COVID-19
ជាតិ
ដ្បិតជំងឺកូវីដ១៩ថមថយ ប៉ុន្តែក្រសួងសុខាភិបាល នៅតែទាមទារឱ្យផ្អាកការជួបជុំ
× ភ្នំពេញ៖ ដ្បិតជំងឺកូវីដ១៩ថមថយក្តី ប៉ុន្តែពលរដ្ឋមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែសចំពោះជំងឺនេះឡើយ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅស្នើតែឱ្យពលរដ្ឋកាត់បន្ថយការជួបជុំគ្នា នៅគ្រាដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះ។
លោកស្រី ឱ វណ្ណឌីន មិនគាំទ្រឱ្យពលរដ្ឋនាំគ្នាជួបជុំ ឬរៀបចំពិធីជប់លៀង រួមទាំងពិធីមង្គលការ នៅក្នុងបរិបទជំងឺកូវីដ១៩នេះឡើយ។ លោកស្រី វណ្ណឌីន ស្នើឱ្យពលរដ្ឋលើកពេលជួបជុំគ្នានេះ ហើយរង់ចាំទាល់តែកម្ពុជា ប្រកាសថា លែងមានជំងឺកូវីដ១៩តែម្ដង។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១១ ឧសភា រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ដូច្នេះថា៖«កន្លែងនេះ ខ្ញុំសូមបញ្ជាក់ជូនថា ការរៀបអាពាហ៍ពិពាហ៍ក្តី ការប្រារព្វនូវពិធីផ្សេងៗក្តី ប្រសិនបើអាចពន្យាពេលបាន ជាការល្អប្រសើរមែនទែន ដោយសារយើងទុករយៈពេលពីរ ឬបីខែទៀត យើងតាមមើលស្ថានភាពនៅលើសាកលលោក»។
ប៉ុន្តែបើពលរដ្ឋ មានកម្មវិធីសំខាន់ ដែលមិនអាចលើកពេលវេលាបាននោះ ពលរដ្ឋអាចរៀបចំកម្មវិធីដោយស្ថិតនៅក្នុងការប្រុងប្រយ័ត្នជានិច្ច។ នេះជាការអំពាវនាវរបស់លោកស្រី ឱ វណ្ណឌីន។
គិតត្រឹមថ្ងៃទី១១ឧសភា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២២នាក់ ក្នុងរាជធានី-ខេត្តចំនួន១៣។ ក្នុងនោះ មាន១២០នាក់ ឬស្មើនឹង៩៩.៣៦ភាគរយ ជាសះស្បើយ។ អ្នកសះស្បើយទាំងនោះ ជនជាតិខ្មែរ ៤៩នាក់, បារាំង៤០នាក់, ម៉ាឡេស៊ី១៣នាក់, អង់គ្លេស៥នាក់, ចិន៣នាក់, អាមេរិកាំង២នាក់, វៀតណាម៣នាក់, ឥណ្ឌូណេស៊ី២នាក់, កាណាដា២នាក់ និងបែលហ្សិក១នាក់។
ដោយឡែក អ្នកជំងឺកូវីដ-១៩ ដែលនៅសល់២នាក់ទៀតនោះ គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរមិត្តភាពកម្ពុជា-សូវៀត។ អ្នកជំងឺកូវីដ-១៩ ទាំងពីរនាក់នោះ គឺជាស្ត្រី វ័យ៣៦ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ និងបុរសវ័យ៧៥ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com