រៀន​តាម​អន​ឡាញ​ល្អ តែ​និស្សិត​ពិការភ្នែក​និង​ខ្សោយ​គំហើញ​ជួប​ឧបសគ្គ​ខ្លះ​
COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រៀន​តាម​អន​ឡាញ​ល្អ តែ​និស្សិត​ពិការភ្នែក​និង​ខ្សោយ​គំហើញ​ជួប​ឧបសគ្គ​ខ្លះ​
11, May 2020 , 11:22 am        
រូបភាព
ភ្នំពេញ​៖ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​១៩ សិស្ស​និស្សិត​ខ្លះ​តម្រូវឱ្យ​រៀន​តាម​អន​ឡាញ​ពី​ផ្ទះ​របស់ខ្លួន​ទៅ​។ គុណសម្បត្តិ​មាន​ហើយ ក៏ប៉ុន្តែ​ក៏​ចៀស​មិន​ផុតពី​គុណវិបត្តិ​ដែរ សេវា​អ៊ី​ន​ធើ​ណេ​ត​ខ្សោយ ក្រុមហ៊ុន​ទូរ​សព្ទ​កាត់​ប្រាក់​លឿន មានការ​រំខាន​ក្នុងពេល​កំពុង​សិក្សា និង​ហានិភ័យ​ខ្ពស់​សម្រាប់​អ្នកខ្សោយ​គំ​ហើយ នៅពេលដែល​មើល​កញ្ចក់​ទូរ​សព្ទ ឬ​កំ​ព្យូ​ទ័​រ​យូរ ជាដើម​នោះ គឺជា​ឧបសគ្គ​របស់​អ្នករៀន​តាម​អន​ឡាញ​។​


 
​និស្សិត​ពិការភ្នែក​និង​ខ្សោយ​គំហើញ​មួយចំនួន បាន​ត្អូញត្អែរ​ប្រហាក់ប្រហែលគ្នា ពី​ផលវិបាក​មួយចំនួន​ពេល​រៀន​តាម​អន​ឡាញ ជាពិសេស​ពួកគេ​ផ្ដោត​សំខាន់​ទៅលើ​សេវា​អ៊ី​ន​ធើ​ណេ​ត​ខ្សោយ ការ​កាត់​ប្រាក់​ទូរ​សព្ទ​លឿន​ហួសហេតុ​ពេក និង​មាន​បញ្ហា​មួយចំនួនទៀត​។ 
 
​មាន​ដើម​កំណើតកើតជា​នៅ​ស្រុក​សំរោង ខេត្តតាកែវ និស្សិត​ខ្សោយ​គំហើញ សោម តាំង​អី ដែល​កំពុង​រៀន​ឆ្នាំ​ទី​២​ផ្នែក​ទស្សនវិជ្ជា នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​សង្គមសាស្ត្រ និង​មនុស្សសាស្ត្រ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ផល​លំបាក​សម្រាប់​លោក​ពេល​រៀន​តាម​អន​ឡាញ គឺ​នៅពេលដែល​សេវា​អ៊ី​ន​ធើ​ណេ​ត​ខ្សោយ ព្រោះ​វា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការសិក្សា​របស់​សមាជិក​នៅក្នុង​ក្រុម​ទាំងមូល​ដែលមាន​គ្នា​ប្រមាណ​ជា​៣០​នាក់​នោះ​។ 


និស្សិតខ្សោយគំហើញ សោម តាំងអី មានស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ
 
​ជាង​នោះ​ទៅទៀត​និស្សិត​វ័យ​២២​ឆ្នាំ ដែល​ទើបតែ​រៀន​តាម​អន​ឡាញ​ជា​លើកដំបូង​នេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា បញ្ហា​ក្រុមហ៊ុន​ទូរ​សព្ទ​កាត់​ប្រាក់​លឿន​ហួសហេតុ​ពេក ក៏​ជា​ផលប៉ះពាល់​ដ៏​សំខាន់​មួយ​សម្រាប់​អ្នកសិក្សា​តាម​អន​ឡាញ​ដែរ​។​
 
