ជាតិ
រថយន្ត
៦ថ្ងៃ សមត្ថកិច្ចឃាត់យានយន្តជាង៥ពាន់គ្រឿង និងមនុស្ស៣នាក់ ដែលប្រមាថសមត្ថកិច្ច
× ភ្នំពេញ៖ រយៈពេល៦ថ្ងៃ សមត្ថកិច្ចបានឃាត់យានយន្ត៥ ២៨១គ្រឿង និងមនុស្ស៣នាក់ ដែលបានប្រមាថលើសមត្ថកិច្ច ក្នុងការអនុវត្តវិធានការ នៃច្បាប់ចរាចរណ៍ផ្លូវគោក។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា យានយន្តជាង៥ពាន់គ្រឿងនេះ ក្នុងនោះម៉ូតូ៤,៤៩០គ្រឿង, រថយន្តតូចធំ៧៩១គ្រឿង ដោយអនុលោមតាមអនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចររាចរណ៍នេះ សមត្ថកិច្ចក៏បានឃាត់មនុស្ស៣នាក់ ដែលបានបង្ហោះតាមហ្វេសប៊ុកនូវព័ត៌មានចាស់ និងរូបភាពមិនពិត ជាពិសេសរូបភាពវីដេអូ បែបប្រមាថ និងចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ មកលើសមត្ថកិច្ច ដែលធ្វើឱ្យមហាជនភាន់ច្រឡំផងដែរ ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ មនុស្សទាំង៣នាក់នោះ ត្រូវបាននាំយកទៅអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះព័ត៌មានមិនពិត មុននឹងឱ្យត្រឡប់ទៅផ្ទះវិញ។
កន្លងមកសម្ដេច ស ខេង បានបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍នេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់លើដងផ្លូវ និងធានាសុខសុវត្ថិភាពពលរដ្ឋ ពោលគឺមិនមែនដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩នោះទេ។
ឆ្លើយតបនឹងប្រតិកម្មរបស់ពលរដ្ឋជុំវិញវិធានការនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពន្យល់ថា៖«ការពិតគឺមិនដូច្នេះទេ ហើយក៏មិនមែនមានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់ ចង់បានប្រាក់ពីប្រជាពលរដ្ឋនោះទេ ។ ផ្ទុយទៅវិញ នេះគឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ»។
សម្រាប់ពលរដ្ឋដែលអនុវត្ត និងបើកបរគោរពច្បាប់ត្រឹមត្រូវនោះ សមត្ថកិច្ច ក៏មិនឃាត់សួររកឯកសារ ដើម្បីផាកពិន័យឡើយ។ នេះបើតាមសម្ដេច ស ខេង៕
© រក្សាសិទ្ធិដោយ thmeythmey.com