COVID-19
អន្តរជាតិ
COVID-19៖ ភ្លេចខ្លួន​នាំ​ឲ្យ​ប្រទេស​ជាច្រើន​កំពុង​វាយប្រហារ​ដោយ​រលក​ឆ្លង​លើក​ទី​២
12, May 2020 , 7:59 am        
រូបភាព
កូរ៉ូណាវីរុស, រូបភាព៖   European Cockpit Association
កូរ៉ូណាវីរុស, រូបភាព៖ European Cockpit Association
ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បានចាប់ផ្តើម​ដំបូង​នៅក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​។ មិនយូរប៉ុន្មាន ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ បាន​រីក​សាយភាយ​ទៅកាន់​ប្រទេស និង​តំបន់​ជាច្រើន​នៅលើ​ពិភពលោក​។ គិត​មក​ត្រឹម​ថ្ងៃទី​១១ ខែឧសភា COVID-19​នៅលើ​ពិភពលោក បាន​កើន​ជាង ៤,១៨​លាន​ករណី អ្នកស្លាប់​ជាង ២៨​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជិត ១,៥​លាន​នាក់​។ យ៉ាងណាក៏ដោយ ក្នុង​រយៈកាល​ប៉ុន្មាន​ខែ​ដំបូង​នេះ គឺ​គ្រាន់តែ​ជា​ពេល ដែល​ត្រូវបាន​គេ​ចាត់ទុកថា គឺជា​រលក​ឆ្លង​លើក​ទី​១ នៃ​កូ​រ៉ូ​ណាវី​រុស​តែប៉ុណ្ណោះ​។ បើតាម​ការព្រមាន​រប​ស់​អ្នកជំនាញ រលក​ឆ្លង​លើក​ទី​២ នៃ​កូ​រ៉ូ​ណាវី​រុស នឹង​កាន់តែ​អាក្រក់​ជាង​នេះ​ថែមទៀត​។ 


 
​តើ​រលក​ឆ្លង​លើក​ទី​២ (Second Wave) នៃ COVID-19 គឺជា​អ្វី​? ហេតុអ្វី​បានជា​អ្នកជំនាញ​ជាច្រើន​នៅលើ​ពិភពលោក ព្រមាន​ពី​គ្រោះថ្នាក់​នៃ​រលក​ឆ្លង​លើក​ទី​ពីរ​នេះ​? 
​មកទល់ពេលនេះ គេ​មិនទាន់​អាច​កំណត់​ពី​រយៈពេល​ជាក់លាក់ នៃ​រលក​ឆ្លង​លើក​ទី​២ របស់​កូ​រ៉ូ​ណា​វីរុស​បានទេ ព្រោះ​វា​មិនទាន់​លេចចេញ​ជា​រូបរាង​នៅឡើយ​។ បើតាម​និយមន័យ​របស់​វេ​ប​សាយ Medical Net រលក​ឆ្លង​លើក​ទី​ពីរ គឺជា​បាតុភូត​នៃ​ជំងឺឆ្លង​សកល ដែល​អាច​កើតឡើង បន្ទាប់ពី​ករណី​ឆ្លង​ក្នុង​រលក​លើក​ទី​១ មាន​ភាព​ធូរស្រាល និង​ក្រោយមក មាន​ករណី​ឆ្លង​កើនឡើង​វិញ​។ 
 
​ជាក់ស្តែង រលក​ឆ្លង​បែបនេះ វា​បាន​កើតឡើង​រួចមកហើយ នៅក្នុង​វិបត្តិ​ជំងឺ​ផ្តាសាយ​អេ​ស្ប៉ា​ញ (Spanish Flu) ដែល​បាន​កើតឡើង​នៅ​ដើម​សតវត្សរ៍​ទី​២០​។ តាម​វេ​ប​សាយ​ប្រវត្តិសាស្ត្រ History ជំងឺ​ផ្តាសាយ​អេ​ស្ប៉ា​ញ បានចាប់ផ្តើម​ឡើង​នៅក្នុង​ខែមីនា ឆ្នាំ​១៩១៨ និង​បាន​រីកសាយ​យ៉ាងខ្លាំង​នៅក្នុង​ទី្វ​ប​អឺរ៉ុប​។ ការរីក​សាយភាយ​នេះ គឺ​កើតឡើង ដោយសារតែ​ការ​ចល័ត​កងទ័ព​នៅ​ទ្វីបអឺរ៉ុប ក្នុង​សង្គ្រាមលោកលើកទី​១​។ រហូតមកដល់​ខែកក្កដា ករណី​ឆ្លង​ជំងឺ​ផ្តាសាយ​អេ​ស្ប៉ា​ញ បាន​ថយចុះ​ជា​លំដាប់​។ ប៉ុន្តែ​នេះ គ្រាន់តែ​ជា​ស្ថាន​ភាពល្អ មុនពេល​ព្យុះ​ដ៏​កាច​សហាវ​មកដល់​តែប៉ុណ្ណោះ​។ 
 
