COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ និង​បុគ្គលិក​ក្រុម Fiorentina ៦​នាក់​ឆ្លង COVID-19
08, May 2020 , 1:35 pm        
រូបភាព
​កីឡាករ​បាល់ទាត់​រប​ស់​ក្រុម Fiorentina ចំនួន​បីនាក់ និង​សមាជិក​បុគ្គលិក​ក្លិប​ចំនួន​បីនាក់​ទៀត​បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺឆ្លង COVID-19​។ នេះ​ជា​ករណី​ឆ្លង​ថ្មី​ទៀត​លើ​កីឡាករ​បាល់ទាត់​នៅ​អ៊ីតាលី ក្រោយ​សមាជិក​ក្រុម Torino ម្នាក់​បាន​ឆ្លង​ជំងឺ​រាតត្បាត​សកល​នេះ​កាលពី​ថ្ងៃទី​៦ ខែឧសភា​។​



​កីឡាករ និង​បុគ្គលិក​ទាំង​៦​នាក់​ខាងលើ​ត្រូវបាន​ក្លិប​នៃ​ក្របខណ្ឌ​កំពូល​អ៊ីតាលី Fiorentina ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ដើម្បី​ព្យាបាល ខណៈ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​នឹងត្រូវ​ទៅធ្វើ​តេស្ត​ជា​បន្តបន្ទាប់​ទៀត​។​
 
​ក្រុម​នៅ Serie A ភាគច្រើន​បាន​វិលត្រឡប់​ទៅកាន់​ការហ្វឹកហាត់​វិញ​រៀងៗ​ខ្លួន បន្ទាប់ពី​រដ្ឋាភិបាល​អ៊ីតាលី​ផ្តល់​ការអនុញ្ញាត ប៉ុន្តែ​អាច​ហ្វឹកហាត់​បានតែ​ម្នាក់ៗ​ឯង​ប៉ុណ្ណោះ​។ មួយវិញទៀត រដ្ឋមន្ត្រី​កីឡា​អ៊ីតាលី​លោក Vincenzo Spadafora ក៏បាន​បញ្ជាក់​ជាថ្មី​ដែរ​ថា ការហ្វឹកហាត់​ជា​ក្រុម​នឹងមិន​អាចធ្វើ​ឡើង​នៅមុន​ថ្ងៃទី​១៨ ខែឧសភា​ឡើយ​។​
 
​កាលពី​ថ្ងៃទី​៦ ខែឧសភា កីឡាករ​របស់​Torino ម្នាក់​ក៏បាន​ធ្វើតេស្ត​រកឃើញថា​ឆ្លង COVID-19 នេះដែរ ហើយ​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​។ សម្រាប់​អត្តសញ្ញាន​អ្នក​ឆ្លង ទាំង Fiorentina និង Torino សុទ្ធតែ​មិនបាន​បង្ហាញ​ឈ្មោះ​កីឡាករ​របស់​ពួកគេ​នោះទេ​។​
 
​ស្របពេល Serie A កំពុងស្ថិត​ក្នុងការ​ពិចារណា​ដើម្បី​វិល​ទៅកាន់​ការប្រកួត​លី​គ​ឡើងវិញ ខណៈ COVID-19 នៅតែ​បន្ត​ឆ្លង​ក្នុងប្រទេស​អ៊ីតាលី​នោះ Fiorentina បានប្រកាស​ពី​ការប្តេជ្ញា​ថា​ក្លិប​នឹង​ចាត់ចែង​ក្នុងការ​គ្រប់គ្រង​លើ​អ្នក​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ​អ្នក​ឆ្លង និង​ធានា​មិន​ឲ្យ​រាលដាល​ថ្មី​ទៀតឡើយ​។ កីឡាករ និង​បុគ្គលិក​ទាំងអស់​នឹងត្រូវ​ទទួល​ការពិនិត្យ​សុខភាព​ជាប្រចាំ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៨ ខែឧសភា​នេះ​អ៊ីតាលី​បាន​ធ្លាក់​តួលេខ​អ្នក​ឆ្លង​ច្រើន ដោយ​ក្នុងនោះ​ករណី​ឆ្លង​សរុប​នៅតែមាន​ចំនួន​ជាង​២​សែន​ករណី និង​អ្នកស្លាប់​ជិត​៣​ម៉ឺន​នាក់​ដដែល​៕   

Tag:
 COVID-19
  Fiorentina
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com