភិបាល​អាមេរិក​បាន​បញ្ឈប់​ទិដ្ឋាការ​ទាំងអស់​ក្រៅពី​ទិដ្ឋាការ​អន្តោប្រវេសន៍​។ ជើងហោះហើរ​ត្រូវ​លុបចោល​។ ការិយាល័យ​អន្តោប្រវេសន៍​បាន​បិទទ្វារ​។ សាលារៀន​បង្រៀន​តាម​អន​ឡាញ​។​
 
​អ្នកនាង Rebecca Hamlin ប្រធាន​ផ្នែក​ជ្រើសរើស​សិស្ស​ចូលរៀន​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ Massachusetts នៅ​ទីក្រុង Amherst ថ្លែងថា មានការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​និស្សិត​អន្តរជាតិ ព្រោះ​គ្មាន​អ្នកណា​អាចដាក់​ពាក្យ​ចូលមក​រៀន​ក្នុង​អាមេរិក​បាន បើទោះបីជា​សាលា​បាន​ទទួលយក​និស្សិត​នោះ​រួចហើយ​ក៏ដោយ​។​
 
​អ្នកនាង​ថ្លែងថា​៖ «​យើង​បានទទួល​ទូរស័ព្ទ​សួរ​អំពី​រឿងនេះ​កាលពី​ខែ​មុន ថា​តើ​សិស្ស​អាច​ចូលរៀន​ក្នុង​ឆ្នាំ​សិក្សា​២០២០ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ​បាន​ឬទេ​។ រហូតមកដល់​ពេលនេះ​យើង​មិនមាន​ចម្លើយ​សម្រាប់​ពួកគេ​នោះទេ​»​។​
 
​អ្នកនាង Hamlin ថ្លែងថា បទបញ្ជា​ប្រធានាធិបតី​មិន​ផ្តល់​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​នេះ​ពិតជា​គ្រោះមហន្តរាយ​មួយ​ដល់​ការអប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅក្នុង​ប្រទេស​នេះ​មែន​»​។​
 
​វិស័យ​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅ​អាមេរិក​ប្រឈម​នឹង​ការប្រកួតប្រជែង​ពី​ប្រទេស​ដទៃទៀត​កាលពី​ឆ្នាំ​២០១៨ ដែល​បាន​បញ្ចុះ​ថ្លៃ​សិក្សា ផ្តល់​មធ្យោបាយ​ធ្វើ​អន្តោប្រវេសន៍ និង​មិនសូវមាន​ភាពចម្រូងចម្រាស​សម្រាប់​និស្សិត​អន្តរជាតិ​។​
 
​របាយការណ៍​របស់គេ​ហ​ទំព័រ​ព័ត៌មាន​ឧ​ត្ត​មសិ​ក្សា Inside Higher Ed រាយការណ៍​ថា ចំនួន​អ្នក​ចុះឈ្មោះ​ចូលរៀន​ឆ្នាំ​សិក្សា​២០២០​ប្រមាណ​១៥​ភាគរយ​បាន​ថយចុះ រួច​បញ្ចូល​ទាំង​ការថយចុះ​២៥​ភាគរយ​នៃ​ចំនួន​និស្សិត​អន្តរជាតិ​ដែល​ចុះឈ្មោះ​ចូលរៀន​។ ការរកឃើញ​នេះ​អាច​មានន័យថា​ខាតបង់​ប្រាក់ចំណូល​២៣​ពាន់​លាន​ដុល្លារ​។​
 
​កាសែត Chronicle of Higher Education រាយការណ៍​ថា ទោះបីជា​មហាវិទ្យាល័យ​នានា​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ប៉ះប៉ូវ​ការខាតបង់​ក៏ដោយ ស្ថាប័ន​ទាំងនេះ​បាន​ផ្អាក​ការងារ​បុគ្គលិក​រាប់រ​យ​នាក់​របស់ខ្លួន​ជា​បណ្តោះអាសន្ន ហើយ​បានប្រកាសថា​បាន​ខាត​ប្រាក់ចំណូល​ជាង​១០០​លាន​ដុល្លារ​។ មហាវិទ្យាល័យ​តូចៗ​ប្រហែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ ហើយ​ប្រហែល​មិនអាច​រើប​ឡើងវិញ​បាន​ពី​បញ្ហា​ហិរញ្ញវត្ថុ​ដែល​បង្កឡើង​ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​
 
​យោងតាម​របាយការណ៍ Open Doors ប្រចាំឆ្នាំ​របស់​វិទ្យាស្ថាន​អប់រំ​អន្តរជាតិ IIE បាន​ឲ្យ​ដឹងថា មាន​និស្សិត​អន្តរជាតិ ១.០៩៥.២៩៩ នាក់ ឬ​៥,៥​ភាគរយ​នៃ​និស្សិត​ទាំងអស់​ដែលមាន​ចំនួន ១៩.៨២៨.០០០​នាក់​នៅ​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​សហរដ្ឋអាមេរិក​សម្រាប់​ឆ្នាំ​សិក្សា ២០១៨ ដល់​២០១៩​។​
 
​ក្នុងចំណោម​និស្សិត​អន្តរជាតិ​ទាំងអស់ មាន​និស្សិត​មកពី​ប្រទេស​ចិន​ច្រើនជាងគេ​គឺ ៣៦៩.៥៤៨ នាក់ ឬ ៣៣,៧​ភាគរយ​។ និស្សិត​មកពី​ប្រទេស​ឥណ្ឌា​មាន​ច្រើន​ទី​២ គឺ ២០២.០១៤​នាក់​ឬ​១៨,៤​ភាគរយ​នៃ​ចំនួន​និស្សិត​អន្តរជាតិ​ទាំងអស់​។​
 
