បទយកការណ៍ / បទសម្ភាសន៍
ជាតិ
លោក សុខ ទូច៖ មហាបាតុកម្មរបស់សង្គ្រោះជាតិគ្មានជោគជ័យ
× គណបក្សសង្គ្រោះជាតិ បានបិទបញ្ចប់មហាបាតុកម្មរយៈពេល៣យប់៣ថ្ងៃរបស់ខ្លួនហើយ កាលពីថ្ងៃសុក្រទី២៥តុលា។ ប្រមុខគណបក្សប្រឆាំងបានអះអាងថា ខ្លួនទទួលបានជោគជ័យសម្បើមណាស់ តាមរយៈមហាបាតុកម្មមួយនេះ។ យ៉ាងណាក៏ដោយលោក សុខ ទូច បណ្ឌិត វិ ទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យមួយរូបនៅកម្ពុជា បានអត្ថាធិប្បាយថា មហាបាតុកម្ម និងនយោបាយការទូតរបស់គណបក្សសង្គ្រោះជាតិមួយរយៈចុ ងក្រោ យ នេះ គ្មានចំណុចណាមួយដែលបញ្ជាក់ថា បានទទួលជោគជ័យនោះទេ។
សូមតាមដានបទសម្ភាសន៍ រវាងលោក រ៉េន រតនៈ អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយ លោក បណ្ឌិត សុខ ទូច ដូចខាងក្រោម៖
ថ្មីៗ៖ មេដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដូចជាមន្ត្រីបក្សកំពូលៗមួយចំនួននោះ បានអត្ថាធិប្បាយស្រដៀងៗគ្នាថា បាតុកម្មរយៈពេល៣យប់ ៣ថ្ងៃរបស់ខ្លួន គឺទទួលបានជោគជ័យធំណាស់ តាមរយៈភាពល្អប្រសើរនៃសន្តិសុខសុវត្ថិភាព ការចូលរួមដ៏ច្រើនកុះករពីសំណាក់បាតុករ។ ចុះសម្រាប់លោកបណ្ឌិតវិញ ថាតើលោកមើលឃើញយ៉ាងដូចម្ដេចដែរ?
លោក សុខ ទូច៖ ខ្ញុំមើលឃើញថា ចំណុចជោគជ័យគឺគ្មានទាល់តែសោះ! ពីមួយលើកទៅមួយលើក ចំនួនបាតុករកាន់តែតិចទៅតិចទៅ។ មិនមែនមានសន្តិសុខ និងសុវត្ថិភាពក្នុងអំឡុងបាតុកម្ម អាចហៅថាជោគជ័យបាននោះទេ។ វាជារឿងធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែ អ្វីដែលជាជោគជ័យនោះ វាគឺចំណុចសំខាន់នៃការទាមទាររបស់ខ្លួន។ បានហើយឬនៅ ការទាមទារឲ្យបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនោះ ? ការទាមទារតុល្យភាពអំណាច តើមកដល់ម៉ោងនេះបានហើយឬនៅ? បាតុកម្ម៣យប់៣ថ្ងៃកន្លងមកនេះ តើគណបក្សប្រជាជនកម្ពុជាបានផ្ដល់ដំណោះស្រាយអោយទេ? ចម្លើយគឺ គ្មានជោគជ័យចំណុចណាមួយនោះទេ។ សូមកុំភូតប្រជាជនឲ្យសោះ! ។
ថ្មីៗ៖ ចុះចំណែកនយោបាយការទូតនៅក្រៅប្រទេសរបស់ លោក សម រង្ស៊ីវិញនោះ ថាតើលោកយល់ឃើញថាវានឹងបានទទួលបានផ្លែផ្កាដែរឬទេ ?
