COVID-19
អន្តរជាតិ
COVID-19៖ សិង្ហ​បុរី​ឆ្លង​បន្ថែម​៧៥៣​នាក់ ខណៈ​ថៃ​មាន​ស្លាប់​១​នាក់​ទៀត​
09, May 2020 , 3:18 pm        
រូបភាព
ដោយ: រួបរួម
​ក្រសួងសុខាភិបាល​សិង្ហ​បុរី បានប្រកាស​ពី​ការរកឃើញ​ករណី​ថ្មី​នៃ COVID-19 ចំនួន​៧៥៣​ករណី​បន្ថែមទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​២២ ៤៦០ ខណៈ​ថៃ​មាន​៤​ករណី​ទៀត និង​កើន​អ្នកស្លាប់​១​នាក់​។​

 
​សិង្ហ​បុរី បន្ត​នាំមុខគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយមាន​អ្នក​ឆ្លង COVID-19 សរុប​ដល់​ទៅ​២២ ៤៦០​ករណី ក្នុងនោះ​មាន​២០​នាក់​ស្លាប់ និង​២ ០៤០ បានជា​សះស្បើយ​។ នេះ​បើតាម​ការផ្សាយ​របស់ The Straits Times​។​
 
​ជាមួយគ្នា ថៃ មាន​អ្នកជំងឺ​៤​នាក់​បន្ថែមទៀត ដែល​ក្នុងនោះ​មាន​ស្លាប់​១​ករណី​។ សរុបមក​ដល់ពេលនេះ ថៃ កើន​ដល់​៣ ០០៤​ករណី ដោយ​ស្លាប់​៥៦​នាក់ និង​ជាសះស្បើយ​ចំនួន​២ ៧៨៧​នាក់​។ សារព័ត៌មាន Thai Enquirer បាន​បញ្ជាក់ថា ករណី​ថ្មី​ភាគច្រើន ត្រូវបាន​រកឃើញ​នៅ​ខេត្ត​ភាគខាងត្បូង​។​
 
​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​សិង្ហ​បុរី ប្រទេស​ដែលមាន​ករណី​ឆ្លង​ច្រើន​មាន ឥណ្ឌូណេស៊ី (​ជាង​១៣០០០), ហ្វីលីពីន (​ជាង​១​ម៉ឺន​), ម៉ាឡេស៊ី (​ជាង​៦៥០០), ថៃ (​ជាង​៣០០០)​។ វៀតណាម មី​យ៉ាន់​ម៉ា ព្រុយ​ណេ និង​កម្ពុជា​ស្ថិតក្នុង​ខ្ទង់រយ ខណៈ​ទី​ម័​រ​ខាងកើត​មាន​២៤​ករណី និង​ឡាវ ១៩​ករណី​។​
 
​ឥណ្ឌូណេស៊ី មាន​អ្នកស្លាប់​៩៤៣​នាក់ ហ្វីលីពីន ៦៩៦​នាក់ ម៉ាឡេស៊ី​១០៧​នាក់ ថៃ​៥៦​នាក់ សិង្ហ​បុរី​២០​នាក់ មី​យ៉ាន់​ម៉ា​៦​នាក់ ព្រុយ​ណេ​១​នាក់ ខណៈ វៀតណាម កម្ពុជា ឡាវ និង​ទី​ម័​រ​ខាងកើត មិនមាន​ករណី​ស្លាប់​ឡើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com