​នៅ​ចុងខែ​កក្កដា​ឆ្នាំ​១៩១៨ នាវា​យោធា​ជាច្រើន​គ្រឿង​ដែល​មិនដឹង​មាន​ផ្ទុក​អ្នកជំងឺ​ផ្តាសាយ​អេ​ស្ប៉ា​ញ បាន​ចាក​ចេញពី​កំពង់ផែ​មួយ នៅ​ប្រទេស​អង់គ្លេស ដោយ​ទៅ​ចត​នៅ​បារាំង អាមេរិក និង​អា​ហ្រិ្វ​ក​ខាងលិច​។ ពេលនេះ​ហើយ ដែល​រលក​ឆ្លង​លើក​ទី​២ នៃ​ជំងឺ​ផ្តាសាយ​អេ​ស្ប៉ា​ញ​បានចាប់ផ្តើម​។ ក្នុង​រយៈពេល​រលក​ឆ្លង​លើក​ទី​២​នេះ មនុស្ស​ជាច្រើន​លាន​នាក់​បាន​ឆ្លង និង​ស្លាប់ ជាពិសេស​ក្រុមយុវជន​។ បើតាម​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ ប្រចាំ​នៅ​សកលវិទ្យា​ល័យ Ohio  លោក James Harris បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​ចល័ត​យោធា​យ៉ាង​ឆាប់រហ័ស​នៅ​ជុំវិញ​សកលលោក គឺជា​ការចម្លង​ជំងឺឆ្លង​នេះ​យ៉ាងខ្លាំងបំផុត​»​។ ក្នុងន័យនេះ ករណី​រលក​ឆ្លង​លើក​ទី​២ គឺ​កើតចេញពី​ការ​បំលាស់​ទី​របស់​មនុស្ស ដែលមាន​ផ្ទុក​ជំងឺ​ដោយ​មិនដឹង​ខ្លួន និង​បង្ក​ឲ្យ​ស្ថានភាព​ជំងឺ​កាន់តែ​អាក្រក់​ឡើង​។ 
 
​យ៉ាងណាមិញ​សម្រាប់​ស្ថានការណ៍ COVID-19​ក្នុងពេល​បច្ចុប្បន្ន​វិញ អ្នកជំនាញ​សុខាភិបាល មិនទាន់​អាច​កំណត់​បានទេ ថា​តើ​រលក​ឆ្លង​លើក​ទី​២ នៃ​កូ​រ៉ូ​ណា​វីរុស​នឹង​កើតឡើង​នៅពេលណា​។ ដោយ​ផ្អែក​ទៅតាម​បទពិសោធន៍​នៃ​ជំងឺឆ្លង​នាពេល​អតីតកាល អ្នកជំនាញ​បានត្រឹមតែ​ព្រមាន​តែប៉ុណ្ណោះ​ថា រលក​ឆ្លង​ទី​២​នៃ COVID-19 នឹង​សាហាវ​ជាង​នេះ​។ ម្យ៉ាង​ក្នុង​កាលៈទេសៈ​ករណី​ឆ្លង​COVID-19 ធ្លាក់ចុះ​បែបនេះ មនុស្ស​លែង​សូវ​ប្រុងប្រយ័ត្ន ដែល​អាច​បង្ក​ឲ្យ​មាន​រលក​ឆ្លង​លើក​ទី​២ កើតមាន​នាពេលខាងមុខ​ដ៏​ឆាប់​។ 
 
