កីឡាអន្តរជាតិ
អន្តរជាតិ
Tyson និង Holyfield ទំនងជា​ត្រូវ​ប៉ះគ្នា​ជា​លើក​ទី​៣ លើស​ង្វៀន​សប្បុរសធម៌​
07, May 2020 , 11:29 pm        
រូបភាព
​វីរបុរស​កីឡាប្រដាល់ Evander Holyfield ប្រកាស​ឈាន​ជើង​ចូល​សង្វៀន​ជាថ្មី​នៅ​អាយុ ៥៧ ឆ្នាំ បន្ទាប់ពី​អតីត​គូប្រជែង​ចាស់ Mike Tyson វ័យ​៥៣​ឆ្នាំ​ក៏បាន​បង្ហាញ​ការវិល​ត្រឡប់មកវិញ​ដែរនោះ​។​


 
Holyfield អតីត​ស្តេច​ប្រដាល់​ទម្ងន់​ធ្ងន់ និង​មធ្យម​សញ្ជាតិ​អាមេរិក​បាន​អះអាងថា ខ្លួន​នឹង​ឡើង​វ៉ៃ​ក្នុង​កម្មវិធី​ពិព័រណ៍​មួយ​សម្រាប់​យុទ្ធនាការ​សប្បុរសធម៌​ដែលមាន​ឈ្មោះថា «Unite 4 Our Fight» ដើម្បី​រៃអង្គាសប្រាក់​។​
 
 «​ពេលវេលា​ដែល​អ្នក​ទាំងអស់គ្នា​កំពុង​រង់ចាំ បាន​ត្រឡប់​មកវិញហើយ​។ ខ្ញុំ​ចង់​ប្រកាសថា ខ្ញុំ​នឹង​ត្រឡប់​ទៅកាន់​សង្វៀន​វិញ​។ ខ្ញុំ​នឹង​ឡើង​វាយ​ក្នុងការ​ប្រកួត​ពិព័រណ៍​សម្រាប់​បុព្វហេតុ​ដ៏​អស្ចារ្យ​មួយ​។ ខ្ញុំ​កំពុង​ហ្វឹកហាត់​ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​សប្បុរសធម៌​ដែល​ស្និទ្ធ​នឹង​ខ្ញុំ​»​។ Holyfield សរសេរ​បែបនេះ​លើ​បណ្តាញ​សង្គម​។​
 
​យុទ្ធនាការ #Unite4OurFight ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​ដល់​និស្សិត​សម្រាប់​ធនធាន​ដែល​ពួកគេ​ត្រូវការ​ក្នុងការ​អភិវឌ្ឍ​ផ្នែក​អារម្មណ៍ និង​ការអប់រំ​។​


 
​ការ​ត្រឡប់មកវិញ​របស់ Holyfield បង្កើន​ការ​ជឿជាក់ថា នឹងមាន​ជំនួប​លើក​ទី​៣ ជាមួយ​គូប្រជែង​ចាស់​ដ៏​អស្ចារ្យ Mike Tyson មិន​ខាន​។ អ្នក​ទាំងពីរ​ធ្លាប់ជា​សត្រូវ​ស៊ីសាច់ហុតឈាម​នឹង​គ្នា​នៅលើ​សង្វៀន​នៅ​អំឡុង​ឆ្នាំ​៩០ និង​បាន​ប៉ះគ្នា​ពីរលើក​រួចហើយ​ក្នុងនោះ Holyfield ឈ្នះ​១​លើក និង​គ្មាន​លទ្ធផល​មួយ​លើក​។​
 
​អតីត​ម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់ Tyson ថ្មីៗ​នេះ​បាន​ប្រ​លយ​ពាក្យ​ថា គ្រោង​នឹង​ពាក់​ស្រោមដៃ​ប្រដាល់​របស់ខ្លួន​វិញ ដើម្បី​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ពិព័រណ៍​សប្បុរសធម៌​មួយ​ដូច Holyfield អ៊ីចឹង​ដែរ​។ អតីត​កំពូល​អ្នក​ប្រដាល់​អាមេរិក វ័យ​៥៣​ឆ្នាំ​រូបនេះ​ថា ខ្លួន​នៅតែមាន​កម្លាំង និង​សុខ​ភាពល្អ​នៅឡើយ ខណៈ​លោក​ត្រៀម​វិល​ចូល​សង្វៀន​ជាថ្មី​។​
 
Mike Tyson ធ្លាប់មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៨​ដង ឈ្នះ​៥០​ដង ចាញ់​៦ និង​មិនមាន​ការប្រកាស​លទ្ធផល​ផ្លូវការ​២​លើក​។ Tyson ជា​អតីត​ម្ចាស់​ខ្សែក្រវាត់ WBA, IBF និង WBC​។ ដោយឡែក Holyfield ដែល​សព្វថ្ងៃ​មាន​វ័យ​៥៧​ឆ្នាំ មាន​ប្រវត្តិ​ប្រកួត​៥៧​លើក ឈ្នះ​៤៤ ចាញ់​១០ និង​មិនមាន​ការប្រកាស​លទ្ធផល​១​លើក​៕





© រក្សាសិទ្ធិដោយ thmeythmey.com