COVID-19
អន្តរជាតិ
មន្ត្រី​សំខាន់​អាមេរិក​៣​នាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង ក្រោយ​ប៉ះពាល់​អ្នក​ឆ្លង​COVID-19
10, May 2020 , 1:54 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក Anthony Fauci, លោក Robert Redfield  និង លោក Stephen Hahn
ពីឆ្វេងទៅស្តាំ៖ លោក Anthony Fauci, លោក Robert Redfield និង លោក Stephen Hahn
ដោយ:
​មន្ត្រី​សំខាន់​អាមេរិក​៣​នាក់​ដែល​ទទួលបន្ទុក​ដឹកនាំ​ការឆ្លើយតប COVID-19 កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង កាលពី​ថ្ងៃទី ៩ ខែឧសភា ក្រោយ​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ COVID-19 ។ អ្នក​ទាំងបី គឺ​សុទ្ធសឹងតែ​ជា​មនុស្ស​សំខាន់​ក្នុង​ជួរ​រដ្ឋាភិបាល​អាមេរិក​ដែល​ដើរតួ​យ៉ាង​ចម្បង​ក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ​COVID-19​។​

 
​មន្ត្រីជាន់ខ្ពស់​ទី​១ គឺជា​លោក Anthony Fauci ដែលជា​មនុស្ស​ដ៏​សំខាន់​ក្នុង​ក្រុម​ឆ្លើយតប COVID-19 របស់​សេត​វិមាន​អាមេរិក​។ បើតាម​របាយការណ៍រ​បស់​ទូរទស្សន៍​អាមេរិក CNN លោក Fauci ដែលមាន​អាយុ​៧៩​ឆ្នាំ និង​ជានា​យក​វិទ្យាស្ថាន​ជាតិ​ប្រយុទ្ធ​ជំងឺឆ្លង (NIAID) កំពុង​ចាប់ផ្ដើម​អនុវត្ត​ចំណាត់ការ​ច​ត្តា​ឡី​ស័ក​។ 
 
​ចំណែក​បុគ្គល​សំខាន់​ទី​២​ក្នុង​ជួរ​រដ្ឋាភិបាល​អាមេរិក គឺ​លោក Robert Redfield ដែលជា​នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាមេរិក (CDC) ។ បើតាម​ការចុះផ្សាយ​រប​ស់កា​សែត​អាមេរិក Washington Post នៅ​ថ្ងៃទី​៩ ខែឧសភា ដែល​ដកស្រង់​សម្តី​អ្នកនាំពាក្យ លោក Redfield អាយុ​៦៨​ឆ្នាំ នឹងធ្វើ​ការ​ពី​ចម្ងាយ​រយៈពេល​២​សបា្ដហ៍​ខាងមុខ ក្រោយ​ប៉ះពាល់ (​កម្រិត​ហានិភ័យ​ទាប​) មនុស្សម្នា​ក់នៅ​សេត​វិមាន​អាមេរិក​ដែលមាន​ជំងឺ​COVID-19​។ 
 
​មន្ត្រីជាន់ខ្ពស់​ចុងក្រោយ គឺជា​លោក Stephen Hahn ដែលជា​ប្រធាន​គណៈកម្មការ​រដ្ឋបាល​ចំណីអាហារ និង​ថ្នាំ​អាមេរិក (USFDA)​។ លោក Hahn អាយុ ៦០​ឆ្នាំ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​រយៈពេល ២ ឬ ៣ សប្តាហ៍ ក្រោយ​ប៉ះពាល់​ជាមួយ​អ្នក​ដែលមាន​លទ្ធផល​តេស្ត​វិជ្ជមាន​សម្រាប់ COVID-19​។ នេះ​បើតាម​អ្នកនាំពាក្យ USFDA ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ​បែបនេះ​។ 
 
​អ្នកនាំពាក្យ បន្ថែមថា ភ្លាមៗ លោក Hahn បានសម្រេច​ធ្វើតេស្ត តែ​លទ្ធផល​ចេញមក អវិជ្ជមាន​។ យ៉ាងណាមិញ សារព័ត៌មាន​អាមេរិក Politico បាន​រាយការណ៍​ថា លោក Hahn បាន​ប៉ះពាល់​ជាមួយ​Katie Miller ដែលជា​លេខាធិកា​ទទួលបន្ទុក​ព័ត៌មាន​របស់លោក​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន ។​
 
​អ្នកស្រី Miller គឺជា​ប្រពន្ធ​របស់​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។ អ្នកស្រី មាន​លទ្ធផល​តេស្ត​វិជ្ជមាន​នៅ​ថ្ងៃទី​៨ ខែឧសភា ដែល​បង្ក​ទៅជា​ការប្រកាសអាសន្ន​ជុំវិញ​លទ្ធភាព​នៃ​ការចម្លង​ជំងឺ​ក្នុង​អគារ​សេត​វិមាន​អាមេរិក​។ 
 
​គិត​ត្រឹម​ថ្ងៃទី ១០ ខែឧសភា សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង​សរុប​ជាង​១,៣៤​លាន​ករណី និង​អ្នកស្លាប់​៨​ម៉ឺន​នាក់​។ បើតាម​វេ​ប​សាយ worldometers អ្នកជា​សះស្បើយ​សរុប​មាន ២៣៨ ០៧៨​នាក់ ខណៈ​អ្នកជំងឺ​ធ្ងន់ធ្ងរ​មាន ១៦ ៨១៦​នាក់​៕
 
 

Tag:
 សហរដ្ឋអាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com