កីឡាអន្តរជាតិ
អន្តរជាតិ
Mike Tyson ប្រកាស​កំញើញ​ក្នុង​វីដេអូ​ពេល​ហ្វឹកហាត់ ថា «​ខ្ញុំ​ត្រឡប់​មកវិញហើយ​»
13, May 2020 , 8:29 am        
រូបភាព
Mike Tyson អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក បាន​បន្ត​ល​លែង​ជាមួយ​អ្នកគាំទ្រ​កីឡាប្រដាល់​ជុំវិញ​ការវិលត្រឡប់​ទៅកាន់​សង្វៀន​ជាថ្មី​តាមរយៈ​ការ​បង្ហោះ​វីដេអូ​ហ្វឹកហាត់​មួយ​ផ្សេងទៀត​នៅលើ​បណ្តាញ​សង្គម Instagram​។ Tyson នៅតែ​បញ្ជាក់​ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​នៅ​ថ្ងៃទី​១១ ខែឧសភា​ថា​ខ្លួន​នឹង​«​ត្រឡប់មកវិញ​»​។​



​អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក​វ័យ ៥៣ ឆ្នាំ​រូបនេះ​បានទទួល​ការចាប់អារម្មណ៍​ពី​ពិភព​ប្រដាល់​កាលពី​សប្តាហ៍​មុន​នៅពេល​រូបគេ​បាន​បង្ហោះ​វីដេអូ​ខ្លី​អំពី​ការហ្វឹកហាត់​ដោយ​បង្ហាញថា​ខ្លួន​នៅតែមាន​ថាមពល និង​ល្បឿន​វាយ​ចេញ​លឿនៗ​។ Tyson ក្លាយជា​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ដំបូង​គេ​ដែល​ក្តោប​បាន​ខ្សែក្រវាត់​ពិភពលោក WBA, WBC និង IBF ។​
 
Tyson បាន​ប្រ​លយ​ពាក្យ​ថា គ្រោង​នឹង​ពាក់​ស្រោមដៃ​ប្រដាល់​របស់ខ្លួន​វិញ​សម្រាប់​យុទ្ធនាការ​សប្បុរសធម៌​មួយ​ដើម្បី​រៃអង្គាសប្រាក់​។ ខ្សែ​វីដេអូ​ថ្មី​បំផុត​ដែល​បាន​បង្ហោះ​នោះ Tyson បាន​ស្រែក​ខ្លាំងៗ​អំឡុងពេល​ហ្វឹកហាត់​ដើម្បី​បង្ហាញ​ពី​ថាមពល​ដ៏​សាហាវ​ដែល​មើលទៅ​គួរ​ឲ្យ​ខ្លាច​បំផុត​។​

 
​ចាប់តាំងពី Tyson បាន​ប្រាប់​ពី​ការវិលត្រឡប់ មាន​អ្នក​ចង់​ប្រកួតប្រជែង​ជាមួយ​ជាច្រើន​តម្រង់​ជួរ​គ្នា​ដោយ​ក្នុងនោះ​ត្រូវបាន​គេ​ជឿជាក់ថា​នឹងត្រូវ​ប៉ះ Iron Mike​។ តាមពិត Mike ជា​កីឡាករ​បាល់ឱប​ដ៏​អស្ចារ្យ​របស់​ណូ​វែ​ល​សេ​ឡង់ ហើយ​អ្នក​ទាំងពី​អាច​នឹង​ប៉ះគ្នា​ក្នុងការ​ប្រកួត​សប្បុរសធម៌​ប៉ុណ្ណោះ​។​
 
​ក្រៅពីនោះ កីឡាករ​បាល់ឱប​អូស្ត្រាលី Paul Gallen ក៏ត្រូវ​បាន​គេ​មើលឃើញថា​ជា​គូប្រជែង​ដ៏​មាន​សក្តានុពល​ជាមួយ Tyson ផងដែរ​។ អ្វីដែល​ពិសេស​ទៅទៀត​នោះ វីរបុរស​កីឡាប្រដាល់ Evander Holyfield ក៏​ធ្លាប់​បានប្រកាស​ឈាន​ជើង​ចូល​សង្វៀន​ជាថ្មី​នៅ​អាយុ ៥៧ ឆ្នាំ បន្ទាប់ពី​អតីត​គូប្រជែង​ចាស់ Tyson ប្រកាស​ត្រឡប់មកវិញ​នោះ​។​
 
Tyson និង Holyfield ធ្លាប់ជា​សត្រូវ​ស៊ីសាច់ហុតឈាម​នឹង​គ្នា​នៅលើ​សង្វៀន​អំឡុង​ឆ្នាំ​៩០ ដោយបាន​ប៉ះគ្នា​ពីរលើក​រួចហើយ​ក្នុងនោះ Holyfield ឈ្នះ​១​លើក និង​គ្មាន​លទ្ធផល​មួយ​លើក​។ ប្រសិនបើ​អ្នក​ទាំងពីរ​ពិតជា​ប៉ះគ្នា​មែន​នោះ​នឹង​ក្លាយជា​ជំនួប​លើក​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​មិន​ខាន​៕
 

Tag:
 Mike Tyson
  Boxing
© រក្សាសិទ្ធិដោយ thmeythmey.com