អន្តរជាតិ
កូរ៉េខាងត្បូង ដំឡើង​អាយុ​អាច​រួមភេទ​ស្របច្បាប់បាន​ពី​១៣​ទៅ​១៦​ឆ្នាំ​
13, May 2020 , 8:39 pm        
រូបភាព
ដោយ:
កូរ៉េខាងត្បូង បានសម្រេច​ដំឡើង​អាយុ​ដែល​អាច​រួមភេទ​បាន​ពី​១៣​ឆ្នាំ​ទៅកាន់​១៦​ឆ្នាំ ខណៈ​រដ្ឋាភិបាល​ចង់​ពង្រឹង​កិច្ច​គាំ​​ពារ​សម្រាប់​អនីតិជន បន្ទាប់ពី​មានការ​ចោទប្រកាន់ថា ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​រំលោភ​សេព​ព​សន្ថវៈ​បច្ចុប្បន្ន​នៅ​ខ្សោយ​។

 
​ក្រោម​ច្បាប់​ដែល​កែតម្រូវ​នេះ នីតិជន (​មនុស្សពេញវ័យ​) ដែល​រួមភេទ​ដៃគូ​អាយុ​ក្រោម​១៦​ឆ្នាំ នឹងត្រូវ​កាត់ទោស​ពីបទ​ចោទ​រំលោភបំពាន​ផ្លូវភេទ​កុមារ ឬ​រំលោភ​សេពសន្ថវៈ ដោយ​មិន​រាប់បញ្ចូល​ការព្រមព្រៀង​ឡើយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​កន្លងទៅ ក្មេង​វ័យ​ជំទង់​អាយុ​១៣​ឆ្នាំ ឬ​ច្រើនជាង​នេះ ត្រូវ​ចាត់ទុក​តាមផ្លូវ​ច្បាប់​ថា​មាន​សិទ្ធិ​រួមភេទ​។ ការណ៍​បង្ក​ទៅជា​ករណី​ចម្រូងចម្រាស​ជាច្រើន ហើយ​ក្រុម​អ្នក​រិះគន់ អះអាងថា ក្រុម​ជនល្មើស​រំលោភ​សន្ថវៈ បាន​រួច​ផុតពី​សំណាញ់​ច្បាប់​ដែលមាន​ភាព​ធូររលុង​។ 
 
​តួយ៉ាង ក្នុង​ឆ្នាំ​២០១៧ បុរស​កូរ៉េខាងត្បូង​អាយុ​៤២​ឆ្នាំ​ម្នាក់ ត្រូវបាន​រកឃើញថា​គ្មាន​ទោសកំហុស​ពីបទ​រំលោភ​លើ​នារី​អាយុ​១៥​ឆ្នាំ​ម្នាក់ ដែល​សំអាងថា នាង​បាន​យល់ព្រម​ប្រព្រឹត្ត​។ រឿងក្តី​នេះ​បង្ក​ជា​សាធារណជន​ផ្ទុះ​កំហឹង និង​ស្នើ​ឲ្យ​ដំឡើង​អាយុ​ដែល​អាច​រួមភេទ​បាន​ដែល​បានកំណត់​។ 
 
​ទោះបីជា​សេដ្ឋកិច្ច​និង​បច្ចេកវិទ្យា​ជឿនលឿន​ក៏ពិតមែន ប្រទេស កូរ៉េខាងត្បូង នៅតែ​ជា​សង្គម​បែប​ប្រពៃណី​និង​គ្រប់គ្រង​ដោយ​បុរស​។ ក្នុងសង្គម​បែបនេះ ជនរងគ្រោះ​ដោយសារ​ការរំលោភ​ផ្លូវភេទ ត្រូវ​សើចចំអក​នៅពេល​រឿង​លាតត្រដាង​។ 
 
​អាយុ​ដែល​អាច​រួមភេទ​បាន ត្រូវបាន​ដំឡើង​ទៅកាន់​១៦​ឆ្នាំ ក្នុង​គោលដៅ​ការពារ​ក្មេង​វ័យ​ជំទង់​ពី​ឧក្រិដ្ឋកម្ម​ផ្លូវភេទ​នៅ​កម្រិត​មូលដ្ឋាន​។ ក្រសួងយុត្តិធម៌​កូរ៉េខាងត្បូង ប្រកាស​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍ ដោយ​បន្ថែមថា ច្បាប់​ដែល​ធ្វើ​សោធន​កម្មនេះ ក៏​លុបចោល​ច្បាប់​កំណត់​អាយុ​នៃ​បណ្តឹង​ដើមចោទ​ប្រឆាំង​អនីតិជន​ក្រោម​១៣​ឆ្នាំ​ផងដែរ​។ 
 
 

Tag:
 កូរ៉េខាងត្បូង​
  អាយុ​រួមភេទ
© រក្សាសិទ្ធិដោយ thmeythmey.com