​អ្នកនាង Hamlin ថ្លែងថា​៖ «​បញ្ហា​ដែល​អកុសល​បំផុត​គឺថា​យើង​មិន​ទាំង​អាច​ឲ្យ​ជម្រើស​សិស្ស​រៀន​តាម​អន​ឡាញ ចំពោះ​និស្សិត​ដែល​ទិដ្ឋាការ​របស់​ពួកគេ​មិនអាច​ចេញ​ឲ្យ​ទាន់ពេលវេលា​។ ពីព្រោះ​សូម្បីតែ​ពួកគេ​សុខចិត្ត​រៀន​អន​ឡាញ​ពី​ក្រៅ​សហរដ្ឋអាមេរិក​ក៏ដោយ ក៏​យើង​មិនអាច​ឲ្យ​ពួកគាត់​ចុះឈ្មោះ​ផ្លូវការ​បានទេ​បើ​ពួកគាត់​មិន​ទទួលបាន​ទិដ្ឋាការ​សិស្ស​។​
 
​ក្រោយ​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន OPT
 
​កញ្ញា Azum សង្ឃឹមថា កិច្ច​ការដែល​បុគ្គលិក​ស្ថាប័ន USCIS កំពុងតែ​ធ្វើ​ក្នុងអំឡុងពេល​មាន​វិបត្តិ​កូ​វីដ​១៩​នេះ អាច​អនុញ្ញាត​ឲ្យ​គាត់​មាន​សិទ្ធិ​ធ្វើការ​ហ្វឹកហ្វឺន​ដោយ​ប្រើ OPT ទាន់​ត្រឹម​ខែមិថុនា​។​
 
​កញ្ញា Azum ថ្លែងថា​៖ «​បន្ទាប់ពី​ចប់​កម្មវិធី​ហ្វឹកហ្វឺន​ប្រើ​កម្មវិធី OPT ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​អាច​អាច​បន្ត​ធ្វើការ​កាន់តែច្រើន​ប្រើប្រាស់​កម្មវិធី OPT នេះ​។ បន្ទាប់មក ក្រោយពេល​ខ្ញុំ​បង្កើន​បទពិសោធន៍​ការងារ​របស់ខ្ញុំ ខ្ញុំ​អាចដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើការ​តាមរយៈ​ទិដ្ឋាការ​បែប H1B នៅ​ឆ្នាំក្រោយ​ទៀត​»​។​
 
​ទិដ្ឋាការ H1B អនុញ្ញាត​ឲ្យ​អ្នក​ដែល​មិនមែនជា​ជនអន្តោប្រវេសន៍​អាច​ធ្វើការ​បណ្តោះអាសន្ន​នៅ​អាមេរិក​។ មេធាវី​ផ្នែក​អន្តោប្រវេសន៍​ថ្លែងថា ដើម្បី​ការទទួលបាន​ទិដ្ឋាការ H1B ដើម្បី​ធ្វើការ​គឺជា​គោលបំណង​ទូទៅ​មួយ​សម្រាប់​និស្សិត​អន្តរជាតិ​។​
 
​អ្នកស្រី Rosanna Berardi មេធាវី​អន្តោប្រវេសន៍​មកពី​ទីក្រុង Buffalo រដ្ឋ New York បាន​ថ្លែងថា អតិថិជន​របស់​អ្នកស្រី​ភាគច្រើន​ដែល​ដាក់​ពាក្យសុំ​ទិដ្ឋាការ H1B គឺជា​និស្សិត​អន្តរជាតិ​។​
 
​អ្នកស្រី​ថ្លែងថា​៖ «​ពួកគេ​នឹងមិន​អាច​បន្ត​ធ្វើការ​ក្រោយ​រៀន​ចប់ ព្រោះ​ប្រសិនបើ​ពួកគេ​មិនអាច​ទទួលបាន​ទិដ្ឋាការ H1B ក្រោយ​ទិដ្ឋាការ​និស្សិត​របស់​ពួកគេ​អស់​សុពលភាព ពួកគេ​នឹងត្រូវ​វិលត្រឡប់​ទៅកាន់​ប្រទេស​កំណើត​ពួកគេ​វិញ​»​។​
 
​យោងតាម​ច្បាប់​អន្តោប្រវេសន៍​និង​សញ្ជាតិ Immigration and Nationality Act សិស្ស​និស្សិត​ដែល​ទិដ្ឋាការ​និស្សិត​របស់​ពួកគេ​ផុត​សុពលភាព ពួកគេ​មាន​ពេល ៦០​ថ្ងៃ​ដើម្បី​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​។​
 
​អ្នកស្រី Berardi ថ្លែងថា​៖ «​អ្នក​ខ្លះមក​អាមេរិក​៦​ឆ្នាំ​ហើយ​។ ពួកគេ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់អនុបណ្ឌិត​។ ពួកគេ​ចង់​ធ្វើ​អន្តោប្រវេសន៍ ព្រោះ​ពួកគេ​ចង់​បំពេញ​ក្តី​សុ​បិ​ន្ត​រស់នៅក្នុង​សហរដ្ឋអាមេរិក ឬ American dream​។ ពួកគេ​ធ្វើ​វា​ដោយ​ស្របច្បាប់ និង​តាម​ដំណាក់កាល​។ ពួកគេ​បង់ប្រាក់​ជូន​រដ្ឋាភិបាល ហើយ​ពួកគេ​បង់ពន្ធ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com