COVID-19
អន្តរជាតិ
ម៉ាឡេស៊ី រិះគន់ WHO ដែល​ណែនាំ​មិន​ឲ្យ​ប្រើ​ប្រេងដូង​អំឡុង COVID-19
05, May 2020 , 10:29 pm        
រូបភាព
ដោយ:
​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​៤ ខែឧសភា បាន​រិះគន់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​ចេញ​ដំបូន្មាន​ឲ្យ​មនុស្សពេញវ័យ​ជៀសវាង​ការប្រើប្រាស់​ប្រេងដូង​ក្នុងអំឡុងពេល COVID-19 និង​ប្រើ​ប្រេង​អូ​លីវ​ជំនួស​វិញ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

 
​ការិយាល័យ WHO ប្រចាំ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត បានចេញ​ដំបូន្មាន​ឲ្យ​មនុស្ស​គួរ​បរិភោគ​ប្រភេទ​ខ្លាញ់​មិន​ឆ្អែត ដែលមាន​ក្នុង​ត្រី គ្រាប់​ធញ្ញជាតិ ប្រេងសណ្តែក និង​អូ​លីវ ជាជាង​ទទួលទាន​ប្រភេទ​ខ្លាញ់​ឆ្អែត ដែល​យកចេញ​ពីស​ត្វ ប្រេងដូង ប័​រ និង​ឈី​ស​ជាដើម​។​
 
​ម៉ាឡេស៊ី ដែលជា​ប្រទេស​នាំចេញ​ប្រេងដូង​លំដាប់​ទី​២ លើ​ពិភពលោក និយាយថា ដំបូន្មាន​របស់​WHO នេះ​មាន​លក្ខណៈ​មិន​គ្រប់​ជ្រុងជ្រោយ​។ លោក Kalyana Sundram នាយក​ប្រតិបត្តិ ក្រុមប្រឹក្សា​ប្រេងដូង​ម៉ាឡេស៊ី (MPOC) ដែលជា​ភ្នាក់ងាររដ្ឋ​ទទួលបន្ទុក​ក្នុងការ​ផ្សព្វផ្សាយ​ទំនិញ​ខាងលើ​និយាយថា​៖ «WHO តាមរយៈ​ដំបូន្មាន​ថ្មី​នេះ បាន​ដើរ​តាម​បន្ទាត់​ដដែល​ដោយ​លើកតម្កើង​ទំនិញ​មួយចំនួន និង​មិន​អើពើ​ពី​ផលិតផល​ប្រេងដូង​»​។​
 
​នាយក MPOC បានបញ្ជាក់​ក្នុង​សំណេរ​មួយ​ទៀតថា ប្រេងដូង​មាន​លំនឹង​នូវ​សារធាតុ​ខ្លាញ់​ឆ្អែត និង​មិន​ឆ្អែត​ដែល​ធានា​ឲ្យ​មានការ​ស្រូបយក​នូវ​សារធាតុចិញ្ចឹម​តូចៗ និង​មិនចាំបាច់​បន្ថែម​សារធាតុ​អ៊ីដ្រូសែន​ដើម្បី​រក្សា​គុណភាព​ឡើយ​។ មិនតែប៉ុណ្ណោះ​ប្រេងដូង​ក៏​អាច​ប្រើ​ក្នុង​បរិមាណ​ច្រើន​ផងដែរ​។​
 
​បើតាម MPOC បណ្តា​ប្រទេស​ដែល​ការប្រើប្រាស់​ខ្លាញ់​មាន​កម្រិត​តិចជាង​ការណែនាំ​របស់​WHO ដូចជា​ប្រទេស​មួយផ្នែកធំ​នៅ​អាស៊ី និង​អាហ្វ្រិក មានការ​យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព​មាន​លក្ខណៈ​ខុសគ្នា​។ នាយក​ក្រុមហ៊ុន​ប្រេងដូង​នេះ​បន្តថា  តម្រូវការ​ក្នុងការ​ផ្តល់​ប្រភព​កាឡូរី​ដែល​អាច​ទុកចិត្តបាន ប្រកបដោយ​និរន្តរភាព និង​មានតម្លៃ​សមរម្យ មាន​សារៈសំខាន់ និង​ចាំបាច់​ក្នុងការ​ទប់ទល់​កង្វះ​អាហារូបត្ថម្ភ​។​
 
​លោក Kalyana បន្ត​ការរិះគន់​របស់ខ្លួន ហើយ​ណែនាំ​ឲ្យ WHO គួរ​យកចិត្តទុកដាក់​ក្នុងការ​ស្វែងរក​វិធីសាស្ត្រ​ខុសៗ​គ្នា​ក្នុងការ​គ្រប់គ្រង​សុខភាព ជាជាង​ធ្វើការ​ផ្សព្វផ្សាយ​ដែល​មិន​គ្រប់​ជ្រុងជ្រោយ​។​
 
​ប្រេងដូង គឺជា​វត្ថុធាតុដើម​សំខាន់​មួយ​ដែល​ត្រូវបាន​ប្រើប្រាស់​ប្រចាំថ្ងៃ ប៉ុន្តែ​តម្រូវការ​មានការ​ធ្លាក់ចុះ​ដោយសារតែ​ការបិទ​ភោជនីយដ្ឋាន នៅក្នុង​ប្រទេស​ជាច្រើន​អំឡុងពេល​ផ្ទុះ​ជំងឺ COVID-19 ។ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ផលិត​៨៥% នៃ​ប្រេងដូង​នៅ​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​ឧស្សាហកម្ម​ប្រេងដូង​នេះ រង​ការរិះគន់​ពី​អ្នកការពារ​បរិស្ថាន​ចំពោះ​ការកាប់​ឆ្ការព្រៃ ដើម្បី​យក​ដី​ដាំ​ដើម​ដូងប្រេង​៕

© រក្សាសិទ្ធិដោយ thmeythmey.com