ជាតិ
មួយសប្តាហ៍នៃការរឹតបន្តឹងចរាចរណ៍៖ យានយន្តល្មើសជិត១៤០០០គ្រឿង រីឯគ្រោះថ្នាក់ថយចុះ
× ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) កាលពីថ្ងៃទី៨ ខែឧសភា បានចេញរបាយការណ៍ស្តីពីលទ្ធផលនៃការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នារយៈពេល១សប្តាហ៍ដំបូង។ លទ្ធផលពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែឧសភា បានបង្ហាញថា យានយន្តល្មើសជិត១៤០០០គ្រឿង ត្រូវបានពិន័យ រីឯអត្រាគ្រោះថ្នាក់ចរាចរណ៍ បានថយចុះ បើប្រៀបធៀបទៅនឹងរយៈពេល១សប្តាហ៍មុនការអនុវត្ត។
ក្នុងរយៈពេល១សប្ដាហ៍នៃការរឹតបន្តឹងគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបានត្រួតពិនិត្យឃើញបទល្មើស និងពិន័យ យានយន្តល្មើសចំនួន ១៣,៩៦៨ ករណី ក្នុងនោះមានទោចចក្រយន្ត និងត្រីចក្រយានយន្ត ចំនួន ១០,៨១៥ ករណី ស្មើនឹង៧៧ភាគរយ និងរថយន្តគ្រប់ប្រភេទចំនួន ៣,១៥៣ករណី ស្មើនឹង ២៣ភាគរយ។
ជាមួយគ្នានេះ គ្រោះថ្នាក់ចរាចរណ៍ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែឧសភា បានកើតឡើងចំនួន ៤៣លើក ដែលបណ្ដាលឲ្យមនុស្សស្លាប់ ២៤នាក់ និងរបួស៥៦នាក់ ។ តួលេខនេះ បើធៀបនឹងសប្ដាហ៍ទី៤ នៃខែមេសា ពោលគឺមុនមួយសប្ដាហ៍នៃការរឹតបន្ដឹងគ្រោះថ្នាក់ចរាចរណ៍ ដោយមានការថយចុះ៥២ លើក។
សម្ដេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ បានសាទរចំពោះការថយចុះយ៉ាងល្អប្រសើរ នៃលទ្ធផលគ្រោះថ្នាក់ចរាចរណ៍រយៈពេល១សប្ដាហ៍ បន្ទាប់ពីបានអនុវត្តច្បាប់រឹតបន្តឹងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ។ ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បានលើកទឹកចិត្តដល់ពលរដ្ឋ និងមន្ត្រីសមត្ថកិច្ច បន្តសកម្មភាពចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយចំនួនអ្នកស្លាប់កាន់តែតិច។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអរគុណចំពោះការចូលរួមអនុវត្តច្បាប់ ហើយទទួលយកនូវមតិរិះគន់ក្នុងស្ថាបនា និងសំណូមពរនានា ដើម្បីពិនិត្យឆ្លុះបញ្ចាំង និងការកែលម្អទាន់ពេលវេលានូវកង្វះខាតទាំងឡាយ។ «វិធានការនេះជាជម្រើសល្អបំផុតក្នុងចំណោមវិធានការអាទិភាពផ្សេងទៀត»។ នេះជាការលើកឡើងរបស់ គ.ស.ច.គ៕
© រក្សាសិទ្ធិដោយ thmeythmey.com