COVID-19
អន្តរជាតិ
លោកយាយ​អាយុ​១១៣​ឆ្នាំ​នៅ​អេ​ស្ប៉ា​ញ ជាសះស្បើយ​ពី​ជំងឺ​COVID-19
13, May 2020 , 9:39 pm        
រូបភាព
មន្ទីរពេទ្យនៅអេស្ប៉ាញ។រូបភាពAFP
មន្ទីរពេទ្យនៅអេស្ប៉ាញ។រូបភាពAFP
ដោយ:
​ស្ត្រី​វ័យ​១១៣​ឆ្នាំ ដែល​គេ​ជឿថា​ជាម​នុស្ស​ដែលមាន​វ័យ​ចំណាស់​ជាងគេ​នៅ​អេ​ស្ប៉ា​ញ បានជា​សះស្បើយ​ពី​ជំងឺ​COVID-19​ហើយ ខណៈ​មនុស្ស​ចាស់​ជាច្រើន​នាក់​នៅក្នុង​ផ្ទះ​ថែទាំ​អ្នក​ចូល​និវត្ត​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​

 
​លោកយាយ Maria Branyas ដែល​កើត​នៅ​សហរដ្ឋអាមេរិក បាន​ឆ្លង​ជំងឺ​COVID-19​ក្នុង​ខែមេសា នៅផ្ទះ​ថែទាំ​មនុស្ស​ចាស់ Maria del Tura ភាគ​ខាងកើត​ទីក្រុង Olot ដែលជា​កន្លែង​ដែល​លោកស្រី​រស់នៅ​ជាង​២០​ឆ្នាំ​មកហើយ​។ នៅពេល​ដឹងថា​មាន​ជំងឺ​COVID-19 លោកយាយ Branyas ត្រូវ​បានដាក់​ក្នុង​បន្ទប់​ដាច់ដោយឡែក​ដើម្បី​ព្យាបាល​ជំងឺ​។​
 
​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP អ្នកនាំពាក្យ​កន្លែង​មើលថែ​មនុស្ស​ចូលនិវត្តន៍ បាន​អះអាងថា  គាត់​បានជា​សះស្បើយ​ពី​ជំងឺ និង​មាន​សុខភាព​ល្អ​។ ដោយ​បន្ថែមទៀតថា គាត់​មាន​អារម្មណ៍ល្អ ហើយ​បានធ្វើ​តេស្ត​កាលពី​សប្តាហ៍​មុន​ដោយ​ចេញ​លទ្ធផល​អវិជ្ជមាន​។ 
 
​លោកយាយ​អាយុ​១១៣​ឆ្នាំ Branyas ដែលមាន​កូន​បី​អ្នក ត្រូវ​បានដាក់​ក្នុង​បន្ទប់​ដាច់ដោយឡែក​ជាច្រើន​សប្តាហ៍ និង​មាន​អ្នកធ្វើការ​ម្នាក់​ទៅពិនិត្យ​សភាព​របស់​លោកស្រី​។ លោកយាយ​កើត​នៅ​ថ្ងៃទី​០៤ មីនា ឆ្នាំ​១៩០៧ បន្ទាប់មក​រស់នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​កូ ។ គ្រួសារ​លោកយាយ មក​រស់នៅ​អេ​ស្ប៉ា​ញ​អំឡុងពេល​សង្គ្រាមលោកលើកទី​២ លោកយាយ​រស់​ឆ្លងកាត់​ជំងឺ​ផ្តាសាយ​អេ​ស្ប៉ា​ញ និង​សង្គ្រាមស៊ីវិល​អេ​ស្ប៉ា​ញ​ពី​ឆ្នាំ​១៩៣៦​ដល់​១៩៣៩​។​
 
​អេ​ស្ប៉ា​ញ ជា​ប្រទេសមួយ​ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​ជំងឺ​COVID-19​។ យោងតាម​តួរ​លេខ​របស់​ក្រសួងសុខាភិបាល ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​COVID-19 មាន​ចំនួន​ជាង​២​ម៉ឺន​៧​ពាន់​នាក់​។ គួរបញ្ជាក់​ផងដែរ​ថា នៅ​អេ​ស្ប៉ា​ញ ក៏ដូចជា​នៅក្នុង​អឺរ៉ុប​ជាទូទៅ មនុស្ស​វ័យ​ចំណាស់​ជា​អ្នក​ឆាប់​រងគ្រោះ ហើយ​ជំងឺ​COVID-19​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​វ័យ​ចំណាស់​ជាច្រើន​ដែល​រស់នៅ​ក្នុងផ្ទះ​សម្រាប់​អ្នក​ចូលនិវត្តន៍​៕

© រក្សាសិទ្ធិដោយ thmeythmey.com