COVID-19
អន្តរជាតិ
COVID-19៖ ឥណ្ឌា បើក​ប្រតិបត្តិ​ការជម្លៀស​ប្រជាជន​ទ្រង់ទ្រាយ​ធំ​ពី​បរទេស​
06, May 2020 , 9:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ឥណ្ឌា​នៅ​ថ្ងៃទី​៥ ខែឧសភា បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ក្នុងការ​ជម្លៀស​ប្រជាជន​ខ្លួន​រាប់សែន​នាក់ ដែល​កំពុង​ជាប់គាំង​នៅ​បរទេស​ដោយសារ​វិធាន​ការ​រឹតបន្តឹង​របស់​ប្រទេស​ទាំងនោះ​។ ការជម្លៀស​ប្រជាជន​មក​ឥណ្ឌា​វិញ នឹង​ប្រើប្រាស់​យន្តហោះ និង​នាវា​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP ។​

 
​តាំងតែ​ពី​ការផ្ទុះ​ជំងឺ COVID-19 មក​រដ្ឋាភិបាល​ឥណ្ឌា បានដាក់​ចេញ​វិធាន​ការបិទ​ប្រទេស​ដែល​តឹងរ៉ឹង​បំផុត ដោយបាន​បិទ​ការហោះហើរ​ចេញចូល​ប្រទេស​ទាំងអស់​នៅ​ចុងខែ​មីនា ដែល​បណ្តាល​ឲ្យ​ពលករ និង​សិស្ស​និស្សិត​ឥណ្ឌា​មិនអាច​ត្រឡប់​ចូល​ប្រទេស​វិញ​បាន​។ ដោយ​មិន​ចង់ទុក​ប្រជាជន​ខ្លួន​នៅ​តែលតោល​ឯ​បរទេស ឥណ្ឌា រៀប​ផែនការ​ប្រមូល​ពួកគេ​ចូល​ស្រុក​វិញ​។ 
 
​ចំពោះ​ការជម្លៀស​ប្រជា​ជននេះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ឥណ្ឌា បានបញ្ជាក់​ថា​នាវា​២​គ្រឿង​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ា​ល់​ឌី​វ និង​មួយទៀត​ទៅកាន់​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែលមាន​ប្រជាជន​ឥណ្ឌា​ធ្វើការ​ចំនួន​៣,៣​លាន​នាក់​។ 
 
​ចំណែកឯ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឥណ្ឌា​បន្ថែមថា ការជម្លៀស​ប្រជាជន​មក​ប្រទេស​វិញ​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៦ ខែឧសភា ដោយ​ស្ថានទូត​ឥណ្ឌា​នៅ​បរទេស​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ឥណ្ឌា​ដែល​ចង់​ត្រឡប់មកវិញ​។ ប៉ុន្តែ​អ្នក​ដែល​ចង់​ត្រឡប់មកវិញ​នោះ ត្រូវ​បង់ប្រាក់​ថ្លៃ​ធ្វើដំណើរ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័​យ​រយៈពេល​១៤​ថ្ងៃ និង​អនុវត្តតាម​សកម្មភាព​ផ្សេងៗ​ទៀត​។ ឯ​អ្នក​គ្មាន​ប្រាក់​បង់ថ្លៃ​ធ្វើដំណើរ​បាន​ត្រឹម​ទទូច​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​តាម​សំណេរ​ក្នុង​បណ្តាញ​សង្គម Twitter ប៉ុណ្ណោះ​។​
 
​នៅ​សហរដ្ឋអាមេរិក​មាន​ប្រជា​ជាន​ឥណ្ឌា​២​ម៉ឺន​នាក់​សម្រេច​ចុះហត្ថលេខា​ត្រឡប់មកវិញ ចំណែកឯ​ស្ថាន​កុងស៊ុល​ឥណ្ឌា​នៅ​ឌូ​បៃ បញ្ជាក់ថា មាន​ពលរដ្ឋ​ឥណ្ឌា​២​សែន​អ្នក​ដាក់​ញត្តិ​សុំ​ត្រឡប់មក​ស្រុក​វិញ​។ 
 
​បណ្តា​ប្រទេស​ជង្រុក​ប្រេង​នៅ​ឈូង​សមុទ្រ​ពែ​រ្ស ពឹងពាក់​ខ្លាំង​លើ​កំលាំង​ពលកម្ម​ថោក​របស់​ពលករ​មក​ពី​ឥណ្ឌា ប៉ា​គី​ស្ថាន នេ​ប៉ាល់ និង​ស្រីលង្កា ក៏ប៉ុន្តែ​ការ​រឹតត្បិត​សកម្មភាព​សេដ្ឋកិច្ច​បណ្តាលមកពី​ជំងឺ COVID-19 បណ្តាល​ឲ្យ​ពលករ​ទាំងនោះ ឈឺ បាត់បង់​ការងារ​ធ្វើ និង​មិន​ទទួលបាន​ប្រាក់ខែ​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជា​ប្រទេស​ដែល​ចេញ​មុខមាត់​ជាងគេ​ក្នុងការ​ទាមទារ​ឲ្យ​ឥណ្ឌា​ជម្លៀស​ប្រជាជន​២​ម៉ឺន​៣​ពាន់​នាក់​របស់ខ្លួន​ត្រឡប់​ទៅវិញ​។​
 
​ក្រសួង​អាកាសចរណ៍​ស៊ីវិល​ឥណ្ឌា​វិញ បង្ហាញថា មនុស្ស ១៤,៨០០ នឹង​ត្រឡប់​ពី​ប្រទេស​ចំនួន​១២ តាមរយៈ​ជើងហោះហើរ​ចំនួន​៦៤ ដោយ​ចាកចេញ​ដំបូង​នៅ​ថ្ងៃទី​៧ ខែឧសភា ពី​ប្រទេស​កាតា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ខណៈ​ជើងហោះហើរ​ដទៃទៀត​នឹង​ទៅយក​ប្រជាជន​ពី​សឹង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន ក្រុង​ឡុង​ដ៍​របស់​ប្រទេស​អង់គ្លេស និង​ទីក្រុង​ធំៗ​នៅ​អាមេរិក​។ ជារួម នឹងមាន​ប្រជាជន​ឥណ្ឌា​២​ម៉ឺន​នាក់​ត្រឡប់​ចូល​ស្រុក​វិញ​ក្នុង​មួយ​សប្តាហ៍​។​
 
​គួរបញ្ជាក់​ផងដែរ​ថា មុននឹង​ឥណ្ឌា​បិទ​ការហោះហើរ ឥណ្ឌា​បាន​ជម្លៀស​ប្រជាជន​ខ្លួន​ជាង​២​ពាន់​៥​រយ​នាក់​ពី​ចិន ជប៉ុន អ៊ីរ៉ង់ និង​អ៊ីតាលី​។​
​គិត​ត្រឹម​ថ្ងៃទី​៦ ខែឧសភា ឥណ្ឌា​មាន​ករណី​ឆ្លង​ចំនួន​៤៩,៤៣៦​ករណី និង​ស្លាប់​ចំនួន​១,៦៩៥​ករណី​៕

© រក្សាសិទ្ធិដោយ thmeythmey.com