​និស្សិត​ខ្សោយ​គំហើញ​ដែល​មិនចាំបាច់​ប្រើ​អក្សរ​ប្រេ​ល​រូបនេះ ពន្យល់​បន្ថែម​ដូច្នេះ​៖«​នៅពេលដែល​សេវា​អ៊ី​ន​ធើ​ណេ​ត​រអាក់រអួល សិស្ស​មិនអាច​ស្ដាប់​គ្រូ​ពន្យល់​ទាន់​គ្រប់គ្នា​ទេ ហើយ​ពួកគេ​ត្រូវ​សួរ​សំណួរ​ដដែលៗ​ទៅ​គ្រូ ដូច្នេះ​ធ្វើឱ្យ​គ្រូ​ហត់​ដែរ ម្យ៉ាង​ខាត​ម៉ោង​រៀន​ផង​។ សិស្ស​ខ្លះ​គាត់​មិនសូវ​ចេះ​ប្រើ​កម្មវិធី​Zoom​ហ្នឹង​ទៀត ហើយ​គាត់​មិនចេះ​បិទ​សំឡេង អ៊ីចឹង​ពេលខ្លះ​ពិបាក​ស្ដាប់​គ្រូ​ពន្យល់​ដែរ ពីព្រោះ​ឮ​សំឡេង​រំខាន​។ មិត្ត​របស់ខ្ញុំ​មួយចំនួន​បាន​ជួប​បញ្ហា ក្រុមហ៊ុន​ទូរ​សព្ទ​កាត់​ប្រាក់​លឿន​ពេក អ្នកខ្លះ​បញ្ចូល​ទើបតែ​បាន​១​ថ្ងៃ អ្នកខ្លះ​បាន​២​ថ្ងៃ គេ​កាត់​អស់ ដូច្នេះ​គាត់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​»​។​
 
​ចំណែក​និស្សិត ម៉ី ពន្លក ក៏មាន​បញ្ហា​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ដូចគ្នា​ដែរ​។ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ក្នុងស្រុក​បាទី បុរស​ពិការភ្នែក​ទាំងសងខាង ពន្លក កំពុង​រៀន​ភាសា​អង់គ្លេស​វគ្គ​បំប៉ន​តាម​អន​ឡាញ ដើម្បី​ត្រៀន​ចូលរៀន​ឆ្នាំ​ទី​១ ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​។ 


និស្សិត ម៉ី ពន្លក មានស្រុកកំណើតនៅខេត្តតាកែវ
 
​សេវា​អ៊ី​ន​ធើ​ណេ​ត​ដើរ​ខ្សោយ​ពេក ជាហេតុ​នាំឱ្យ​និស្សិត​វ័យ​២៣​ឆ្នាំ​រូបនេះ អះអាងថា​ខ្លួន​អាច​នឹង​រៀន​មិនទាន់​គេ​។ ដូច្នោះ​ហើយ​លោក​បាន​ព្យាយាម​ប្ដូរ​ប្រព័ន្ធ​ទូរ​សព្ទ​ជា​ញឹកញាប់ ដើម្បី​ឆ្លើយតប​នឹង​ការសិក្សា​របស់ខ្លួន​។ 
 
​បុរស​ដែល​រៀន​២​សកលវិទ្យា​ល័យ ដោយ​ចាប់យក​ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស និង​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​រូបនេះ បាន​ពន្យល់​ដូច្នេះ​៖«​ខ្ញុំ​ត្រូវ​ដូរ​ស៊ីម​ខាត​ទូរ​សព្ទ​ញឹកញាប់ បើ​ស្មា​ត​ដើរ​យឺត​ខ្ញុំ​ដាក់​សេល​ខាត ហើយ​បើ​សេល​ខាត​ដើរ​យឺត​ទៀត ខ្ញុំ​ប្រើ​ស៊ី​ថេ​ល ធ្វើបែបនេះ​ទើប​ខ្ញុំ​អាច​រៀន​បាន​។ ឧបសគ្គ​មួយទៀត​នោះ​គឺ ទូរ​សព្ទ​របស់ខ្ញុំ​ពេលខ្លះ​វា​ធ្វើទុក្ខ​ដែរ ព្រោះ​វា​រៀង​ចាស់​ហើយ​។ តែ​ទោះជា​យ៉ាងណា ក៏​ខ្ញុំ​នៅ​ព្យាយាម​រក​ដំណោះស្រាយ ដើម្បី​បាន​រៀន​។ 
 
​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​១០០​ភាគរយ ទាំង​២​សកល​វិទ្យាល័យ​រូបនេះ ត្រូវ​ប្រឹងប្រែង​រៀន​តាម​អន​ឡាញ ទាំង​ដែល​រៀន​មិនសូវ​បាន​ពេញលេញ ព្រោះ​មិន​ចង់ឱ្យ​ខាត​ឆ្នាំ​និង​ពេលវេលា​។ 
 
