COVID-19
អន្តរជាតិ
អ្នកជំងឺ COVID-19 ៥​នាក់ ស្លាប់​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នៅ​មន្ទីរពេទ្យ​មួយ​នៅ​រុស្ស៊ី​
12, May 2020 , 3:30 pm        
រូបភាព
ប្រភពរូប៖ ក្រសួងកិច្ចការអាសន្នរុស្ស៊ី
ប្រភពរូប៖ ក្រសួងកិច្ចការអាសន្នរុស្ស៊ី
ដោយ:
អគ្គិភ័យ​មួយ បានកើត​ឡើងក​នៅ​មន្ទីរពេទ្យ St. George ក្នុង​ទីក្រុង Saint Petersburg កាលពី​ថ្ងៃទី​១២ ខែឧសភា​។ ហេតុការណ៍​នេះ​បានសម្លាប់​អ្នកជំងឺ COVID-19 ចំនួន​៥​នាក់ ដែល​បាន​បំពាក់​ឧបករណ៍​ជំនួយការ​ដកដង្ហើម​។

 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងា​រដ្ឋ​រុស្ស៊ី Tass ដោយ​ដកស្រង់​សម្តី​មន្ត្រី​រុស្ស៊ី ហេតុការណ៍​ភ្លើង​ឆេះ​នេះ បាន​ផ្ទុះឡើង​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​មួយ (ICU) ហើយ​ត្រូវបាន​ពន្លត់​ដោយ​ជោគជ័យ​ត្រឹម​៣០​នាទី​។ ប្រភពព័ត៌មាន​ក្នុងស្រុក​រុស្ស៊ី​ដដែល អះអាងថា ឧបទ្ទវ​ហេតុនេះ អាច​បង្កឡើង​ដោយសារ​កំហុស​បច្ចេកទេស​នៃ​ឧបករណ៍​ជំនួយ​ដកដង្ហើម​មួយ​។ 
 
​ប៉ូលិស​ក្នុង​ទីក្រុង St. Petersburg ដែលជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​២​របស់​ប្រទេស​រុស្ស៊ី បាន​បើ​ល​ការស៊ើបអង្កេត​ក្នុង​ហេតុការណ៍​ឆាបឆេះ​នេះ​។ មែនទែនទៅ នេះ​ពុំមែន​ជា​ករណី​ភ្លើង​ឆេះ​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​លើក​ទី​១​ក្នុង​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​COVID-19​ក្នុងប្រទេស​រុស្ស៊ី​។ កាលពី​ថ្ងៃទី​៩ ខែឧសភា ករណី​ភ្លើង​ឆេះ​មួយ​បាន​ផ្ទុះឡើង​ក្នុង​មន្ទីរពេទ្យ Spasokukotsky ក្នុង​ទីក្រុង មូ​ស្គូ ដែល​សម្លាប់​អ្នកជំងឺ​ម្នាក់​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែឧសភា ប្រទេស​រុស្ស៊ី មាន​ករណី​ឆ្លង​COVID-19​សរុប​ជាង ២៣​ម៉ឺន​ករណី ក្នុងនោះ​ករណី​ថ្មី​ជាង​១​ម៉ឺន​នាក់ (២៤​ម៉ោង​) និង​អ្នកស្លាប់ ២១១៦​នាក់​។ បើតាម​វេ​ប​សាយ worldometers  អ្នកជា​សះស្បើយ​មាន ៤៣ ៥១២​នាក់ ខណៈ​អ្នកជំងឺ​ធ្ងន់ធ្ងរ​មាន​២៣០០​ករណី​៕ 

Tag:
 រុស្ស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com