​ជាក់ស្តែង  លោក Robert Redfield នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អាមេរិក (CDC) កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ បាន​ព្រមាន​ថា រលក​ឆ្លង​លើក​ទី​២ នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​នៅ​អាមេរិក នឹង​កាន់តែ​អាក្រក់​ថែមទៀត នៅក្នុង​រដូវ​ត្រជាក់​ខាងមុខ​។ បើតាម​ការពន្យល់​រប​ស់នា​យក CDC រូបនេះ នាពេលខាងមុខ វា​គឺជា​រដូវ​ត្រជាក់ ហើយ​ជំងឺ​ផ្តាសាយ និង​COVID-19 នឹង​វាយប្រហារ​អាមេរិក​ក្នុងពេល​ជាមួយគ្នា​តែម្ដង​។ បញ្ហា​នេះ វា​នឹង​បណ្តាល​ឲ្យ​ករណី​ឆ្លង​នៅ​អាមេរិក និង​អត្រា​អ្នកស្លាប់ កាន់តែ​កើន​ច្រើនឡើង​ថែមទៀត​។ 
​ចំណែក​បរិបទ​កម្ពុជា​វិញ បើទោះបីជា​COVID-19 បាន​ស្ងប់ស្ងាត់​ក្នុង​រយៈពេល​ជិត ១​ខែ​ក៏ដោយ ក៏​ក្រសួងសុខាភិបាល និង​រដ្ឋាភិបាល ទទូច​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា មានការ​ប្រុងប្រយ័ត្ន​ជាង​មុខ​តាមរយៈ​វិធានការ​ដូចជា ការរក្សា​អនាម័យ​ឲ្យ​បាន​ទៀងទាត់ ជៀសវាង​ការជួបជុំ​មនុស្ស​ច្រើន ការដាក់​ច​ត្តា​ឡី​ស័ក​បុគ្គល​ទើប​វិល​ត្រលប់​មកពី​បរទេស និង​វិធានការ​ផ្សេងៗ​ទៀត ដើម្បី​បង្ការ​ជំងឺឆ្លង​ជាស​កល​មួយ​នេះ កើតមាន​នៅក្នុង​ប្រទេស​។ ចំណាត់ការ​បែបនេះ គឺជា​ការការពារ បង្ការ​ករណី​កើនឡើង​ជាថ្មី និង​ចៀសវៀង មិន​ឲ្យ​មាន​ករណី​ឆ្លង​ជាថ្មី​ដូច​នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា កូរ៉េខាងត្បូង និង​ព្រុយ​ណេ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ជាដើម​។  
 
​ពាក់ព័ន្ធ​នឹង​រលក​ទី​លើក​ទី​២​នៃ​COVID-19 នេះ មាន​ប្រទេស​មួយចំនួន កំពុងតែ​ព្រួយបារម្ភ​ពី​ការកើនឡើង​ករណី​ជាថ្មី​។ តួយ៉ាង ព្រុយ​ណេ បន្ទាប់ពី​មិនបាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​តាំងពី​ថ្ងៃទី​១៩ ខែមេសា​កន្លងមក ប្រទេសមួយ​នេះ បាន​រកឃើញ​ករណី​ឆ្លង​ថ្មី ១​ករណី នា​ថ្ងៃទី​៦ ខែឧសភា និង​ថ្ងៃ​បន្ទាប់​មាន ២​ករណី​។ ចំណែក​នៅ​កូរ៉េខាងត្បូង​វិញ មានការ​កើនឡើង​ករ​ណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ជាច្រើន ដែលមាន​ពាក់ព័ន្ធ​នឹង​ក្លឹប​កម្សាន្ត ក្នុង​តំបន់​ពហុវប្បធម៌​Itaewon ដ៏​ល្បីឈ្មោះ​ប្រចាំ​រដ្ឋធានី​សេ​អ៊ូ​ល​។ គិត​ត្រឹម​ថ្ងៃទី​១១ កូរ៉េខាងត្បូង បាន​រកឃើញ​អ្នក​ឆ្លង ៧៥​នាក់ មាន​ពាក់ព័ន្ធ​នឹង​ក្លឹប​កម្សាន្ត ក្នុង​តំបន់ Itaewon​។ ដោយ​បារម្ភ​រលក​ឆ្លង​លើក​ទី​២ អាជ្ញាធរ​ក្រុង​សេ​អ៊ូ​ល បាន​បញ្ជា​ឲ្យ​បិទ​ក្លិប​កម្សាន្ត រង្គសាល​ទាំងអស់ និង​ត្រៀម​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ​ទីក្រុង ។ 
 