​ទោះជា​យ៉ាងណា បុរស​រាង​ស្គម​ខ្ពស់ស្រឡះ​រូបនេះ នៅមាន​ផល​លំបាក​មួយទៀត ទៅលើ​ឯកសារ​រៀន ហើយ​លោក​បន្ថែម​ដូច្នេះ​៖«​ឯកសារ​រៀន​មានតែ​ជា​សៀវភៅ​ធម្មតា​សម្រាប់​មនុស្ស​ភ្នែក​ភ្លឺ ហើយ​មិនមាន​ជា​សូ​ហ្វ ដូច្នេះ​ខ្ញុំ​ត្រូវយក​ទៅឱ្យគេ​ប្រែជា​អក្សរ​ពិការភ្នែក ពេលខ្លះ​រោង​ពុម្ព​គេ​រវល់ គេ​បោះពុម្ព​យឺត ខ្ញុំ​ក៏​អត់​សៀវភៅ​រៀន​ដែរ​។ បើ​មិនបាន​សួរ​មិត្តភក្ដិ​ក្នុង​ថ្នាក់​បន្ថែម​ទេ ខ្ញុំ​មិនអាច​រៀន​ទាន់​គេ​ទេ​»​។​
 
​ចំណែក​កញ្ញា គង់ ដា​ណែ​ត ដែល​ខ្សោយ​គំហើញ​វិញ ក៏ត្រូវ​រៀន​តាម​អន​ឡាញ​នៅក្នុងពេល​ដ៏​ខ្លី​ខាង​មុននេះ​ដែរ​។ មិន​ធ្លាប់បាន​រៀន​តាម​អន​ឡាញ​ពីមុនមក​សោះ សម្រាប់​និស្សិត​អក្សរសាស្ត្រ​អង់គ្លេស​ឆ្នាំ​ទី​២ ដា​ណែ​ត មានការ​ព្រួយបារម្ភ​ខ្លាច​ថា ការមើល​កំ​ព្យូ​ទ័​រ ឬ​ទូរ​សព្ទ​ច្រើន​ម៉ោង អាចធ្វើឱ្យ​ភ្នែក​របស់​នាង កាន់​តែមាន​បញ្ហា​។ 


កញ្ញា គង់ ដាណែត មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ

​ក៏​ជា​និស្សិត​គរុកោសល្យ​ផងដែរ​នោះ កញ្ញា គង់ ដា​ណែ​ត ដែលមាន​អាយុ​២២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា បើទោះបីជា​មិនមាន​ការបង្រៀន​តាម​អន​ឡាញ ក៏​នាង​អាច​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង​បានដែរ​។ 
 
​កញ្ញា​អះអាង​បន្ថែមថា​៖«​បើ​មើល​ទូរ​សព្ទ ឬ​កំ​ព្យូ​ទ័​រ​យូរ វា​ធ្វើឱ្យ​ខ្ញុំ​ក្ដៅ​ភ្នែក​និង​ឈឺក្បាល​។ មាន​សាលា​មួយ​គាត់​ផ្ញើ​ឯកសារ​មក​តាម​តេ​លេ​ក្រាម ដូច្នេះ​ខ្ញុំ​ចង់​មើល​ពេលណា​ក៏បាន ហើយ​ខ្ញុំ​គិតថា​ផ្ញើ​បែបនេះ​ល្អ​ជាង​។ តែបើ​ទោះបីជា​ការរៀន​តា​ម​អន​ឡាញ មានការ​លំបាក​សម្រាប់​ខ្ញុំ​ក៏ដោយ ក៏​វា​គ្រាន់បើ​ជាង​មិនបាន​រៀន​សោះ​ដែរ​»​។​
 
​ក៏មាន​បញ្ហា​ដូច​ទៅនឹង​គរុ​សិស្ស គង់ ដា​ណែ​ត ដែរ និស្សិត សោម តាំង​អី ត្រូវ​រៀន​នៅមុខ​កញ្ចក់​កំ​ព្យូ​ទ័​រ ឬ​កញ្ចក់​ទូរ​សព្ទ ប្រមាណ​ជា​២​ម៉ោង​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​បុរស​សម្បុរ​ស្រអែម​រូបនេះ ព្យាម​យាម​ប្រើ​ត្រចៀក​ស្ដាប់​គ្រូ​ពន្យល់ ជំនួយ​ឱ្យ​ការប្រើ​ភ្នែក ដើម្បី​ការពារ​ចក្ខុ​ដែល​កំពុងមាន​សភាព​ខ្សោយ​ស្រាប់​ទៅហើយនោះ​។​
 
