ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? ក្រៅពី​ទទួលទាន ក្រូចឆ្មារ​អាចយ​កមក​ប្រើ​ដោះស្រាយ​បញ្ហា​ទាំងនេះ​
12, May 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ធ្លាប់​ទទួលទាន​ក្រូចឆ្មារ ប៉ុន្តែ​ប្រហែលជា​មិនដែល​ចាប់អារម្មណ៍​ទេ​ថា​ក្រៅពី​យកមក​ធ្វើជា​ភេសជ្ជៈ​និង​គ្រឿងផ្សំ​បន្ថែម​រសជាតិ​ហើយ​នោះ ក្រូចឆ្មារ​អាច​ប្រើ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន​ផ្សេងទៀត​។​ថា​តើ​ក្រៅពី​ទទួលទាន​អ្នក​អាច​ប្រើប្រាស់​ក្រូចឆ្មារ​ធ្វើ​អ្វី​ទៀត​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​វិធី​ងាយៗ​ប្រើប្រាស់​ក្រូចឆ្មារ​ដោះស្រាយ​បញ្ហា​សុខភាព​សម្រស់ ៖

 
១. បំបាត់​ក្អក​
 
​អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​ម្ខាង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ រួម​បន្ថែម​ទឹកឃ្មុំ ១ ឬ ២ ស្លាបព្រា​ចូល​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​ឱ្យទាន់​នៅ​ក្ដៅ​ឧណ្ហៗ​។​
 
២. បំបាត់​អាកា​រៈ​ឈឺពោះ​ពេល​មក​រដូវ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់ ១ ផ្លែ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១​កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​។​
 
៣. បំបាត់​ស្នាម​អ៊ុច​ខ្មៅ​និង​ស្នាម​អាចម៍រុយ​
 
​អ្វីដែល​អ្នក​គ្រាន់តែ​លាយ​ស្ករស​មួយចំនួន​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ម៉ាស្សា​ល្បាយ​ថ្នមៗ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។ ទុកចោល​សម្រាប់​រយៈពេល ១០ នាទី ឬ​រហូតដល់​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្រៅ​ឧណ្ហៗ​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។ ហើយ​ត្រូវ​ប្រាកដថា​អ្នក​មិន​ចេញ​ក្រៅ​ត្រូវ​ពន្លឺព្រះអាទិត្យ​ក្រោយពី​លាបទឹក​ក្រូចឆ្មារ​រួច​។ សម្រាប់​អ្នក​ដែលមាន​របួស​លើ​ស្បែក​មិនគួរ​អនុវត្ត​រូបមន្ត​នេះឡើយ​។ ហើយ​រូបមន្ត​នេះ​ក៏​មិន​សាក​សម​សម្រាប់​អ្នក​ដែលមាន​ស្បែក​មុខ​ស្ដើង​ឆាប់​ប្រតិកម្ម​ដែរ​។​
 
៤. កម្ចាត់​អង្គែ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​កាត់​ក្រូចឆ្មារ​ទុំ​មួយ​ផ្លែ​ជា ២ កំណាត់​ច្របាច់​យក​ទឹក​។ បន្ទាប់មក​លាប​ទឹកក្រូច​ឆ្មារ​ផ្ទាល់​លើ​ស្បែកក្បាល​ដោយ​ម៉ាស្សា​ថ្នមៗ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​និង​ទុកចោល​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ មុននឹង​លាប​ពេញ​លើ​ស្បែកក្បាល អ្នក​គួរប្រើ​ប្រាស់​ទឹកក្រូច​ឆ្មារ​ត្រឹមតែ​បន្តិច​ទុកជា​ការសាកល្បង​សិន​ដើម្បី​ប្រាកដថា​វា​មិន​បង្ក​ការ​រលាក​ដល់​ស្បែក​។​
 
៥. បំបាត់​ស្ត្រេ​ស​
 
​ធ្លាប់​ដឹង​ទេ​ថា​អ្នក​អាច​ប្រើ​ក្រូចឆ្មារ​ជា​គ្រាប់​បាល់​បំបាត់​ស្ត្រេ​សបាន​ដោយ​គ្រាន់តែ​ញី ឬ​រំកិល​វា​លើ​ផ្ទៃ​រឹង​ណាមួយ​? ដើម្បី​កាត់បន្ថយ​ស្ត្រេ​ស​អ្នក​អាចដាក់​ក្រូចឆ្មារ ២ ផ្លែ​លើ​តុ ឬ​ផ្ទៃ​រាបស្មើ​ណា​ក៏បាន បន្ទាប់មក​ញី​ក្រូចឆ្មារ​ចុះឡើង​ជាមួយ​បាតដៃ​ទាំងសងខាង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com