​យ៉ាងណាមិញ នៅ​ប្រទេស​ចិន ដែលជា​កន្លែង​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ដំបូង ក៏បាន​រកឃើញ​ករណី​ឆ្លង​ក្នុងស្រុក​ច្រើនជាង​មុខ​ដែរ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ នា​ថ្ងៃទី​១១ ខែឧសភា ចិន​បាន​រកឃើញ​ករណី​ឆ្លង​ក្នុងស្រុក​ចំនួន ១០​ករណី ក្នុងចំណោម​ករណី​រក​ឃើញ​១៧​ករណី​។ ជាពិសេស​នា​ថ្ងៃទី​១០ ខែឧសភា ទីក្រុង​វូ​ហាន​ប្រទេស​ចិន បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង COVID-19 ១​ករណី​ជាថ្មី​។ បន្ថែម​ពីលើ​នេះ ក្រុង​វូ​ហាន នា​ថ្ងៃទី​១១ ខែឧសភា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជា​បណ្តុំ​ចំនួន ៥​ករណី​បន្ថែមទៀត ក្នុងចំណោម ១៧​ករណី​ថ្មី​នៅ​ទូទាំងប្រទេស​។  ការរកឃើញ​នេះ ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ផ្ទុះ​COVID-19 ដំបូង​នេះ អាក់ខាន​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស តាំងពី​ថ្ងៃទី​៣ ខែមេសា​មកម្ល៉េះ​។ ដើម្បី​ទប់ស្កាត់​រលក​ឆ្លង​លើក​ទី​២ នៃ​COVID-19 រដ្ឋបាល​ក្រុង​ប៉េកាំង​បាន​បទបញ្ជា​ឲ្យ​ប្រជាជន​ចេះ​រក្សា​អនាម័យ​ជាង​មុន នៅ​ចម្ងាយ​ពីគ្នា ១​ម៉ែត្រ ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ហាម​ស្តោះ​ទឹកមាត់​ក្នុង​ទីសាធារណៈ និង​វិធានការ​ផ្សេងទៀត​។ ចំណែក​នៅ​តំបន់​ផ្សេងទៀត ចិន​ឲ្យ​ប្រជាជន​ពាក្យ​ម៉ាស់ ការដំឡើង​កម្មវិធី​ស្វែងរក COVID-19 ការរក្សា​គម្លាត​សុវត្ថិភាព ការរក្សា​អនាម័យ និង​វិធានការ​ជាច្រើន​ទៀត​។ 
 
​ចំណែក​នៅ​តំបន់​អឺរ៉ុប​វិញ ស្ថានភាព​ករណី​ឆ្លង COVID-19 បាន​ធ្លាក់ចុះ​ជា​លំដាប់​។ ការណ៍​នេះ បាន​បណ្តាល​ឲ្យ​រដ្ឋាភិបាល​ប្រទេសមួយ​ចំនួន បន្ធូរបន្ថយ​ការ​រឹតត្បិត ក៏ដូចជា​គម្រោង​លើក​ចោលការ​រឹតត្បិត​នៅក្នុង​ប្រទេស​ផងដែរ​។ ជាក់ស្តែង​អ៊ីតាលី និង​អេ​ស្ប៉ា​ញ បានអនុញ្ញាត​ឲ្យ​ប្រជាជន​នៅ​តំបន់​ខ្លះ​ចេញពីផ្ទះ​បាន​ហើយ​។ បើទោះបី​ជាមាន​ករណី​ឆ្លង​ធ្លាក់ចុះ​ក៏ពិតមែន ប៉ុន្តែ​បណ្តា​ប្រទេស​អឺរ៉ុប​នៅតែ​ព្រួយបារម្ភ​ពី​រលក​ឆ្លង​លើក​ទី​២ នៃ​កូ​រ៉ូ​ណាវី​រុស ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​ជាថ្មី ព្រោះ​នៅមាន​ករណី​មួយចំនួន​នៃ COVID-19 គេ​មិនទាន់​រកឃើញ និង​ទើបតែ​ឆ្លង​ថ្មី​។ នៅពេល​បណ្តាល​ប្រទេស​អឺរ៉ុប​បើក​ប្រទេស​ឡើងវិញ ការ​បំលាស់​ទី​របស់​មនុស្ស គឺ​កើតមាន​ជាថ្មី ហើយ​កូ​រ៉ូ​ណាវី​រុស នឹង​អាចមាន​ឡើងវិញ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ វ៉ាក់សាំង​ការពារ និង​ថ្នាំ​ព្យាបាល COVID-19 មិនទាន់​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ រកឃើញ​នៅឡើយ​ទេ ពោលគឺ​កំពុងស្ថិត​ក្នុងដំណាក់កាល​ការធ្វើ​តេស្ត​។ ក្នុងន័យនេះ ដរាបណា​វ៉ាក់សាំង មិនទាន់​ត្រូវបាន​គេ​រកឃើញ ហានិភ័យ​នៃ COVID-19 នៅតែមាន​កម្រិត​។ ដូចនេះ សូម​ចូលរួម​អនុវត្ត​ការថែរក្សា​អនាម័យ ការរក្សា​គម្លាត​សុវត្ថិភាព និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជាដើម​។ រលក​ឆ្លង​លើក​ទី​២ អាច​កើតមាន ឬក៏​អត់​គឺ​វា​អាស្រ័យ​លើ​រដ្ឋាភិបាល និង​ប្រជាជន ចេះ​សហការគ្នា ដើម្បី​បង្ការ​ករណី​ឆ្លង​ជាថ្មី នៃ​COVID-19 ៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com