​វី​ឯ​និស្សិត​ឆ្នាំ​ទី​១​ជំនាញ​សិក្សាអប់រំ សឿង ស៊ីណា ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ​វិញ ក៏មាន​ការព្រួយបារម្ភ​ខ្លះ​ដែរ នៅមុន​ពេលដែល​នាង​ចាប់​ផ្ដើ​ត​ចូលរៀន​តាម​អន​ឡាញ​នោះ​។ មាន​អាយុ​២៤​ឆ្នាំ ស៊ីណា រស់នៅក្នុង​តំបន់​ដែលមាន​សេវា​អ៊ី​ន​ធើ​ណេ​ត​ខ្សោយ​។ នារី​ដែល​ខ្សោយ​គំហើញ​ខ្លាំង ស្ទើរតែ​មើលមិនឃើញ ដោយ​ចាំបាច់​ត្រូវ​ប្រើ​អក្សរ​ប្រេ​ល​រូបនេះ ព្រួយបារម្ភ​ខ្លាច​ខ្លួន​ស្ដាប់​គ្រូបង្រៀន​មិនទាន់​។ ទោះជា​យ៉ាងណា នាង​ថា​ប្រសិនបើ​វិ​ដេ​អូ​ដែល​គ្រូបង្រៀន​តាម​អន​ឡាញ អាច​រក្សាទុក​រៀន​នៅពេល​ក្រោយ​បាន គឺជា​រឿង​ល្អ​សម្រាប់​នាង​។​


កញ្ញា សឿង ស៊ីណា មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ
 
«​ខ្ញុំ​ចង់​រៀន​ផ្ទាល់​ជាមួយ​គ្រូ​ជាង​។ ខ្ញុំ​ខ្លាច​រៀន​តាម​អន​ឡាញ​អត់​ទាន់ ព្រោះ​រៀន​តែម្ដង​ខ្ញុំ​មិន​ចាំ​ទេ បើ​មើល​ម្ដងទៀត​ទើប​ខ្ញុំ​ចេះ​។ មកដល់ពេលនេះ​សាលា​មិនទាន់បាន​ប្រាប់​ច្បាស់ ថា​នឹង​ចាប់ផ្ដើម​រៀន​តាម​អន​ឡាញ​នៅពេលណា​ទេ​។ រាល់ថ្ងៃ​ខ្ញុំ​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង ដូចជា​ស្ដាប់​ឯកសារ​តាម​ផេ​ក​ក្រសួង ស្ដាប់​តាម​យូ​ធូប តាម​ហ្គូ​ហ្គ​ល​។ តែ​ខ្ញុំ​ពិបាក នៅពេល​ឯកសារ​រៀន​ជា​PDF ព្រោះ​ទូរ​សព្ទ​មិនអាច​អាន​បាន​»​។ ទាំងនេះ​គឺជា​កង្វល់​របស់​នារី​រាងស្ដើង សម្បុរ​ស ពាក់អាវ​ពណ៌​ផ្ទៃមេឃ​ដៃ​វែង ស៊ីណា​។​
 
​ត្រឡប់មក​និស្សិត សោម តាំង​អី វិញ ថ្វីដ្បិតតែ បុរស​កូនពៅ​ក្នុងចំណោម​បងប្អូន​២​នាក់​រូបនេះ បានទទួល​ការបណ្ដុះបណ្ដាល​តាម​អន​ឡាញ​ក៏ពិតមែន តែ តាំង​អី នៅតែ​ខំ​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង​នៅ​ច្រើន​រូបភាព​ដូចជា ការស្រាវជ្រាវ ការមើល​សៀវភៅ ការ​សួរ​គ្រូ និង​សួរ​មិត្ត​ភ័ក្ដិ ជាពិសេស​បង្កើត​ក្រុម​ហ្វេ​ស​ប៊ុ​ក​ឆែត ដើម្បី​ចែករំលែក​ចំណេះដឹង​ពី​ការសិក្សា ដើម្បី​ពង្រីក​ចំណេះដឹង​ឱ្យ​កាន់តែ​ទូលាយ​។​
 
​ក្នុងនាម​ជា​និស្សិត​មួយរូប យុវជន សោម តាំង​អី ស្នើឱ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា សហការ​ជាមួយ​ក្រុមហ៊ុន​ទូរ​សព្ទ​គ្រប់​ប្រព័ន្ធ ដើម្បី​ជួយ​សម្រួល​ដល់​ការប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​ឱ្យបាន​រលូន ព្រមទាំង​ធ្វើឱ្យមាន​សុ​ក្រិត​ភាព​ចំពោះ​ការ​កាត់​ប្រាក់​ទូរ​សព្ទ​។ 
 
​សូមបញ្ជាក់ថា កាលពីពេល​កន្លងទៅ ក្រសួង​អប់រំ​យុវជន និង​កីឡា បានប្រកាស​ឱ្យ​បិទទ្វា​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​១៩​។ លុះត្រា​ណា​មាន​សេចក្ដីប្រកាស​ថ្មី ឱ្យមាន​ការចូល​រៀន​ជាធម្មតា ទើប​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​អាច​បើកទ្វារ​ឡើងវិញ​បាន​៕

Tag:
 ការសិក្សា​
  និស្សិត​
  អប់រំ​
  អន​ឡាញ​
 ​កូ​វីដ​១៩
© រក្សាសិទ្ធិដោយ thmeythmey.com