COVID-19
អន្តរជាតិ
ស្ងប់ស្ងាត់​មួយរយៈ ក្រុង​វូ​ហាន មាន​ករណី​ឆ្លង​ជា​ចង្កោម​ថ្មី
11, May 2020 , 9:59 pm        
រូបភាព
ក្រុងវូហាន មានករណីឆ្លងជាបណ្តុំជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ។ រូបភាព៖ AFP
ក្រុងវូហាន មានករណីឆ្លងជាបណ្តុំជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ។ រូបភាព៖ AFP
​ធៀន ភា​រិន្ទ (​)
​ទីក្រុង​វូ​ហាន ប្រទេស​ចិន នា​ថ្ងៃទី​១១ ខែឧសភា បាន​រាយការណ៍​ថា អាជ្ញាធរ​សុខាភិបាល​របស់ខ្លួន បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ជា​ចង្កោម​ករណី​ថ្មី បន្ទាប់ពី​ទីក្រុង​មួយ​នេះ មិនបាន​ប្រកាស​គ្មាន​ករណី​ឆ្លង​តាំងពីដើម​ខែមេសា​កន្លង​មក​។  
 
​ក្រុង​វូ​ហាន ដែលជា​កន្លែង​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ដំបូង ត្រូវបាន​អាជ្ញាធរ​ចិន ប្រកាសថា​គ្មាន​ករណី​ឆ្លង​COVID-19 តាំងពី​ថ្ងៃទី​៣ ខែមេសា​មក​ម្លេះ​។ រហូតមកដល់​ថ្ងៃទី​១០ ខែឧសភា អាជ្ញាធរ​ក្រុង​វូ​ហាន បានប្រកាស​រកឃើញ ១​ករណី​ថ្មី​ឡើងវិញ ពោល​គឺជា​បុរស​ចំណាស់​វ័យ ៨៩​ឆ្នាំ ។ បន្ថែម​ពីលើ​នេះ នៅ​ថ្ងៃទី​១១ ខែឧសភា ក្រុង​វូ​ហាន បាន​រាយការណ៍​ថា ខ្លួន​រកឃើញ​ករណី​ឆ្លង​ជា​បណ្តុំ​ចំនួន ៥​ករណី ដែល​ស្នាក់​នៅក្នុង​អាគារ​ជាមួយគ្នា ក្នុងចំណោម​ករណី​ទាំង​១៧ ដែល​ត្រូវបាន​គេ​រកឃើញ​ក្នុងប្រទេស​ចិន​។ ក្នុង​ចំនួន ៥​ករណី​ថ្មី មាន​១​ករណី គឺជា​ភរិយា​របស់​បុរស​វ័យ ៨៩​ឆ្នាំ​។ 
 
​ករណី​ទាំង​៥​នេះ ត្រូវបាន​គេ​ចាត់ទុកថា គឺជា​អ្នកជំងឺ​ដែល​មិនមាន​រោគសញ្ញា​នៃ​ជំងឺឆ្លង​។ តួលេខ COVID-19 សរុប​របស់​ចិន មាន​ចំនួន ៨២៩១៨​ករណី អ្នកស្លាប់​ចំនួន ៤៦៣៣ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៧៨១៤៤ ករណី​។ អ្នក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​សរុប​មាន​ចំនួន ១៤១​ករណី​។ 
 
​ទាក់ទង​ការកើនឡើង​នៃ​ករណី​ឆ្លង​នៅក្នុង​ប្រទេស​ចិន ក៏ដូចជា​ក្រុង​វូ​ហាន​បែបនេះ វា​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ដល់​រដ្ឋាភិបាល​ចិន​មួយកម្រិត​ទៀត ដែល​កំពុង​តែមាន​វិធានការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​នៅក្នុង​ប្រទេស​ផង និង​បង្ការ​ករណី​ឆ្លង​ជាថ្មី​នៅក្នុង​ប្រទេស​ផង​។ 
 
​សូមបញ្ជាក់ថា ការកើនឡើង​ករណី​ឆ្លង​ក្នុងស្រុក​នៅ​ប្រទេស​ចិន​មួយរយៈ​ចុងក្រោយ​នេះ វា​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​រដ្ឋាភិបាល​ចិន​យ៉ាងខ្លាំង ព្រោះ​វា​អាច​វិវឌ្ឍន​ទៅជា​រលក​ឆ្លង​COVID-19 លើក​ទី​២ ដែល​អាច​ជះ​ផល​អាក្រក់​កាន់តែខ្លាំង​មកលើ​ប្រទេស​ចិន​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com