ក្រចេះ៖ «កោះសាមសិប» ជាតំបន់អេកូទេសចរណ៍ថ្មីមួយលាតសន្ធឹងតាមដងទន្លេមេគង្គ នៃខេត្តក្រចេះ។ កោះនេះ ស្ថិតក្នុងកម្រងកោះមួយក្នុងចំណោមកោះទាំងអស់ជាង៣០ ដែលស្ថិតនៅក្នុងភូមិចំនួន៣ នៃឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ កោះសាមសិប បានប្រែក្លាយពីតំបន់នេសាទខុសច្បាប់ មកជាតំបន់អភិរក្សប្រភេទត្រី និងសត្វស្លាបជិតផុតពូជក្នុងទន្លេងមេគង្គ ហើយក្លាយជាសហគមន៍ទេកូទេសចរណ៍ថ្មីមួយ ដែលផ្តល់ចំណូលដល់ប្រជាសហគមន៍នៅក្នុងតំបន់នោះ។
សូមអញ្ជើញលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោម៖
«នៅតំបន់នេះ (កោះខ្សាច់ខ្ពស់) ជាតំបន់ក្ដៅគគុកពាក់ព័ន្ធនឹងការនេសាទខុសច្បាប់។ ជាក់ស្ដែង ខ្ញុំធ្លាប់មកទីនេះពីមុនមក ខ្ញុំក៏ធ្លាប់ជួបទូកនេសាទខុសច្បាប់ចេញឆក់ទាំងទូកតែម្ដង។ ការនេសាទខុសច្បាប់ នាំឲ្យប៉ះពាល់ខ្លាំងមែនទែន លើធនធានធម្មជាតិ»។ នេះជាការរៀបរាប់ពីទិដ្ឋភាពជាក់ស្តែក ដែលលោក ណុប វណ្ណារិទ្ធិ មន្ត្រីសម្របសម្រួលរបស់អង្គការ NTFP EP កម្ពុជា បានឃើញផ្ទាល់ភ្នែក ប្រាប់ ThmeyThmey25 ។
បង្កើតឡើងនៅឆ្នាំ២០១៨ ដោយមានការគាំទ្រដោយអង្គការ NTFP-EP Cambodia និងអង្គការ WWF «កោះសាមសិប» ជាតំបន់ប្រជុំទៅដោយកោះតូចធំជាច្រើន ដែលគ្របដណ្ដប់ដោយព្រៃឈើតូចធំ និងជាបណ្ដុំសរសៃទឹក និងជីវចម្រុះនៃដងទន្លេមេគង្គ។ នៅខែឧសភានៃឆ្នាំដដែល មន្ទីរទេសចរណ៍, កសិកម្ម, បរិស្ថាន, អាជ្ញាធរឃុំ និងស្រុកសំបូរ ខេត្តក្រចេះ បានសម្រេចបោះឆ្នោតជ្រើសរើសគណៈកម្មការដឹកនាំកោះសាមសិបនេះ។
ទិដ្ឋភាពកោះសាមសិប ដែលជាសហគមន៍អេកូរទេសចរណ៍ថ្មីនៃដងទន្លេមេគង្គ កាលពីថ្ងៃទី១១ ខែគុម្ភៈ ឆ្នាំ២០១៩។ រូបថត៖ NTEP FP Cambodia
គោលបំណងពីរសំខាន់ដែលសម្រេចបង្កើតសហគមន៍ និងមានរចនាសម្ព័ន្ធដឹកនាំកោះនេះ ត្រូវបានលោក ណុប វណ្ណារិទ្ធិ បានឲ្យដឹងដូច្នេះ៖«ទី១ បង្កើនជីវភាពរបស់ពលរដ្ឋរស់នៅតំបន់ហ្នឹង ដោយបង្វែពីការកាប់ព្រៃឈើ និងនេសាទ ដើម្បីមកជាការផ្ដល់សេវាកម្មវិញ។ ទី២ គឺការអភិរក្សជាការងារស្នូលនៃតំបន់នេះ។ ភ្ញៀវទេសចរណ៍ ដែលមកលេងកម្សាន្តនៅកោះសាមសិប នឹងទទួលបានការណែនាំអំពីជីវៈចម្រុះ និងធនធានធម្មជាតិនៃដងទន្លេមេគង្គ»។
សកម្មភាពសហគមន៍កោះសាបសិប ដំណើរការកាន់តែរីកចម្រើនពីមួយជំហានទៅមួយជំហាន តែសកម្មភាពទេសាទខុសច្បាប់ដោយជនខិលខួចមួយចំនួននៅតែកើតមាន។ មន្ត្រីសម្របសម្រួលរបស់អង្គការ NTFP EP កម្ពុជា លោក ណុប វណ្ណារិទ្ធិ ដែលកំពុងបន្តការងារគាំទ្រសហគមន៍កោះនេះ បញ្ជាក់ថា បច្ចុប្បន្នមន្ត្រីអភិរក្ស និងក្រុមការងារប្រចាំកោះសាមសិប នៅតែព្រួយបារម្ភបាត់បង់ជលផល, ជីវចម្រុះ និងសត្វស្លាបនៃតំបន់នេះ ដោយសារតែក្រុមការងារអភិរក្សធ្លាប់ជួបប្រទះទូកនេសាទខុសច្បាប់។
ដើម្បីធ្វើដំណើរមកដល់សហគមន៍អេកូរទេសចរណ៍«កោះសាមសិប» ភ្ញៀវទេសចរជាតិ-អន្តរជាតិ ត្រូវជិះទូកសហគមន៍ រយៈពេលជាង១ម៉ោង តាមដងទន្លេមេគង្គ។ នៅទីនោះអ្នកទេសចរ អាចជិះទូកមើលសម្រស់ព្រៃលិចទឹក មើលថ្ងៃលិច និងថ្ងៃរះ, ថតរូបសត្វស្លាបដែលជិតផុតពូជ, គយគន់ព្រៃលិចទឹក,និងបោះតង់សម្រាកនៅលើឆ្នេរខ្សាច់សក្បុស។ ប៉ុន្តែ គេអាចទៅទស្សនាកោះនេះបានតែរដូវទឹកស្រកប៉ុណ្ណោះ ព្រោះជាពេលឆ្នេរខ្សាច់ដ៏ស្រស់ស្អាតបានរំលេចខ្លួនឡើង ហើយអាចមើលឃើញព្រៃលិចទឹក ដែលជាជម្រកត្រីមេពូជកម្រជាច្រើនប្រភេទ និងជាជម្រកដ៏សំខាន់សម្រាប់សត្វស្លាបប្រមាណ២១៨ប្រភេទ រួមមានសត្វស្លាបដែលកម្រជិតផុតពូជផងដែរ៕