Klopp៖ ទោះ Ronaldo ល្អឥតខ្ចោះ តែ​ខ្ញុំ​ពេញចិត្ត Messi ជាង​
កីឡាអន្តរជាតិ
អន្តរជាតិ
Klopp៖ ទោះ Ronaldo ល្អឥតខ្ចោះ តែ​ខ្ញុំ​ពេញចិត្ត Messi ជាង​
13, May 2020 , 10:19 pm        
រូបភាព
លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​ក្រុម Liverpool សារភាពថា​លោក​ចូលចិត្ត Lionel Messi ជាង Cristiano Ronaldo ទោះបី​លោក​ធ្លាប់​អះអាងថា​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Juventus រូបនេះ​ស្ទើរតែ​ជា​កីឡាករ​បាល់ទាត់​ល្អឥតខ្ចោះ​ក៏ដោយ​។​

 
Messi តារា​ឆ្នើម​របស់ Barcelona និង​ប្រធាន​ក្រុម​ម្រើ​ស​ជាតិ​ព័រ​ទុយ​ហ្គា​ល់ Ronaldo ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​នា​សម័យកាល​នេះ ប៉ុន្តែ​ក៏​មិនទាន់មាន​អ្នកជំនាញ​រូប​ណា​អាច​វាយតម្លៃ​បាន​ថា​អ្នក​ទាំងពីរ​នរណា​ល្អ​ជាង​ន​ណា​នៅឡើយ​នោះទេ​។​
 
​ស្របពេល​គ្នា​នេះ​លោក Klopp បានបង្ហាញ​ការចាប់អារម្មណ៍​លើ​កីឡាករ​ទាំងពីរ​ដោយ​សរសើរ​ពួកគេ​សម្រាប់​យុគសម័យ​នៃ​ភាព​លេចធ្លោ​ដោយ​អាច​គ្រង​ពាន​កីឡាករ​ឆ្នើម​បំផុត​របស់​ពិភពលោក Ballons d'Or ចំនួន​១១​លើក ក្នុងចំណោម​ការប្រកាស​ពាន​រយៈពេល​១២​ឆ្នាំ​ចុងក្រោយ​។ Messi ឈ្នះ Ballons d'Or ៦​សម័យ ឯ Ronaldo ទទួលបាន​៥​ដង​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ដែល​ជួយ Liverpool ឈ្នះ Champions League រូបនេះ បាន​កោតសរសើរ​ចំពោះ​ការកសាង​រាងកាយ​របស់ Ronaldo ប៉ុន្តែ​បាន​និយាយថា Messi ប្រធាន​ក្រុម​អា​ហ្ស​ង់​ទីន​វ័យ​៣២​ឆ្នាំ អាចបង្កើត​វេទមន្ត​នៅលើ​ទីលាន​ដែល​មើលទៅ​ពិត​ជាមាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​បាល់ និង​បង្កើត​ឱកាស​ជាដើម​។​
 
Klopp បាន​ប្រាប់​បណ្តាញ Youtube ឈ្មោះ Freekickerz ថា​៖«​សម្រាប់​ខ្ញុំ​គឺ Messi ប៉ុន្តែ​ខ្ញុំ​មិនអាច​សរសើរ Ronaldo ច្រើនជាង​អ្វីដែល​ខ្ញុំ​ធ្លាប់​បានធ្វើ​នោះទេ​»​។ 
 
​លោក​បាន​ពន្យល់​ពី​ហេតុផល​ខាងលើ​ថា​៖«​យើង​ធ្លាប់បាន​ប្រកួត​ជាមួយ​ក្រុម​ដែលមាន​អ្នក​ទាំងពីរ​រួចហើយ ហើយ​ស្ទើរតែ​មិនអាច​ការពារ​បាន​។ Messi មាន​រាងកាយ​តូច​ទាប​តាំងពី​កំណើត​។ ប្រសិនបើ​អ្នក​គិតថា​កីឡាករ​ល្អឥតខ្ចោះ​នោះ​គឺ Ronaldo ដែលមាន​កម្ពស់​ខ្ពស់ គាត់​អាច​លោត​បាន​ខ្ពស់ រត់​បាន​លឿន និង​សម្រេច​ទី​បានល្អ សរុបទៅ​គាត់​ពិតជា​ល្អឥតខ្ចោះ​។ Messi តូច​មែន​តែ​រូបគេ​បានធ្វើ​ឲ្យ​អ្វីៗ​លើ​ទីលាន​មាន​ភាពសាមញ្ញ​បំផុត ដូច្នេះហើយ​ខ្ញុំ​ចូលចិត្ត​គាត់​ជាង Ronaldo បន្តិច​ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​»​។​
 
Klopp ក៏បាន​លើកឡើង​ដែលថា សព្វថ្ងៃ​មាន​កីឡាករ​វ័យក្មេង​មួយចំនួន​ដែលមាន​សក្តានុពល​ប្រហាក់ប្រហែល​នឹង Messi និង Ronaldo ដែរ ប៉ុន្តែ​នៅ​មិនទាន់​ដល់​វេន​របស់​ពួកគេ​នៅឡើយ ទេ​៕

Tag:
 Jurgen Klopp
  Lionel Messi
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com