ជាតិ
សង្គមជាតិ
៤​ខែ​ឆ្នាំ​២០២០ ក្រសួងបរិស្ថាន បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ប្រមាណ​៤០០​ករណី​
07, May 2020 , 9:59 pm        
រូបភាព
សកម្មភាពមន្ត្រីឧទ្យានុរក្សនៃក្រសួង​បរិស្ថានដែលកំពុង​បង្រ្កាបបទល្មើស​កាប់ព្រៃឈើ​ រូបភាពពីក្រសួងបរិស្ថាន
សកម្មភាពមន្ត្រីឧទ្យានុរក្សនៃក្រសួង​បរិស្ថានដែលកំពុង​បង្រ្កាបបទល្មើស​កាប់ព្រៃឈើ​ រូបភាពពីក្រសួងបរិស្ថាន
ដោយ:
​ភ្នំពេញ​៖ ពី​ខែមករា ដល់ ខែមេសា ឆ្នាំ​២០២០​នេះ ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សហគមន៍​តំបន់ការពារធម្មជាតិ និង អាជ្ញាធរ​ពាក់ព័ន្ធ ចុះបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​៣៩៩​ករណី ក្នុង​តំបន់​៤ ស្ថិតនៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែលមាន​ទំហំ​ដី​ជាង​៤៣​ម៉ឺន​ហិកតា​។ នេះ​បើតាម​របាយការណ៍​ស្តីពី​ការគ្រប់គ្រង និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែល​បញ្ចេញ​ដោយ​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។ 

 
​លោក នេត្រ ភក្ត្រា បញ្ជាក់ថា បទល្មើស​ប្រមាណ​៤០០​ករណីនេះ ភាគច្រើន​ជា​បទល្មើស​ដែល​បាន​លួច​កាប់​ព្រៃឈើ​ខុសច្បាប់ ទន្ទ្រាន​កាន់កាប់​ដីព្រៃ និង បរបាញ់​សត្វព្រៃ​ខុសច្បាប់​។ ក្នុងចំណោម​បទល្មើស​ទាំងអស់នេះ មាន​បទល្មើស​កាប់​ឈើ និង​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​៣២​ករណី ដែល​ត្រូវបាន​អាជ្ញាធរ​កសាង​សំណុំរឿង និង​បញ្ជូនទៅ​តុលាការ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវីធី​ច្បាប់​។ បទល្មើស​៤២​ករណី​ទៀត ដែលមាន​អ្នកពាក់ព័ន្ធ​ជិត​១០០​នាក់ ត្រូវបាន​អាជ្ញាធរ​ណែនាំ និង​អប់រំ​។    
 
​អំឡុងពេល​អាជ្ញាធរ បាន​បង្ក្រាប​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​នៅ​ព្រៃ​ឡង់​ក្នុង​រយៈពេល​៤​ខែ​កន្លងទៅនេះ ក្រសួងបរិស្ថាន បាន​រឹបអូស​រណារយន្ត​១៩៣​គ្រឿង រថយន្ត​២​គ្រឿង ម៉ូតូ​២៥​គ្រឿង គោយន្ត​៣៤​គ្រឿង ឈើ​១៧៩​ម៉ែត្រគូប ឈើ​ហ៊ុ​ប និង ឈើ​ដុំ​១៦៥​កំណាត់ រួមទាំង​បាន​រុះរើ​រោង​អនាធិបតេយ្យ​៣៤​រោង ដកហូត​កាំភ្លើង​កែច្នៃ​២៩​ដើម និង ដោះ​អន្ទ្រាក់​ចាប់​សត្វ​បាន​៧២៤​អន្ទាក់​។ 
 
​លោក នេត្រ ភក្ត្រា លើកឡើងថា ការណ៍​ដែល​នាំ​ឲ្យ​មាន​បទល្មើស​ធនធានធម្មជាតិ​ទាំងនេះ គឺ​មកពី​កត្តា​ជីវភាព​របស់​សហគម​ន៍ ដែល​ធ្លាប់តែ​ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ និង​ចាញ់​ការ​ញុះញង់​របស់​ក្រុម​ឈ្មួញ​ទុច្ចរិត ខណៈ​ការឈរជើង​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅមានកម្រិត​នៅឡើយ​។ 
 
​តែ​យ៉ាងណា ក្រសួងបរិស្ថាន នឹង​បន្ត​កិច្ចការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ជាមួយ​សមត្ថកិច្ច​បន្ថែ​ម​ទៀត​។ លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា​៖«​រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និង​ដៃគូ​អភិវឌ្ឍ​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការរៀបចំ និង​ពង្រឹង​យន្តការ​គ្រប់គ្រង ការផ្តល់​មធ្យោបាយ ឧបករណ៍ សម្ភារ ក៏ដូចជា​ការជួយ​លើកស្ទួយ​ជីវភាព​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​បន្ថែមទៀត​តាមរយៈ​ការបង្កើត​មុខរបរ​ថ្មី បង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន បង្កើន​ចំណូល ការជំរុញ​ទេសចរណ៍ធម្មជាតិ ដើម្បី​ធានា​ប្រសិទ្ធភាព​គ្រប់គ្រង ការពារ និង​អភិរក្ស​តំបន់​ព្រៃ​ឡង់​»​។​
 
​ដើម្បី​ឲ្យ​ការរក្សា​ធនធានធម្មជាតិ​ប្រកបដោយ​និរន្ត​ភាព ក្រសួងបរិស្ថាន កំពុងតែ​អនុវត្ត​គម្រោង​ព្រៃ​ឡង់​បៃតង ដែល​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ ដែល​ផ្តោតលើ​ការងារ​កំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង ការបោះបង្គោល​ព្រំប្រទល់ ផែនការ​គ្រប់គ្រង និង​ការចុះបញ្ជី​ដី​រដ្ឋ នៅ​តំបន់​ព្រៃ​ឡង់ បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក៏ដូចជា​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​អភិរក្ស​ប្រពៃណី​ជនជាតិ ដើម​ភាគតិច​។   
 
​សូមបញ្ជាក់ថា ព្រៃ​ឡង់​ត្រូវបាន​រដ្ឋាភិបាល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០១៦ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង និង​អភិរក្ស​ដោយ​ក្រសួងបរិស្ថាន​។ ព្រៃ​ឡង់ មាន​ផ្ទៃដី​សរុប​ជាង​៤២​ម៉ឺន​ហិកតា និង​មាន​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤ គឺ​ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និង ក្រចេះ​៕  


ព្រៃឈើ​ដែល​អាជ្ញាធររឹបអូសបានពី​បទល្មើសធនធានធម្មជាតិ រូបភាពពីក្រសួងបរិស្ថាន


Tag:
 ក្រសួងបរិស្ថាន​
 ​ធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com