COVID-19
អន្តរជាតិ
COVID-19៖ ថៃ ផ្តល់សិទ្ធិដល់សាលារៀនក្នុងការសម្រេចបើកទ្វារឡើងវិញ រូបភាព៖ Bangkok Post
× ការិយាល័យនៃគណៈកម្មការអប់រំមូលដ្ឋានរបស់ថៃ(OBEC) បានសម្រេចឲ្យសាលារៀនមានសិទ្ធិសម្រេចក្នុងការបើកសាលារៀនឡើងវិញ នៅថ្ងៃទី១ ខែកកក្កដា បន្ទាប់ពីសាលារៀននៅទូទាំងប្រទេសត្រូវបានបិទមួយរយៈ ដើម្បីទប់ស្កាត់ និងបង្ការជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ នេះបើតាមការចុះផ្សាយរបស់កាសែង Bangkok Post នៅថ្ងៃទី៦ ខែឧសភា។
ស្ថានភាពកូរ៉ូណាវីរុស បានថមថយករណីឆ្លងយ៉ាងខ្លាំង ហើយរដ្ឋាភិបាលថៃ ក៏អាចត្រូវមើលឃើញថា អអាចគ្រប់គ្រងស្ថានការណ៍ជំងឺឆ្លង COVID-19 បានថែមទៀត។ ថៃបានបន្ធូរបន្ថយសកម្មភាពមួយចំនួន ដោយអនុញ្ញាតឲ្យបើកដំណើរការឡើងវិញបាន ក្នុងនោះមានដូចជាផ្សារ, កន្លែងញាំអាហារ, កន្លែងលក់រាយ, សកម្មភាពកីឡា និងកម្សាន្ត, ហាងអ៊ុតសក់ កាត់សក់ កន្លែងកាត់រោមសត្វ និងជំនួញមួយចំនួន។
ដោយឡែកសាលារៀនវិញ ថៃបានចេញលក្ខខណ្ឌផ្សេងពីនេះ ដោយតម្រូវឲ្យសាលារៀន មានសិទ្ធិបើក ឬជ្រើសការបង្រៀនតាមអនឡាញនៅថ្ងៃទី១ ខែកក្កដាខាងមុខ។ បើតាមការបញ្ជាក់របស់លោក Amnat Wichayanuwat អគ្គលេខាធិការការិយាល័យគណៈកម្មការអប់រំមូលដ្ឋាន ថៃផ្តល់សិទ្ធិដល់សាលារៀនក្នុងការសម្រេចបើកទ្វារឡើងវិញ ដើម្បីរក្សាសុវត្ថិភាពរបស់សិស្សសាលា។
ក្នុងន័យនេះ ថៃបានផ្តល់ដំណោះស្រាយពីរ សម្រាប់សាលារៀន។ ទី១ ក្នុងលក្ខខណ្ឌចង់បើកទ្វារវិញ សាលារៀនទាំងនោះ ត្រូវសុំការអនុញ្ញាតពីអភិបាលខេត្តជាមួយសិន ដើម្បីធានាថាស្ថានភាព COVID-19 នៅក្នុងខេត្តទាំងនោះ មានភាពល្អប្រសើរ។ ប្រសិនបើមិនអាចបើកទ្វារនៅដើមខែកក្កដាបានទេ ថៃនឹងផ្តល់ដំណោះស្រាយមួយទៀត គឺការបង្រៀនតាមអនឡាញ ឬតាមទូរទស្សន៍សម្រាប់សិស្សសាលាទាំងអស់។
ដោយវាយតម្លៃស្ថានការណ៍ជាមុនក្នុងករណីបើកសាលាឡើងវិញ លោក Amnat បានលើកឡើងថា បើ COVID-19 មានអត្រាគ្រោះថ្នាក់ទាប ថ្នាក់រៀនអាចបើកធម្មតា ប៉ុន្តែបើ COVID-19 នៅតែបង្កគ្រោះថ្នាក់ ថ្នាក់រៀនត្រូវកាត់បន្ថយចំនួនសិស្សនៅក្នុងថ្នាក់ ចំណែកសិស្សដែលមិនបានចូលរៀន អាចធ្វើកិច្ចការសាលានៅផ្ទះក៏បាន។ យ៉ាងណាក៏ដោយ ក្នុងកាលៈទេសៈនេះ សាលាត្រូវត្រៀមកន្លែងវាស់កម្តៅ ការសម្អាតថ្នាក់រៀន ការពាក់ម៉ាស់ និងការលាងដៃឲ្យបានញឹកញាប់ដែរ។
ក្រៅពីនេះ សកម្មភាពសិក្សា និងសកម្មភាពផ្សេងៗទៀតនៅក្រៅសាលា ក៏ត្រូវបានហាមឃាត់ដែរ ដើម្បីទប់ស្កាត់ និងបង្ការករណីឆ្លងលើសិស្សសាលាកើតឡើង។ សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ថៃមានករណី COVID-19 សរុបចំនួន ២៩៨៩ករណី អ្នកស្លាប់ចំនួន ៥៥ករណី អ្នកជាសះស្បើយចំនួន ២៧៦១នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com