លោក សុខ ទូច៖ ពាក្យថានយោបាយការទូត ឬនយោបាយការបរទេសនោះ អាចទទូលបានផ្កែផ្កាវាទាល់តែប្រទេសមួយមានការឯកភាពផ្ទៃក្នុង។ ខ្ញុំសូមជម្រាបថា បរទេសគេចេះណាស់។ បើមិនចំណេញ គេមិនគាំទ្រ គេមិនលូកដៃចូលរឿងរបស់អ្នកឯងនោះទេ។ គេធ្វើនយោបាយពង្រឹងការទូត ដើម្បីផលប្រយោជន៍របស់គេ។ បើគ្រាន់តែដើម្បីខាតជាមួយអ្នកឯង គេមិនធ្វើនោះទេ។ ខ្ញុំយល់ថា គ្មានបានផ្លែផ្កាអ្វីនោះទេ។
ថ្មីៗ៖ ងាកទៅមើលការដើរដង្ហែញត្តិដាក់តាមបណ្ដាស្ថានទូតបរទេសមួយចំនួននៅថ្ងៃបាតុកម្មវិញ។ យើងឃើញថាទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា ពួកគេហាក់បានសម្ដែងក្ដីសង្ឃឹមប្រាប់ក្រុមអ្នកកាសែត អំពីការសន្យារបស់តំណាងស្ថានទូតនីមួយៗនោះណាស់។ លោកអាចវិភាគបានទេថា ញត្តិដែលគណបក្សសង្គ្រោះជាតិដាក់ទៅនោះ នឹងត្រូវបានគេយកទៅពិចារណា?
លោក សុខ ទូច៖ គ្រាន់តែបានដឹកនាំបាតុកររាប់ពាន់នាក់ ដង្ហែរញត្តិទៅដាក់តាមស្ថានទូតនោះ វាគ្មានអ្វីជាជោគជ័យនោះទេ។ អ្នកឯងនាំគ្នា៥៥នាក់ ទៅដង្ហែក៏វាគ្មានអ្នកណាគេទៅធ្វើអ្វីនោះដែរ។ អ្វីដែលសំខាន់នោះ គឺថា តើញត្តិដែលដាក់ទៅនោះមានប្រសិទ្ធិភាពដែរឬទេ? អាចមានដំណោះស្រាយណាមួយពីប្រទេសទាំងនោះឬទេ? បើមិនដូច្នេះ គឺវាគ្មានអ្វីខុសប្លែកពីការហែកឋិនចូលវត្តនោះទេ។ ចង់វត្តយកលុយទៅធ្វើអ្វីក៏ធ្វើទៅ។ ដូច្នេះជោគជ័យនៅមិនទាន់ច្បាស់នៅឡើយទេ។
ថ្មីៗ៖ តើលោកយល់ឃើញយ៉ាងណាដែរចំពោះជំហរបន្តការទាមទាររបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃខាងមុខទៀត ប្រសិនបើវិបត្តិនយោបាយនៅតែបន្តជាប់គាំដូចសព្វថ្ងៃនេះ?
លោកសុខ ទូច៖ មកដល់ពេលនេះ ខ្ញុំលែងច្បាស់ហើយថា គណបក្សសង្គ្រោះជាតិចង់បានអ្វីឲ្យពិតប្រាកដ។ ខ្ញុំអាណិតពលរដ្ឋដែលជាម្ចាស់ឆ្នោត ដែលតែងតែស្រែកហោកញ្ជ្រៀវ គាំទ្រសម្ដីមេដឹកនាំរបស់ខ្លួន ព្រោះតែខ្លួនស្រលាញ់។ ខ្ញុំបានសួរគាត់ ថាតើគណបក្សសង្គ្រោះជាតិមានយុទ្ធសាស្ត្រអ្វីឲ្យពិតប្រាកដ ដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោត? លោក កឹម សុខា គាត់ឆ្លើយថា បើគាត់គ្មានយុទ្ធសាស្ត្រ មិនមែនគណបក្សសង្គ្រោះជាតិមានអ្នកគាំទ្ររាប់លាននាក់នោះទេ។ គាត់និយាយភាសារបែបអនក្ខរភាពទាំងស្រុង ៕
© រក្សាសិទ្ធិដោយ thmeythmey.com