ជាតិ
ប្រទះឃើញ​ទន្សោង​មួយ​ហ្វូង នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច
07, May 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ កាលពី​ចុងខែ​មេសា ឆ្នាំ​២០២០ សត្វ​ទន្សោង​មួយ​ហ្វូង​ប្រមាណ​៧​ក្បាល ត្រូវបាន​ប្រទះឃើញ នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដែលជា​តំបន់​ការពារ សិ្ថ​ត​នៅក្រោម​ការគ្រប់គ្រង​រប​ស់​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី និង​បាន​ចូលរួម​គាំទ្រ​ដោយ​អង្គការ​អភិរក្ស​សត្វព្រៃ (WWF)​។​


 
​ពេល​កំពុង​តាមដាន និង​ប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​សត្វព្រៃ នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ក្រុមការងារ​ស្រាវជ្រាវ​សត្វព្រៃ​នៃ​អង្គការ WWF បាន​ប្រទះឃើញ​សត្វ​ទន្សោង​ប្រមាណ​៧​ក្បាល ដែល​ក្នុងនោះ​មាន​ទន្សោង​បា​ធំ​មួយ​ក្បាល និង​កូន​ទន្សោង​ធំ​ល្មម​មួយ​ផងដែរ​។ 
 
​អង្គការ WWF ចាត់ទុក​ការប្រទះឃើញ​សត្វ​ទន្សោង​ទាំងនោះ ថា​ជា​ព័ត៌មាន ដែល​ពោរពេញ​ដោយ​ក្តីរំភើប​ក្រៃលែង សម្រាប់​ប្រជាជន​កម្ពុជា​។ បើតាម​ការលើកឡើងរ​បស់​អ្នកស្រាវជ្រាវ​នៃ​អង្គការ WWF ហ្វូង​សត្វ​ទន្សោង​ទាំងនោះ ត្រូវ​បានឃើញ​រត់​យ៉ាង​លឿន ហើយ​សកម្មភាព​រត់​បែបនេះ គឺអាច​មកពី​ពួកវា ផ្អើល​នឹង​វត្តមាន​របស់​ក្រុម​អ្នកស្រាវជ្រាវ​។  
 
​សត្វ​ទន្សោង ជា​ប្រភេទ​សត្វ​អម្បូរ​គោ​សាទិស ដែលមាន​មាឌធំ  និង​កម្លាំង​ខ្លាំង​។ សត្វ​ទន្សោង ជា​សត្វ​ដែលជា​ចំណី​ដ៏​សំខាន់​របស់​សត្វ​ខ្លាធំៗ ហើយ​វា ក៏​កំពុង​ទទួលរង​ការគំរាមកំហែង ពី​ការ​បរបាញ់ ឬ​ដាក់​អន្ទាក់ ហើយ​ប្រឈម​ការបាត់​ជម្រក ដែល​បណ្ដាល​ពី​ការកាប់​ព្រៃ​ខុសច្បាប់ និង​ទន្ទ្រាន​ដីព្រៃ​។ 
 
​សត្វ​ទន្សោង ដែល​ត្រូវបាន​ប្រទះឃើញ​ទាំងនោះ ជា​ពូជ​សត្វ​ដែល​ផ្ដល់​ដើមកំណើត ដល់​ពពួក​គោ​សាទិស​ស្រុក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​៕
 
​វីដេអូ​៖
 

Tag:
 សត្វ​ទន្សោង​
© រក្សាសិទ្ធិដោយ thmeythmey.com