កីឡាជាតិ
ជាតិ
កម្ពុជាគ្រោងបញ្ជូនអត្តពលិកជាង១០០នាក់ទៅហ្វឹកហាត់នៅចិន ដើម្បីត្រៀមស៊ីហ្គេម លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
× កម្ពុជាគ្រោងបញ្ជូនអត្តពលិកជាង១០០នាក់លើ១២ប្រភេទកីឡាទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន ក្រោយស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩នៅទីនោះមានភាពធូរស្រាល។ បច្ចុប្បន្នសហព័ន្ធទាំង១២កំពុងរៀបចំនិងធ្វើបច្ចុប្បន្នភាពកីឡាករ គ្រូបង្វឹក ដែលត្រូវបញ្ជូនទៅហ្វឹកហាត់។ ការបញ្ចូននឹងធ្វើឡើងនាអំឡុងខែវិច្ឆិកា ខាងមុខ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា សហព័ន្ធកីឡាជាតិទាំង១២ កំពុងរៀបចំ និងធ្វើបច្ចុប្បន្នភាពកីឡាករ និងគ្រូបង្វឹក ដើម្បីជ្រើសរើសទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន។ លោក ជំរុញឲ្យសហព័ន្ធយកចិត្តទុកដាក់ក្នុងការចម្រាញ់ជ្រើសរើសកីឡាករកីឡាការិនី ដែលមានសក្តានុពល និងឆន្ទៈក្នុងការហ្វឹកហាត់។
«យើងកំពុងឲ្យសហព័ន្ធរៀបចំ និងធ្វើបច្ចុប្បន្នភាពកីឡាករ គ្រូបង្វឹក ដែលត្រូវបញ្ជូនទៅហ្វឹកហាត់នៅប្រទេសចិន។ ការធ្វើបែបនេះ គឺដើម្បីឲ្យដឹងថា តើកីឡាករណាជាប់រៀន ឬមិនជាប់រៀន។ ពីមុនគាត់រៀបចំរួចហើយ គ្រាន់តែចង់ឲ្យពួកគាត់ពង្រឹងការហ្វឹកហាត់ខ្លួនឯងនៅផ្ទះ ដើម្បីពេលចប់គាត់មកហាត់នៅសហព័ន្ធបានប្រមាណ២ មុនបញ្ជូនទៅហ្វឹកហាត់នៅចិន»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។
បើតាមលោក វ៉ាត់ ចំរើន ការបញ្ជូនអត្តពលិកទៅហ្វឹកហាត់រយៈពេលវែងនៅចិននេះ គឺដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនាឆ្នាំ២០២១ និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
តាមគម្រោងកីឡាករកីឡាការិនីទាំង១១០រូប នឹងចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ ប៉ុន្តែក្នុងករណីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅចិនពុំមានភាពធូរស្រាល គម្រោងនេះនឹងត្រូវពន្យាពេលរហូតដល់ខែមីនា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ដែលអះអាងថា គម្រោងនេះអាចដំណើរការទៅបាន គឺអាស្រ័យលើការអនុញ្ញាតពីភាគីចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com