COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី ទទូច​ឲ្យ​ប្រទេស​ម្ចាស់បំណុល​បន្ធូរបន្ថយ​បំណុល​ចំពោះ​ប្រទេស​ក្រី​ក្រី​ដែល​រងគ្រោះ​ព្រោះ Covid-19
10, May 2020 , 4:59 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវីដូដូ (រូបភាព៖ AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវីដូដូ (រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ បាន​អំពាវនាវ​ដល់​ប្រទេស​សេដ្ឋកិច្ច​លូត​លាត់ និង​ជា​ម្ចាស់បំណុល​ឲ្យ​មានការ​យោគយល់​ដល់​ប្រទេស​ក្រីក្រ ឬ​ជា​កូនបំណុល​ក្នុងដំណាក់កាល​លំបាក​នៃ​វីរុស Covid-19​។ ប្រមុខ​ដឹកនាំ​កំពូល​ឥណ្ឌូណេស៊ី​រូបនេះ ចង់ឃើញ​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ល្អប្រសើរ​បន្ធូរបន្ថយ​បំណុល​សម្រាប់​ប្រទេស​ក្រីក្រ​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ប្រទេស​ទាំងនេះ​ស្រោចស្រង់​ស្ថានភាព​។​

 
​តាមរយៈ​កិច្ចប្រជុំ​កំពូល​របស់​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ( Non-Aligned Movement ឬ​ហៅ​កាត់​ថា NAM)  នៅ​ថ្ងៃ​៥ ឧសភា​កន្លងទៅ លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​ថ្លែង​ត្រង់ៗ​ពី​ទុក្ខលំបាក​របស់​ប្រទេស​ក្រីក្រ និង​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​បំផុត​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​វីរុស Covid-19 ដែល​បានអូសបន្លាយ​ជាច្រើន​ខែ​មកហើយ​នោះ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Jakarta Globe លោក​ប្រធានាធិបតី បាន​គូសបញ្ជាក់ថា វា ជា​រឿង​ចាំបាច់​បំផុត​មួយ ដែល​លោក​ត្រូវ​លើកឡើង​ពី​ទុក្ខលំបាក និង​ទាមទារ​ជំនួយ​អភិវឌ្ឍ និង​មនុស្សធម៌​, ក៏ដូចជា​ការអនុគ្រោះ​និង​បន្ធូរបន្ថយ​បំណុល និង​កាតព្វកិច្ច​ក្នុងការ​សងបំណុល​ពី​ម្ចាស់បំណុល​ផ្លូវការ ដែល​អាច​ធ្វើឡើង​តាមរយៈ​ការ​បង្វែរ​មកជួយ​រដ្ឋា​ភិ​បាល​ដើម្បី​គ្រប់គ្រង​ស្ថានភាព​ពី​វីរុស Covid-19​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក​ប្រធានាធិបតី បាន​សង្កត់ធ្ងន់​ផងដែរ​ថា ប្រទេស​សមាជិក​ក្រុម G20 ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន គួរតែ​ចាប់ផ្តើម​អនុវត្តតាម​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ស្តីពី​ការព្យួរ ឬ​ពន្យា​ពេល​កំណត់​សម្រាប់​ការសង​បំណុល សម្រាប់​ប្រទេស​ដែលមាន​ចំណូល​តិចតួច​។ លោក អះអាងថា​សត្រូវ​រួម​របស់​ពិ​ភ​លោក​បច្ចុប្បន្ន គឺ Covid-19 ដូច្នេះ ពិភពលោក​គួរតែ​ពង្រឹង​សាមគ្គីភាព​នយោបាយ​ដើម្បី​បញ្ចប់​បញ្ហា​៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com